(បរទេស)៖ មានប្រតិបត្តិការគួរឲ្យចាប់អារម្មណ៍ច្រើនរាប់មិនអស់ សម្រាប់វិស័យសិក្សាស្រាវស្រាវ ទីអវកាសដោយមនុស្សលោក នៅក្នុងរយៈពេលខ្ទង់កន្លះសតវត្សរ៍ចុងក្រោយនេះ។ សម្រាប់ការរម្លឹកប្រវត្តិសាស្ត្រឡើងវិញនេះ យើងសូមនាំប្រិយមិត្តទៅចាប់អារម្មណ៍ ចំពោះបេសកកម្មចំនួន ២ នៅភពចំនួន ២ ដែលត្រូវបានបញ្ចប់ដោយមានជោគវាសនាតែមួយនោះគឺ «ការបូជាខ្លួនឯង» ប៉ុន្តែចម្ងល់ត្រូវបានចោទឡើងថា ហេតុអ្វីមិនព្រមទុកយានទាំងនោះឲ្យនៅរសាត់អណ្តែតក្នុងទីអវកាសទៅ?
ការប្រើពាក្យ «បូជា» អាចនាំឲ្យប្រិយមិត្តខ្លះងឿងឆ្ងល់ ប៉ុន្តែពាក្យនេះគឺយើងចង់សម្តៅទៅ «ការទម្លាក់ខ្លួនដើម្បីកម្ទេចចោល» នោះឯង នៅពេលបេសកកម្មយានទាំងនោះឈានដល់ទីបញ្ចប់។ ខាងក្រោមនេះ គឺជាមូលហេតុចម្បងៗ (ខ្លះអាចធ្វើឲ្យអ្នកនឹកស្មានមិនដល់) ដែលបាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រសម្រេចចិត្តទម្លាក់យានទាំងនោះ កម្ទេចចោលក្នុងភពដែលវាបានសិក្សារួចតែម្តង៖
១៖ ការបញ្ចប់បេសកកម្មយាន Galileo នៅភពព្រហស្បតិ៍ (Jupiter) ក្នុងឆ្នាំ២០០៣
យានស្រាវជ្រាវប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) មានឈ្មោះថា ហ្គាលីឡេអូ (Galileo) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក (យកឈ្មោះតាមតារាវិទូជនជាតិអ៊ីតាលីលោក Galileo Galilei ដែលបានសិក្សាប្រព័ន្ធភពព្រហស្បតិ៍ យ៉ាងសកកម្មពីឆ្នាំ១៦០៩ ដល់ឆ្នាំ១៦១០) ត្រូវបានបញ្ជូនចេញពីផែនដីនៅឆ្នាំ១៩៨៩ (ជាឆ្នាំដែលខ្ញុំចាប់កំណើត), ទៅដល់ភពព្រហស្បតិ៍នៅឆ្នាំ១៩៩៥ និងបញ្ចប់បេសកកម្ម ដោយការទម្លាក់ខ្លួនចូលភពព្រហស្បតិ៍នៅឆ្នាំ២០០៣។

ហេតុអ្វីត្រូវធ្វើបែបនោះ? យោងតាមអង្គការ NASA ការសម្រេចចិត្តទម្លាក់យាន Galileo ដែលមានទម្ងន់ ២.៥តោន ចូលទៅក្នុងភពព្រហស្បតិ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០០៣ មានគោលដៅធំបំផុតតែមួយប៉ុណ្ណោះ នោះគឺដើម្បីការពារកុំឲ្យយាននេះ ធ្លាក់ទៅលើព្រះចន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ដែលគេសង្ស័យថា អាចកំពុងលាក់ទុក «ជីវិត»។ ប្រសិនបើ Galileo ធ្លាក់លើ Europa នោះនឹងបំពុលបរិស្ថាននៅទីនោះមិនខាន…។
អ្វីដែលពិសេសនោះ សូម្បីតែវិនាទីចុងក្រោយនៃបេសកកម្មក៏យាន Galileo បានសិក្សាអំពីបរិយាកាសផ្ទៃក្នុងភពព្រហស្បតិ៍ផងដែរ។ បន្ថែមពីលើទិន្នន័យពីគ្រឿងយន្ត (Probe) មួយគ្រឿងដែល Galileo បានពន្លែងចូលទៅក្នុងពពកភពព្រហស្បតិ៍មុននោះ ក្រុមអ្នកវិសាស្ត្របានរកឃើញថា ពពកឧស្ម័នរបស់ Jupiter មានសមាសធាតុអេល្យូម (Helium) តិចជាងការគិត និងភាពស្ងួតនៃបរិយាកាសជាដើម។ ការទម្លាក់ Galileo ចូលក្នុងពពកភពព្រហស្បតិ៍ រហូតដល់រលាយខ្លួនបាត់ទាំងស្រុងនោះ មានរយៈពេលសរុប ៥៨នាទី។
២៖ ការបញ្ចប់បេសកកម្មយាន Cassini នៅភពសៅរ៍ (Saturn) ក្នុងឆ្នាំ២០១៧
យានអវកាស Cassini សម្រាប់ស្រាវជ្រាវប្រព័ន្ធភពសៅរ៍ (Saturn) ត្រូវបានដាក់ឈ្មោះឲ្យបែបនេះ ដើម្បីរម្លឹកដល់តារាវិទូជនជាតិអ៊ីតាលីលោក ជីអូវណ្ណី ដូមែនីកូ កាស្ស៊ីនី (Giovanni Domenico Cassini) ដែលបានធ្វើការស្រាវជ្រាវអំពីភពសៅរ៍យ៉ាងសកម្ម ពីអំលុងទសវត្សរ៍ ១៦៧០ ដល់ ១៦៨០។ លោក Cassini បានរកឃើញព្រះចន្ទចំនួន ៤ ទៀតនៅជុំវិញភពសៅរ៍នោះគឺ អៀប៉េទុស (Iapetus), រៀ (Rhea), ឌីអន (Dione) និង ថេស៊ីស (Tethys)។
ដោយឡែកកូនយានមួយទៀតឈ្មោះ ហ៊ុយជែនស៍ (Huygens) ដែលត្រូវបានពាំនាំយកទៅជាមួយយាន Cassini ដើម្បីទម្លាក់ទៅកាន់ព្រះចន្ទ ទីតាន (Titan) នៃភពសោរ៍នោះ គឺជាការរម្លឹកដល់តារាវិទូជនជាតិហូឡង់លោក Christiaan Huygens ដែលបានបង្កើតរបកគំហើញត្រឹមត្រូវបំផុត ពាក់ព័ន្ធនឹងការពិតនៃរង្វង់ឌីស (Rings) ជុំវិញភពសៅរ៍ កាលពីឆ្នាំ១៦៥៥។
យាន Cassini ដែលមាន Huygens នៅក្នុងពោះ បានចាកចេញពីភពផែនដីនៅខែតុលា ឆ្នាំ១៩៩៧ និងទៅដល់ភពសៅរ៍នៅខែកក្កដា ឆ្នាំ២០០៤ ខណៈកូនយាន Huygens ត្រូវបានពន្លែងចេញពី Cassini ហើយទម្លាក់ខ្លួនចូលព្រះចន្ទ Titan នៅខែមករា ឆ្នាំ២០០៥។
យាន Cassini បានទម្លាក់ខ្លួនចូលភពសៅរ៍ដើម្បីកម្ទេចចោល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីបានបំពេញបេសកកម្មនៅទីនោះអស់ ១៣ឆ្នាំ។ ការទម្លាក់ខ្លួនរបស់ Cassini ចូលក្នុងពពកឧស្ម័នភពសោរ៍ និងរហូតដល់ខ្ទេចខ្ទីខ្លួនវាដែលមានទម្ងន់ ២.១តោននោះ មានរយៈពេលសរុប ៨៣នាទី។ ពេលទម្លាក់ខ្លួនចុះទៅនោះ Cassini នៅបានប្រមូលទុកទិន្នន័យថ្មីៗជាច្រើន ពាក់ព័ន្ធនឹងកម្លាំងទំនាញ (Gravity), ដែនម៉ាញេទិច (Magnetic Fields) និង Rings របស់ភពសៅរ៍ ដែលពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងបន្ថែម អំពីរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ភពនេះ។
ចំពោះអង្គការ NASA បានសម្រេចចិត្តធ្វើបែបនេះ គឺដោយសារតែក្រុមអ្នកវិទ្យាសាស្ត្រខ្លាចយាននេះ បាត់បង់ការគ្រប់គ្រងនិងចល័តទៅធ្លាក់លើព្រះចន្ទ Enceladus និង Titan ហើយមូលហេតុគឺដោយសារពួកគេ ខ្លាចការធ្លាក់នោះទៅបំពុលព្រះចន្ទទាំង ២ នេះដែលកំពុងមានបរិស្ថានអាចទ្រទ្រង់ជីវិត។ NASA ក៏ខ្លាចពពួកមីក្រុបពីផែនដី ដែលអាចត្រូវបានពាំនាំជាប់ខ្លួន Cassini ធ្លាក់ទៅលើ Enceladus ឬ Titan ដែលនឹងបង្កការរំខានដល់បេសកកម្មស្រាវជ្រាវរកជីវិតលើព្រះចន្ទ២នោះនៅថ្ងៃអនាគតផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥)