(ភ្នំពេញ)៖ ភពសុក្រជាភពដែលស្ថិតនៅចម្ងាយជិតផែនដីបំផុត ក្នុងចំណោមភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានវាទំហំស្ទើរប៉ុនផែនដីយើងទៅហើយ ដោយវាប្រើពេល ២២៤.៧ថ្ងៃផែនដី ដើម្បីគោចរមួយជុំព្រះអាទិត្យ ដែលយើងហៅថា មួយឆ្នាំនៃភពសុក្រនោះ។ ជាក់ស្តែងភពនេះ មានលក្ខណៈដូចផែនដីត្រង់ទំហំ សណ្ឋានដី និងពពក ប៉ុន្តែវាខុសត្រង់សីតុណ្ហភាពដូចមេឃហ្នឹងដី ដោយផែនដីមានសីតុណ្ហភាពក្តៅខ្លាំងតែជាង ៥០អង្សាសេប៉ុណ្ណោះ ខណៈភពសុក្រ ជាមធ្យមគឺជាង ៤០០អង្សាសេ ដែលអាចរំលាយសំនរបាន។
ងាកមកចំណុចសំខាន់វិញ ការយល់ឃើញរបស់ប្រជាជនខ្មែរយើង ឬក៏អាចជាតិសាសន៍ដទៃៗទៀតដែរតាំងពីបុរាណមក គឺមានលក្ខណៈខុសចំពោះភពនេះ ដោយចំណុចខុសនោះ គឺយើងចាត់ទុកវាថាជា «ផ្កាយមួយឌួង» ទៅវិញ។ តាមពិតពាក្យថា ផ្កាយ ព្រះអាទិត្យ និងតារា គឺមានអត្ថន័យតែមួយប៉ុណ្ណោះ ដែលសំដៅទៅលើវត្ថុបញ្ចេញពន្លឺ និងមានភពវិលជុំវិញ ខណៈភពសុក្រគ្រាន់តែកូននៃផ្កាយ ដូចជាផែនដីយើង និងរង់ចាំទទួលពន្លឺពីផ្កាយរបស់វាប៉ុណ្ណោះ ដោយមិនអាចបញ្ចេញពន្លឺបានដោយខ្លួនឯងនោះឡើយ។
ចំណុចមួយទៀតនោះ គឺភពសុក្រត្រូវបានគេឲ្យឈ្មោះថា ផ្កាយព្រឹក (នៅពេលព្រះអាទិត្យរៀបរះ) និងផ្កាយចោរ (នៅព្រះអាទិត្យលិចបាត់)។ មនុស្សពីសម័យមុនបានគិតថា ផ្កាយព្រឹក និងផ្កាយចោរខុសគ្នា តែតាមពិតទៅវា គឺភពសុក្រតែមួយនោះហើយ ដោយសារតែវាគោចរនៅមិនឆ្ងាយពីផែនដី ដូច្នេះយើងអាចមើលឃើញវាគ្រប់រដូវកាល និងរឹតតែច្បាស់នៅពេលមេឃស្រឡះពេលយប់ និងគ្មានពន្លឺព្រះច័ន្ទ។
សរុបសេចក្តីមក ភពសុក្រអាចបញ្ចេញពន្លឺបាន ក៏ដោយសារតែពពករបស់វា មានពណ៌ស-លឿង ដែលពណ៌របៀបនេះ ពេលត្រូវជាមួយនឹងពន្លឺខ្លាំង (ពន្លឺព្រះអាទិត្យ) វានឹងជះត្រឡប់មកវិញឲ្យយើងឃើញនៅលើផ្ទៃមេឃផែនដី នៅពេលដែលរស្មីសូរិយាមិនទាន់បញ្ចេញ ឬរលត់ទៅ។ អរគុណដល់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្ររាប់ជំនាន់មកនេះ ដែលបានធ្វើការស្រាវជ្រាវ និងរកឃើញនូវអាថ៌កំបាំងជាច្រើន ប្រកបដោយអំណះអំណាងត្រឹមត្រូវ ដែលអាចឲ្យមនុស្សដឹងនូវអ្វីដែលជាការពិត នៅក្នុងចក្រវាឡនេះ។
លក្ខណៈវិសេសបន្ថែម៖ ភពសុក្រវិលយឺតខ្លាំងរហូតដល់មួយថ្ងៃលើវា យូរជាងមួយឆ្នាំរបស់វាទៅទៀត, ភពសុក្រវិលបញ្ច្រាសទ្រនិចនាឡិកា, ភពសុក្រមានបរិយាកាសក្រាស់ជាងផែនដី ៩០ដង, ភពសុក្រមានកម្លាំងទំនាញប្រហាក់ប្រហែលផែនដី (០.៩ bar), និងពពកក្រាស់គ្របផិតផ្ទៃភពសុក្រទាំងមូល ដោយគ្មានថ្ងៃយើងអាចមើលឃើញផ្ទៃភពសុក្រពីកែវយឺតនោះឡើយ៕
រៀបរៀងដោយ៖ Cambo Space