(អវកាស)៖ វិស័យអវកាស និងវិទ្យាសាស្ត្រតែងតែមានអ្វីថ្មីៗ ដែលត្រូវបានរកឃើញជាប្រចាំ ពីព្រោះនៅក្នុងចក្រវាឡមួយនេះ អាថ៌កំបាំងច្រើនរាប់មិនអស់ នៅតែរង់ចាំមនុស្សធ្វើការបកស្រាយ ពីមួយជំនាន់ទៅមួយជំនាន់។ ខាងក្រោមនេះគឺជាកម្រងរូបភាពទាំង ០៥សន្លឹក អំពីភពផែនដី និងបាតុភូតនៅទីអវកាស៖

១៖ សំណល់ពីបន្ទុះសូពើណូវ៉ា៖ កែវយឺតអវកាស Hubble ដ៏ល្បីល្បាញ និងមានវ័យជាង ៣០ឆ្នាំទៅហើយនោះ បានផ្តិតយករូបភាព នៃសំណល់ពីបន្ទុះស៊ូពើណូវ៉ា (Supernova) ដែលគេដាក់ឈ្មោះឲ្យថា 1E 0102.2-7219 ស្ថិតនៅចម្ងាយ ២សែនឆ្នាំពន្លឺពីផែនដី ដែលបានកើតមានឡើង កាលពី ១,៧០០ឆ្នាំមុន ឬកាលពីសម័យអតីតចក្រភពរ៉ូមុំាង។ មនុស្សម្នារស់នៅ តំបន់អឌ្ឍគោលខាងជើងភពផែនដី ពិតជាបានឃើញបាតុភូតនោះមិនខាន បើទោះបីជាមិនមានកំណត់ត្រា ផ្នែកប្រវត្តិសាស្ត្រណាមួយក៏ដោយ។

២៖ ព្រិលទឹកកកគ្របដណ្តប់អេស្ប៉ាញ៖ រូបភាពពីផ្កាយរណប Copernicus Sentinel-3 របស់អង្គការអវកាសអឺរ៉ុប ESA បានផ្តិតយករូបភាពពីទីអវកាស នៅលើប្រទេសអេស្ប៉ាញ នៅវេលាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ក្នុងរូបភាពនេះយើងអាចមើលឃើញ មួយផ្នែកធំនៃភាគកណ្តាល, ខាងកើត, ខាងជើង និងឦសានប្រទេសអឺរ៉ុបមួយនេះ ត្រូវបានព្រិលគ្របដណ្តប់ពាសពេញតែម្តង។

៣៖ ដំណឹងល្អអំពីភពព្រហស្បតិ៍៖ អង្គការ NASA បានសម្រេចចិត្ត អូសបន្លាយពេលធ្វើប្រតិបត្តិយាន Juno រយៈពេល ០៥ឆ្នាំទៀត គឺរហូតដល់ខែកញ្ញា ឆ្នាំ២០២៥។ ផ្កាយរណបអង្កេតភពព្រហស្បតិ៍ Juno នឹងបន្តសិក្សានៅក្នុងប្រព័ន្ធភពនេះ ក្នុងនោះក៏រួមមានព្រះច័ន្ទ Ganymede, Io និង Europa ផងដែរ។ រូបភាពដ៏ស្រស់ស្អាតនៃភពព្រហស្បតិ៍នេះ គឺត្រូវបានថតដោយកាមេរ៉ាលើ Juno និងត្រូវបានសម្រិតសម្រាំងដោយ មន្ទីរពិសោធន៍ JPL របស់អង្គការ NASA។
៤៖ ផ្កាយម៉ាកណេតា (magnetar) ដែលវិលលឿនខ្លាំង៖ ផ្កាយប្រភេទម៉ាកណេតា ដែលមានវ័យជំទង់មួយ កំពុងតែវិលជុំវិញខ្លួនឯងយ៉ាងលឿន និងបញ្ចេញពន្លឺពណ៌ស្វាយ តាមរយៈរូបភាពដែលត្រូវផ្តិតយកដោយកែវយឺតអវកាស Spitzer និង Wise របស់អង្គការ NASA។ វាមានត្រូវបានដាក់់ឈ្មោះឲ្យថា J1818 និងស្ថិតនៅចម្ងាយ ២១,០០០ឆ្នាំពន្លឺពីភពផែនដី។ ផ្កាយប្រភេទនេះ គឺស្ថិតនៅក្នុងជំពូកតារានឺត្រុង (Neutron Star) ដែលជាស្នូលដ៏តាន់បំផុត នៅសល់ពីផ្កាយមួយក្រោយពេលវាផ្ទុះស្លាប់។
៥៖ HS Hydra ជាប្រព័ន្ធផ្កាយភ្លោះបី៖ ប្រព័ន្ធផ្កាយភ្លោះបី HS Hydra ស្ថិតនៅចម្ងាយ ៣៤២ឆ្នាំពន្លឺពីភពផែនដី និងត្រូវបានអង្កេតដោយកែវយឺតអវកាស TESS របស់អង្គការ NASA។ ក្នុងចំណោមផ្កាយទាំង ៣ នោះមានផ្កាយ ២វិលជុំវិញគ្នា ហើយមនុស្សនៅលើផែនដី នឹងអាចឃើញបាតុភូត «តារាគ្រាស» រវាងផ្កាយទាំង ២នោះទៀតផងដែរ៕
បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ Space, NASA, JPL, CalTech (ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១)