រឿងភព K2-18 b អាចមានជីវិតនោះ សូមកុំទាន់អាលរំភើបពេក… (UPDATE) (មានវីដេអូ)

រឿងភព K2-18 b អាចមានជីវិតនោះ សូមកុំទាន់អាលរំភើបពេក… (UPDATE) (មានវីដេអូ)

(បរទេស)៖ មិនខុសពីការប្រកាសលើកទី១នៅឆ្នាំ២០២៣, លើកទី២នៅឆ្នាំ២០២៤ និងលើកទី៣នៅឆ្នាំ២០២៥នេះឡើយ ការអះអាងថា ភព K2-18 b អាចមានជីវិតក្រោយការសង្កេតដោយតេឡេស្កូបអវកាស James Webb នោះ គឺមានការបង្កើនក្តីសង្ឃឹមពីមួយកម្រិតទៅមួយកម្រិត ហើយខ្លាំងបំផុតគឺនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស តាមរយៈទិន្នន័យពីតេឡេស្កូបអវកាស James Webb បានប្រកាសថា ភស្តុតាងនៃជីវិតដែលត្រូវបានរកឃើញលើភពយក្សនោះ ស្ថិតក្នុងកម្រិតខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយវាគឺជាលើកដំបូងបំផុតសម្រាប់មនុស្សលើផែនដី ដែលរកឃើញសញ្ញាបែបនោះ…។

(សូមចុចចូលតែម្តង YouTube តែម្តងដើម្បីទស្សនាបានពេញភ្នែក និងបញ្ចេញមតិយោបល់)

សូមរម្លឹកបន្តិចថា ភព K2-18 b ត្រូវបានរកឃើញដំបូងកាលពីឆ្នាំ២០១៥ តាមរយៈការទិន្នន័យរបស់ តេឡេស្កូបអវកាស Kepler ក្នុងបេសកកម្ម K2 (ជាបេសកកម្មបំពេញបន្ថែម ដើម្បីគាស់កកាយទិន្នន័យប្រមូលបានពីបេសកម្មដំបូងរបស់ Kepler)។ ក្រោយមកទៀតកាលពីអំលុងឆ្នាំ២០១៩ យើងបានទទួលតំរុយដំបូងរបស់ពីឱកាស ដែលភពនោះអាចមានជីវិត តាមរយៈការសង្កេតដោយតេឡេស្កូបអវកាស HubbleHubble បានរកឃើញសញ្ញានៃ ចំហាយទឹក (water vapor) នៅក្នុងបរិយាកាស K2-18 b, អ៊ីដ្រូសែន (hydrogen) និង អេល្យូម (helium) នៅក្នុងបរិយាកាសរបស់វា ដែលទាំងអស់នេះជាសញ្ញាបញ្ជាក់ថា ភព K2-18 b អាចកំពុងគ្របដណ្តប់ដោយទឹកសុទ្ធសាធតែម្តង។

ងាកមកកាន់ព័ត៌មានបន្ថែមអំពី K2-18 b នៅក្នុងខែមេសា ឆ្នាំ២០២៥ ដដែលនេះវិញ គឺស្របពេលដែលក្រុមអ្នកវិទ្យាសាស្ត្រ Cambridge និងសារព័ត៌មានយ៉ាងច្រើនព្រោងព្រាត បាននិងកំពុងភ្ញាក់ផ្អើលខ្លាំងនៅឡើយ ចំពោះភស្តុតាងរឹងមាំដំបូងអំពីវត្តមាន «ជីវិត» លើ K2-18 b នោះតាមរយៈការសង្កេតរកឃើញសមាសធាតុ ឌីមេទីល ស៊ុលភីត (Dimethyl Sulfide ឬ DMS) និង ឌីមេទីល ឌីស៊ុលភីត (dimethyl disulfide ឬ DMDS) ដែលនៅលើផែនដីយើងនេះមានតែពពួកសារាយ (algae) និងប្លង់តុង (Plankton) ប៉ុណ្ណោះដែលអាចបញ្ចេញទៅកាន់បរិយាកាសនោះ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនទៀត ហាក់មិនសូវយល់ស្របលើការអះអាងនេះឡើយ…។

លទ្ធផលសង្កេតចេញផ្សាយនៅខែមេសា ឆ្នាំ២០២៥ ចំពោះបរិយាកាសភព K2-18 b (Credit: NASA/ESA/CSA/Cambridge)

សាស្ត្រាចារ្យ Nikku Madhusudhan មកពីសាកលវិទ្យាល័យ Cambridge ដែលបានដឹកនាំការស្រាវជ្រាវទិន្នន័យពី តេឡេស្កូបអវកាស James Webb រហូតបង្កើតចេញជារបកគំហើញខាងលើនេះ បានប្រាប់សារព័ត៌មាន BBC របស់អង់គ្លេស ក្នុងខែមេសា ឆ្នាំ២០២៥ នេះថា «ប្រសិនបើ (ថ្ងៃមុខ) យើងអាចបញ្ជាក់ថា ភព K2-18 b មានជីវិតនោះ វាក៏មានន័យផងដែរថា វត្តមានជីវិតនៅក្នុងចក្រវាលនេះ ត្រឹមជារឿងសាមញ្ញៗប៉ុណ្ណោះ…»។ តែយ៉ាងណា អ្វីដែលត្រូវធ្វើបន្តទៀតនោះគឺការរកឲ្យឃើញថា តើសមាសធាតុ DMS និង DMDS នោះ ពិតជាជីវិតនោះជាអ្នកបង្កើតឡើង មែនឬមួយក៏យ៉ាងណា។

ជុំវិញរឿងរ៉ាវនៃភព K2-18 b នោះ អ្នកជំនាញជាន់ខ្ពស់ផ្នែករូបវិទ្យាឈ្មោះ Ian Whittaker មកពីសាកលវិទ្យាល័យ Nottingham Trent នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសធ្លាប់បានប្រាប់កាសែត The Conversation ថា «DMS មិនមែនត្រូវបានបង្កើតឡើងដោយអតិសុខុមប្រាណតែមួយមុននោះទេ… DMS ក៏ត្រូវបានរកឃើញនៅលំហចន្លោះតំបន់អន្តរលំហអវកាស (interstellar medium) ដែលជាពពកធូលី និងឧស្ម័នស្ថិតនៅចន្លោះរវាងប្រព័ន្ធផ្កាយនានា ហើយ DMS នេះទៀតសោតក៏អាចកកើតឡើងដោយពន្លឺស្វាយអ៊ុលត្រា (UV) ចាំងចូលទៅកាន់បរិយាកាសភពមួយផងដែរ (នេះបើតាមការពិសោធន៍)»។

រូបតំណាងថ្មីចុងក្រោយចំពោះភព K2-18 b (Credit: NASA/ESA/CSA/Cambridge)

សរុបសេចក្តីមក យើងបានត្រឹមសង្កេតពីចម្ងាយ ១២៤ឆ្នាំពន្លឺ ចំពោះភពដែលមានប្រវែងអង្កត់ផ្ចិត វែងជាងភពផែនដី ២.៦ដងនោះប៉ុណ្ណោះ។ អ្វីដែលច្បាស់លាស់បំផុតពេលនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រ Cambridge មិនបានសន្មតថា K2-18b កំពុងមានជីវិតតែម្តងនោះទេ តែអ្វីដែលពួកគេបានរកឃើញកន្លងមកនេះគឺជា «ភស្តុតាងដ៏រឹងមាំបំផុតមិនធ្លាប់មាន» ដែលបញ្ជាក់ថា ភព K2-18b មានឱកាសខ្ពស់ក្នុងការទ្រទ្រង់ជីវិត។ ពិតណាស់ ការរកឃើញ DMS និង DMDS គឺជាភស្តុតាងរឹងមាំជាងមុនឆ្ងាយ ដែលបន្ថែមពីលើចំណុចដែល K2-18​ b កំពុងគោចរក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដូចផែនដី នោះគឺជាគម្លាតពីផ្កាយមេវាដ៏សមរម្យ ហើយបើយកភពផែនដីធ្វើជាឧហរណ៍វិញ ដោយសារតែស្ថិតក្នុងតំបន់់បែបនេះហើយទើបភពយើងទទួលរងកម្តៅសមរម្យ, មានបរិយាកាសក្រាស់ស្រោបជុំវិញ និងអាចរក្សាទឹកលើផ្ទៃភព ដែលទាំងអស់នេះជាបរិស្ថានបណ្តុះជីវិតពិតៗ…។

ចុះ K2-18 b? ការពិតយ៉ាងណានោះ គឺមានតែការស្រាវជ្រាវបន្តទៀត ឬក៏យើងត្រូវការឧបករណ៍វិទ្យាសាស្ត្រថ្មីទៀត ដែលខ្លាំងអស្ចារ្យរហូតដល់អាចឆ្លុះឃើញ ធាតុផ្សំសំខាន់ៗ និងពិតៗបន្ថែមទៀតលើភពនោះបាន។ ចំពោះចម្ងល់ថា តើគេប្រឹងរកភពមានជីវិតនៅប្រព័ន្ធផ្កាយដទៃធ្វើអ្វី បើមនុស្សលោកយើងគ្មានថ្ងៃនឹងទៅដល់ដដែល? ចំពោះការលើកឡើងនេះ គឺមិនខុសទេ តែអ្នកគួរសួរខ្លួនវិញថា តើអ្នកជឿទេថា មានតែភពផែនដីក្នុងចក្រវាលនេះ ដែលមានជីវិតរស់នៅឬ? តើអ្នកចង់យល់ដឹងចម្លើយនេះដែរឬទេ? ប្រសិនបើចង់ដឹងចង់យល់ប្រធានបទនេះ ចូរបន្តតាមដានលទ្ធផលស្រាវជ្រាវទៅថ្ងៃអនាគតទៀតទាំងអស់គ្នា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Manchester Evening News (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥)

Comments (0)
Add Comment