(បរទេស)៖ ក្រុមតារាវិទូ និងអ្នកនិយមថតទិដ្ឋភាពពិសេសៗនៃផ្ទៃមេឃផែនដី កំពុងមានការភ្ញាក់ផ្អើលបន្ទាប់ពីការប្រកាសរកឃើញ «ផ្កាយដុះកន្ទុយថ្មីមួយ» នៅពេលដែលវាអាចបង្ហាញវត្តមានលើផ្ទៃមេឃផែនដីតែម្តង។ ផ្កាយដុះកន្ទុយ (comet) ថ្មីមួយនោះត្រូវបានដាក់ឈ្មោះឲ្យថា C/2025 F2 (SWAN) ខណៈរូបភាពជាច្រើនរបស់វា ក៏ត្រូវបានចែកចាយទៅក្នុងបណ្តាញសង្គមរួចហើយដែរ។
C/2025 F2 (SWAN) ត្រូវបានរកឃើញ កាលពីប៉ុន្មានសប្តាហ៍មុននេះប៉ុណ្ណោះ ហើយឈានមកដល់ជិតពាក់កណ្តាលខែមេសានេះ ការឃើញនឹងភ្នែកហាក់មិនសូវអំណោយផលទេ (ពន្លឺវាខ្សោយ ឬបើអ្នកមើលឃើញ នឹងអាចច្រលំថាជាពន្លឺផ្កាយព្រាលៗមួយប៉ុណ្ណោះ) តែប្រសិនបើមានកាមេរ៉ាល្អ និងស្គាល់ទីតាំងបង្ហាញខ្លួនរបស់វាទៀតនោះ លោកអ្នកអាចស្វែងរកវត្តមានវាដោយខ្លួនឯងបាន។ សម្រាប់ពេលវេលាដ៏ល្អដែលវាបង្ហាញខ្លួន នោះគឺនៅពេលទាបភ្លឺរហូតដល់ព្រឹកព្រហាមមុនព្រះអាទិត្យរះ (ចាប់ម៉ោង ៤៖៣០នាទី ដល់ម៉ោង ៥៖០០នាទី) ពីលើតំបន់ជើងមេឃទិសខាងកើត។

សម្រាប់ផ្កាយផ្កាយដុះកន្ទុយខាងលើនេះ គឺត្រូវបានរកឃើញដំបូងហើយតារាវិទូអូស្ត្រាលី លោក Michael Mattiazzo តាមរយៈការបញ្ជាទៅលើឧបករណ៍ SWAN នៅជាប់តេឡេស្កូបអវកាស SOHO របស់អង្គការ NASA ដែលមានតួនាទីសង្កេតវត្តមានរបស់អ៊ីដ្រូសែន (hydrogen) នៅក្នុងខ្យល់ជះចេញពីព្រះអាទិត្យ (solar wind)។ បន្ទាប់ពីការត្រួតពិនិត្យភាពជាក់លាក់រួច ផ្កាយដុះកន្ទុយថ្មីនេះត្រូវបានទទួលស្គាល់ដោយ សហភាពតារាសាស្ត្រអន្តរជាតិ (IAU) ដោយមានឈ្មោះក្នុងបញ្ជីថា Comet C/2025 F2 (SWAN)។

គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ផ្កាយដុះកន្ទុយ C/2025 F2 (SWAN) កំពុងស្ថិតនៅក្នុងចម្ងាយ ២០១លានkm ពីផែនដី (នៅម្តុំតារានិករ Pegasus បើយើងមើលទៅលើផ្ទៃមេឃផែនដី)។ ការប្រើប្រាស់ app ដើម្បីស្វែងរកវា គឺវារឿងចាំបាច់បំផុត ដោយលោកអ្នកអាចប្រើប្រាស់ app តាមកុំព្យូទ័រ និងទូរស័ព្ទឈ្មោះ Sky Live ឬ Star Walk 2 បានផងដែរ។
គួរបញ្ជាក់ថា ប្រសិនបើអ្នករស់នៅអឌ្ឍគោលខាងជើងផែនដី (ដូចជាកម្ពុជាជាដើម) ការស្វែងរកឃើញ C/2025 F2 (SWAN) គឺអាចធ្វើទៅបានត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប៉ុណ្ណោះ ខណៈបន្ទាប់ពីនោះវានឹងគោចរទៅដល់គន្លងកៀកព្រះអាទិត្យបំផុតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ (ដែលមិនអាចឲ្យសង្កេតមើលឃើញទេ) ហើយបន្ទាប់ពីនោះទៀតទើបបណ្តាប្រទេសនៅអឌ្ឍគោលខាងជើងដូចជា អូស្ត្រាលី ឈីលី និងអាហ្វ្រិកខាងត្បូងជាដើមអាចសង្កេតមើលឃើញវាវិញម្តង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥)