(បរទេស)៖ អង់តាក់ទិកគឺជាទ្វីបដែលត្រជាក់បំផុត ខ្យល់បក់បោកខ្លាំងបំផុត និងស្ងួតបំផុតផងដែររបស់ភពផែនដី។ ផ្ទាំងទឹកកកនៃទ្វីបអង់តាក់ទិកមានផ្ទៃក្រលាប្រមាណ ៣០លានគីឡូម៉ែត្រគូបឯណោះ ដែលគ្របដណ្តប់លើតំបន់ដែលមានទំហំតូចជាង ១.៥ដងនៃទំហំសហរដ្ឋអាមេរិក។ ប៉ុន្តែ, ទ្វីបដែលគ្របដណ្តប់លើប៉ូលខាងត្បូងភពផែនដីមួយនេះ មានអ្វីពិសេសៗច្រើនជាងភាពជាដុំទឹកកកយក្សរបស់វាទៅទៀត ហើយប្រិយមិត្តមួយចំនួនទំនងជាមិនធ្លាប់បានដឹងឡើយ។
អង់តាក់ទិកដែលប្រៀបបីដូចជាគម្របគ្របប៉ូលខាងត្បូងនៃពិភពលោក គឺជាទ្វីបធំបំផុតទី ៥ ក្នុងចំណោមទ្វីបទាំង ៧ របស់ភពផែនដី។ ទំហំរបស់អង់តាកទិកអាចប្រែប្រួលទៅតាមរដូវកាលទៅបាននោះ ក៏ដោយសារតែការពង្រីកទឹកកកសមុទ្រក្នុងរដូវរងានៅតាមតំបន់ឆ្នេរជុំវិញទ្វីបនេះជិតទ្វេដងនៃទំហំទ្វីបដើម។ អង់តាកទិកគឺជាជម្រករបស់សត្វ និងរុក្ខជាតិមួយចំនួន ដែលមិនមាននៅកន្លែងណាផ្សេងទៀតឡើយលើផែនដី ហើយវាជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រផងដែរ។

- ការពិតទាំង ៥ យ៉ាងនៃទ្វីបអង់តាកទិក
១៖ បច្ចុប្បន្នទ្វីបអង់តាកទិកមានអាកាសធាតុត្រជាក់ខ្លាំង ដែលប្រសិនបើអ្នកជះទឹកក្តៅមួយកែវទៅក្នុងខ្យល់ នោះវានឹងកកភ្លាមៗ ដោយបង្កើតជាដុំពពកនៃគ្រីស្តាល់ទឹកកកមួយមិនខាន។
២៖ កាលពីរាប់លានឆ្នាំមុន ទ្វីបអង់តាកទិកមានអាកាសធាតុក្តៅខុសពីបច្ចប្បន្ន ដោយធ្លាប់មានព្រៃឈើបៃតង និងសត្វជាច្រើនប្រភេទទៀតផង។
៣៖ ការរលាយផ្ទាំងទឹកកកទាំងអស់របស់ទ្វីបអង់តាកទិកនឹងធ្វើឱ្យនីវ៉ូ (កម្ពស់) ទឹកសមុទ្រនៅជុំវិញពិភពលោកកើនឡើងបន្ថែម ៥៨ម៉ែត្រទៀត។
៤៖ យ៉ាងហោចណាស់មានភ្នំភ្លើងសកម្មចំនួនពីរនៅអង់តាកទិកដូចជា៖ ភ្នំភ្លើង អេរ៉េបឹស (Erebus) និងកោះភ្នំភ្លើង ឌីសិពសិន (Deception)។
៥៖ គ្មានជនជាតិដើមភាគតិច ឬអំបូរមនុស្សធ្លាប់រស់នៅអង់តាកទិកទេ រហូតដល់ការរកឃើញទ្វីបនេះដំបូងដោយមនុស្សលោកនៅឆ្នាំ១៨២០។
- ប្រវត្តិនៃការរកឃើញទ្វីបអង់តាកទិកដំបូង
ការឃើញទ្វីបអង់តាកទិកដំបូងត្រូវបានប្រកាសចេញកាលពីឆ្នាំ១៨២០ ប៉ុន្តែអ្នកប្រមាញ់តោសមុទ្រជនជាតិអាមេរិកមួយឈ្មោះ ចន ដេវីស (John Davis) បានអះអាងថា លោកជាអ្នកដែលបានចូលសំចតនៅទ្វីបអង់តាកទិកដំបូងគេនៅឆ្នាំ១៨២១។ ការអះអាងរបស់ Davis ក៏ត្រូវបានអ្នកជំនាញប្រវត្តិសាស្ត្រមួយចំនួនច្រានចោលផងដែរ។
បន្ទាប់មកទើបមានក្រុមជនបរទេសដូចជា ន័រវែស, អង់គ្លេស, ស្កុតឡេនដ៍ និងផ្សេងៗទៀត បានសាកល្បងធ្វើដំណើរផ្សងព្រេងទៅកាន់ទីនោះនៅអំលុងដើមសតវត្សរ៍ ១៩០០ ដើម្បីព្យាយាមតស៊ូរស់នៅ និងស្រាវជ្រាវ ប៉ុន្តែភាពត្រជាក់ដ៏ខ្លាំងអស្ចារ្យ ព្រមទាំងផ្លូវសមុទ្រដ៏កញ្ជ្រោល បានផ្តល់ការលំបាកមិនថាតែការចង់រស់នៅទីនោះប៉ុណ្ណោះទេ តែក៏ទៅលើការធ្វើដំណើរផងដែរ ខណៈពួកគេខ្លះបានស្លាប់នៅទីនោះតែម្តង។
- ច្បាប់ការពារទ្វីបអង់តាកទិក
ខុសពីទ្វីបទាំង ៦ទៀតលើភពផែនដី ដែលមានប្រទេសរាប់រយខណ្ឌចែកទឹកដីគ្នា ទៅតាមប្រវត្តិសាស្ត្រ សមត្ថភាព និងច្បាប់អន្តរជាតិ ទ្វីបអង់តាកទិកឯណេះវិញមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយឡើយ។ នេះជាអ្វីដែលមានចែងក្នុង «សន្ធិសញ្ញាអង់តាកទិក (The Antarctic Treaty)» ដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយប្រទេសចំនួន ១២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៥៩។
ប្រទេសទាំង ១២ សុទ្ធសឹងតែជាប្រទេសដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្រាវជ្រាវនៅទ្វីបទឹកកកនោះ កាលពីអំលុងឆ្នាំ១៩៥៧ ដល់ ១៩៥៨ មានដូចជា៖ អាហ្សង់ទីន, អូស្ត្រាលី, ប៊ែលហ្សិក, ឈីលី, បារាំង, ជប៉ុន, នូវែលហ្សេឡង់, ន័រវែស, អាហ្វ្រិកខាងត្បូង, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី)។
សរុបមក សន្ធិសញ្ញាអង់តាកទិកឆ្នាំ ១៩៥៩ បានចែងយ៉ាងច្បាស់អំពីការធានាឲ្យបាននូវ ការស្រាវជ្រាវទ្វីបអង់តាកទិកប្រកបដោយគោលដៅសន្តិភាពជាចម្បង, ហាមឃាត់សកម្មភាពយោធា និងការធ្វើតេស្តអាវុធគ្រប់ប្រភេទ ជាពិសេសនុយក្លេអ៊ែរនិងគាំទ្រជានិច្ចចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់វិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។
- បច្ចុប្បន្នភាពទ្វីបអង់តាកទិច
បច្ចុប្បន្ននេះ មានតែក្រុមអ្នកស្រាវជ្រាវអន្តរជាតិមកពីប្រទេសមួយចំនួនប៉ុណ្ណោះដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន បារាំង និងអាល្លឺម៉ង់ជាដើម ដែលមានស្ថានីយសរុបចំនួន ៧០ ហើយគិតត្រឹមឆ្នាំ ២០២៥ នេះនៅទូទាំងទ្វីបអង់តាកទិក។ នៅអំលុងរដូវក្តៅ (ឈ្មោះថារដូវក្តៅមែន តែនៅត្រជាក់ខ្លាំងដដែល) ក្រុមអ្នកស្រាវជ្រាវចំរុះជាតិសាសន៍សរុបជាង ៤,០០០នាក់ អាចរស់នៅក្នុងស្ថានីយពួកគេបាន តែពេលឈានដល់រដូវរងា ចំនួនអ្នកតាំងនៅលើទ្វីបអង់តាកទិកថយចុះមកនៅត្រឹម ១,០០០នាក់ប៉ុណ្ណោះ។
មនុស្សមួយចំនួនទំនងជាមិនបានដឹងទេថា អង់តាកទិកក៏មានវាលខ្សាច់ដែរ (ខ្សាច់ស) ជាពិសេសនៅតាមឆ្នេរសមុទ្រតាមរដូវលើទ្វីបនេះ ហើយពេលខ្លះថែមទាំងមានព្យុះខ្សាច់ទៀតផង ដោយខ្យល់នៅទីនោះអាចបក់បោករហូតដល់ល្បឿន ៣២០km ក្នុងមួយម៉ោង។ សម្រាប់សីតុណ្ហភាពវិញ ស្ថានីយស្រាវជ្រាវប៉ូលខាងត្បូង (South Pole Station) គឺមានសីតុណ្ហភាពមិនសូវត្រជាក់ខ្លាំងដូចកន្លែងផ្សេងទៀតឡើយ នោះគឺជាមធ្យមតែ – 28 អង្សាសេប៉ុណ្ណោះ ខណៈតំបន់ក្បែរស្ថានីយ Vostok Station របស់រុស្ស៊ី ធ្លាប់មានសីតុណ្ហភាពចុះត្រជាក់ដល់ – 98 អង្សាសេឯណោះ។
- ជីវៈចំរុះលើទ្វីបអង់តាកទិក
អាចថា សត្វ និងរុក្ខជាតិក៏មានច្រើនប្រភេទដែរនៅលើដី និងដែនទឹកសមុទ្រជុំវិញទ្វីបអង់តាកទិក ដែលគ្របដណ្តប់ដោយទឹកកកស្ទើរទាំងស្រុងនោះ។ ប៉ុន្តែសត្វគោលៗ និងល្បីៗមានតែមួយចំនួនប៉ុណ្ណោះ ក្នុងនោះមានដូចជា ផេនឃ្វីន និងត្រីបាឡែនជាដើម។ រុក្ខជាតិដូចជា សារាយ (algae), វល្លិ៍ ឬរុក្ខជាតិរុំមែកឈើ (lichen), ផ្សិត និងស្លែ ឬស្មៅដុះលើថ្ម (mosses) ជាដើម គឺសុទ្ធសឹងតែជារុក្ខជាតិចម្បងៗលើទ្វីបអង់តាកទិក ខណៈក្នុងសមុទ្រវិញ ក្រៅពីត្រីបាឡែនក៏មានត្រី និងសត្វល្អិត ព្រមទាំងផ្កាថ្មជាច្រើនប្រភេទទៀតដែរ។
ចំណុចដ៏គួរឲ្យចាប់អារម្មណ៍គឺ ស្តេចផេនឃ្វីន (ឈ្មោល) គឺជាប្រភេទសត្វដែលមានឈាមក្តៅតែមួយគត់ ដែលអាចរស់នៅលើផ្ទៃទ្វីបអង់តាកទិកក្នុងរដូវរងាដ៏ត្រជាក់ខ្លាំង ខណៈវាក៏ត្រូវនៅប្រចាំការដើម្បីការពារស៊ុតដែលមេញីជាដៃគូបានបង្កើតមកផងដែរ។ សម្រាប់សត្វផេនឃ្វីនញីវិញ តែងចំណាយពេល ៩សប្តាហ៍នៅលើផ្ទៃសមុទ្រ ហើយត្រលប់មកវិញទាន់ពេលវេលាដែលស៊ុតផេនឃ្វីនត្រូវញាស់តែម្តង។
ដោយឡែកចំពោះប្រភេទដូចជា សត្វល្មូន (ត្រកួត, ថ្លែន ឬបង្គួយ), សត្វលោតៗ (ប្រភេទដូចជា កញ្ចាញ់ចេក ឬហ៊ីងកង្កែប) និងពពួកថនិកសត្វលើគោក គ្មានវត្តមានលើនៅលើទ្វីបអង់តាក់ទិកទេ។
- ទេសចរណ៍នៅអង់តាកទិក
ការធ្វើដំណើរទៅអង់តាកទិក គឺមានវិធីតែ២ប៉ុណ្ណោះ ដោយទី១៖ តាមផ្លូវអាកាស និងទី២៖ តាមផ្លូវទឹក (តម្រូវឲ្យឆ្លងកាត់ Drake Passage ដោយប្រើនាវាទេសចរខ្នាតធំ ឬ cruise ship)។ សម្រាប់អាកាសចរណ៍វិញ ក្រុមហ៊ុនដែលល្បីជាងគេគឺ DAP Airlines ដែលមានក្រុមហ៊ុនមេស្ថិតនៅទីក្រុង Punta Arenas ចុងខាងត្បូងប្រទេសឈីលី និងតាមរយៈនាវាទេសចរណ៍ ដែលក្រុមហ៊ុន Quark Expeditions នៅសហរដ្ឋអាមេរិក មានភាពល្បីល្បាញជាងគេ។
បើគិតពីតការចំណាយវិញ អ្នកដែលចង់ទៅលេងទ្វីបទឹកកកនោះ ត្រូវមានកញ្ចប់ថវិកាយ៉ាងហោចណាស់ពី ៥,០០០ដុល្លារ ទៅ ៣០,០០០ដុល្លារអាមេរិក ដើម្បីចំណាយទោះបីជាតាមរយៈយន្តហោះ ឬនាវាទេសចរខ្នាតធំក៏ដោយ។ តែយ៉ាងណា ការចំណាយក៏ប្រែប្រួលទៅតាមកញ្ចប់សេវាជាប្រភេទសាមញ្ញៗ ឬក៏ប្រណិតផងដែរ។ តើលោកអ្នកចង់ទៅលេងទ្វីបអង់តាកទិកទេ? សូមខុមមិនប្រាប់ម្នាក់មួយមក…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥)