NASA ប្តូរដាក់រូប Profile មួយសន្លឹកនេះ និងកំពុងធ្វើឲ្យគ្រប់គ្នា.តក់.ស្លុត (កម្តៅកើនឡើងខុសប្រក្រតី) (វីដេអូ)

(បរទេស)៖ អំលុងចុងខែសីហា ឆ្នាំ២០២៤នេះ ទំព័រហ្វេសបុក (page) ផ្លូវការមួយរបស់អង្គការ NASA មានឈ្មោះថា NASA Climate Change ដែលមានអ្នកតាមដាន (followers) ប្រមាណ ១.៦លាននាក់ទូទាំងពិភពលោកនោះ បានប្តូររូប Profile ថ្មី ដែលបាននិងកំពុងធ្វើឲ្យមនុស្សជាច្រើនតក់ស្លុត រួមទាំងអ្នកតាមដានជាច្រើននៅប្រទេសកម្ពុជាយើងផងដែរ។

Video From YouTube: Cambo Space Edu)

ប៉ុន្តែ, នេះមិនមែនជារឿងថ្មីនោះទេ ព្រោះរបាយការណ៍អំពីភាពមិនប្រក្រតី នៃធាតុអាកាសភពផែនដីនេះ (ការកើនឡើងកម្តៅយ៉ាងគំហុកនៅទូទាំងពិភពលោក) ត្រូវបាន NASA បញ្ចេញដំបូងតាំងតែពីខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។ ដូច្នេះ Cambo Space សូមធ្វើការបកស្រាយត្រួសៗជូនប្រិយមិត្តឡើងវិញ។

(រូបភាពពី NASA)
  • តើរូប Profile ថ្មីរបស់ទំព័រហ្វេសបុក NASA នោះមានន័យដូចម្តេច?

យោងតាមលទ្ធផលវិភាគរបស់ NASA បានឱ្យដឹងថា សីតុណ្ហភាពជាមធ្យម លើផ្ទៃផែនដីក្នុងឆ្នាំ២០២៣កន្លងទៅនេះ គឺក្តៅបំផុតមិនធ្លាប់មាននៅក្នុងកំណត់ត្រា។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានសិក្សាផ្នែកអវកាស (Goddard Institute for Space Studies ឬ GISS) របស់អង្គការ NASA នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា សីតុណ្ហភាពសកលលោកនៅឆ្នាំ២០២៣ គឺមានកម្រិត «១.១អង្សាសេ» លើសពីមធ្យមភាគដែល NASA បានយកមកធ្វើជាមូលដ្ឋានព្យាករណ៍ (ឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៨០) នោះទៅទៀត ឬមានន័យថា ឆ្នាំ២០២៣ កន្លងទៅនេះ គឺក្តៅជាងការព្យាករណ៍ទុកមុនរហូតដល់ទៅ ១.១អង្សាសេឯណោះ។

ស្ថានភាពសីតុណ្ហភាពផ្ទៃផែនដីនៅឆ្នាំ១៩៥៣ (រូបភាពពី NASA/Goddard)

កាលពីអំលុងឆ្នាំ២០២៣ មនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោក បានជួបប្រទះនឹង «រលកកម្តៅកម្រិតខ្លាំង» ហើយរៀងរាល់ខែចាប់ពីខែមិថុនា ដល់ខែធ្នូ នៃឆ្នាំ២០២៣នោះ ក៏បានបង្កើតកំណត់ត្រាថ្មី «ជាខែក្តៅបំផុតមិនធ្លាប់មាន» សម្រាប់ខែទាំង៦នេះផងដែរ ខណៈខែកក្កដា ឆ្នាំ២០២៣ គឺជាខែកក្កដាដែលក្តៅបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រា។ សរុបមក ភពផែនដីមានសីតុណ្ហភាពប្រហែលប្រហែល ១.៣៦អង្សាសេ ក្តៅជាងសីតុណ្ហភាពកម្រិតមធ្យមនៅចុងសតវត្សរ៍ទី១៩ នៅមុនពេលដែលកំណត់ត្រាសម័យទំនើបចាប់ពីឆ្នាំ១៩៥១ (ពាក់កណ្តាលសតវត្សរ៍ទី២០) បានចាប់ផ្តើមធ្វើឡើង។

(រូបភាពពី NASA/Goddard)

ជុំវិញបញ្ហានេះ លោក ហ្គាវីន ស្កាមីដត៍ (Gavin Schmidt) នាយកវិទ្យាស្ថាន GISS របស់ NASA បានពន្យល់ថា «ការឡើងកម្តៅលើសពីការរំពឹងទុក ដែលយើងកំពុងជួបប្រទះនេះ មិនមែនជាអ្វីដែលយើងធ្លាប់បានឃើញពីមុនមកនោះទេ…។ វាត្រូវបានជំរុញជាចម្បងដោយ កត្តាមនុស្ស ដែលនៅបន្តការប្រើប្រាស់ប្រេងឥន្ធនៈ ហើយយើងកំពុងមើលឃើញ ផលប៉ះពាល់ដូចជា រលកកម្តៅកើនឡើង ភ្លៀងធ្លាក់យ៉ាងគំហុក និងគ្រោះទឹកជំនន់​ញឹកញាប់នៅតាមតំបន់ជាប់ឆ្នេរសមុទ្រជាដើម…»។

ទោះបីជាអ្នកវិទ្យាសាស្ត្រមានភស្តុតាង ដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់ថា និន្នាការឡើងកំដៅរយៈពេលវែងរបស់ភពផែនដីនេះ បាននិងកំពុងត្រូវបានជំរុញ ដោយសកម្មភាពរបស់មនុស្សលោកក៏ដោយ ក៏ពួកគេនៅតែពិនិត្យមើល «ព្រឹត្តិការណខ្លះទៀត» ដែលអាចមានឥទ្ធិពលលើ ការប្រែប្រួលសីតុណ្ហភាពធាតុអាកាសប្រចាំឆ្នាំ ឬជាច្រើនឆ្នាំជាប់ៗគ្នាផងដែរដូចជា «បាតុភូតរលកកម្តៅ អ៊ែល នីញ៉ូ (El Nino), ការបំពុលខ្យល់អាកាសតាមរយៈសារធាតុគីមីផ្សេងៗផលិតដោយមនុស្ស និងបន្ទុះភ្នំភ្លើងជាដើម»។

ស្ថានភាពសីតុណ្ហភាពផ្ទៃផែនដីនៅឆ្នាំ២០២៣ (រូបភាពពី NASA/Goddard)

សរុបសេចក្តីមក ផែនទី (រូប profile ថ្មីរបស់ផេក NASA Climate Change) ដែលមានពណ៌ក្រហម ទឹកក្រូច លឿង និងខៀវនេះ គឺបង្ហាញអំពីដំណើរផ្លាស់ប្តូរដ៏មិនធម្មតា នៃសីតុណ្ហភាពទូទាំងសកលលោក។ សម្រាប់សីតុណ្ហភាពនៅកន្លែងដែលធម្មតា (មិនមានការប្រែប្រួលខុសប្រក្រតី) ត្រូវបានបង្ហាញជាពណ៌ស, ខ្ពស់ជាងសីតុណ្ហភាពធម្មតាត្រូវបានបង្ហាញជាពណ៌ក្រហម ហើយទាបជាងសីតុណ្ហភាពធម្មតា ត្រូវបានបង្ហាញជាពណ៌ខៀវ

សីតុណ្ហភាពកម្រិតធម្មតា ដែលអង្គការ NASA បានយោងទៅលើនោះ គឺជាលទ្ធផលមូលដ្ឋានសម្រាប់ជាបង្អែកដល់ការសិក្សាប្រៀបធៀបមកទល់នឹងបច្ចុប្បន្ន ហើយក៏ជាលទ្ធផលដែលត្រូវបានគណនាក្នុងរយៈពេល ៣០ឆ្នាំពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៨០នោះឯង ខណៈរូប Profile ថ្មីរបស់ផេក NASA Climate Change នេះ គឺតំណាងឲ្យភាពមិនប្រក្រតីនៃសីតុណ្ហភាពភពផែនដី កាលពីឆ្នាំ២០២៣

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/Goddard (ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤)

Comments (0)
Add Comment