ខ្មោចយានស្រាវជ្រាវភពសុក្រ (សូវៀត) នឹងធ្លាក់លើផែនដីសប្តាហ៍នេះ! (អាចធ្លាក់មកទាំងមូល) (មានវីដេអូ)

ខ្មោចយានស្រាវជ្រាវភពសុក្រ (សូវៀត) នឹងធ្លាក់លើផែនដីសប្តាហ៍នេះ! (អាចធ្លាក់មកទាំងមូល) (មានវីដេអូ)

(បរទេស)៖ នៅដើមខែឧសភា ឆ្នាំ២០២៥នេះ មានការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រៀត ពាក់ព័ន្ធនឹងខ្មោចយានអវកាស កាលពីជាងកន្លះសតវត្សរ៍មុនរបស់អតីតសូវៀត (បច្ចុប្បន្នគឺរុស្ស៊ី) នឹងធ្លាក់មកលើភពផែនដីវិញ ហើយបើតាមការព្យាករណ៍ វានឹងធ្លាក់ចុះមកនៅអំលុងសប្តាហ៍ទី ២ នៃខែឧសភានេះតែម្តង។ ប្រាកដណាស់! សំនួរដែលប្រិយមិត្តកំពុងចោទសួរនោះគឺថា តើវាអាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរឬទេ?

(សូមចុចចូលក្នុងយូធូបផ្ទាល់ ដើម្បីបានទស្សនាបានពេញភ្នែក)

មុននឹងឆ្លើយសំនួរនេះ ចូរប្រិយមិត្តទៅស្វែងយល់សិនថា តើនោះជាយានអ្វី? ខ្មោចយានរបស់អតីតសហភាពសូវៀតនោះមានឈ្មោះថា Kosmos 482 ដែលត្រូវបានបាញ់បង្ហោះកាលពីអំលុងទសវត្សរ៍ ១៩៧០ ឬបើនិយាយឲ្យចំគឺកាលពី ៥៣ឆ្នាំមុន ដែលរុស្ស៊ីនៅមេគ្រប់គ្រងរបស់សហភាពសូវៀត ព្រមទាំងមានវិស័យអវកាស និងវិទ្យាសាស្ត្រដ៏រីកចម្រើនផងដែរ។

Kosmos 482 ជាយានដែលសហភាពសូវៀតចង់បញ្ជូនទៅចុះចតលើភពសុក្រ (Venus) កាលពីឆ្នាំ១៩៧២ ប៉ុន្តែវាមិនអាចចាកផុតពីគន្លងគោចរកម្រិតទាបជុំវិញផែនដី (Low Earth Orbit) នោះឡើយ នៅក្រោយការបាញ់បង្ហោះឡើងផុតពីផ្ទៃផែនដី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំនោះ ដោយសារតែមានបញ្ហាផ្នែករ៉ុក្កែត។ Kosmos 482 មានកម្ពស់ប្រមាណ ១ម៉ែត្រ និងទម្ងន់ជិត ៥០០kg ត្រូវបានអ្នកជំនាញនៅអឺរ៉ុបអះអាងថា អាចនឹងធ្លាក់មកលើផែនដីវិញនៅ «ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ (សប្តាហ៍នេះ)»

រូបយាន Kosmos 482 របស់អតីតសហភាពសូវៀត (Image Credit: ROSCOSMOS)

តើវាអាចបង្កគ្រោះថ្នាក់ដល់មនុស្សលោកឬទេ? ចម្លើយ៖ ជាធម្មតាការទម្លាក់ផ្កាយរណប ឬយានអវកាសណាមួយចុះមកផែនដី គឺត្រូវបានចែកចេញជាពីរ ដោយទី១៖ អាចគ្រប់គ្រងបាន និងទី២៖ មិនអាចគ្រប់គ្រងបាន។ ការគ្រប់គ្រងបានមានន័យថា គេនឹងបញ្ជាវាទៅទម្លាក់លើទីដាច់ស្រយាលក្នុងមហាសមុទ្រ (ប៉ាស៊ីហ្វិចជាដើម) នៅពេលវាសល់ថាមពលដែលអាចឲ្យគេបញ្ជាក្នុងគន្លងគោចរ និងងាករេរកគោលដៅដែលត្រូវទម្លាក់ខ្លួនកម្ទេចចោលបាន ហើយសម្រាប់ការមិនគ្រប់គ្រងបានគឺ Kosmos 482 នោះឯង។

  • ការមិនអាចគ្រប់គ្រងបាននៃយាន Kosmos 482

សម្រាប់យាន Kosmos 482 គឺស្ថិតនៅក្នុងករណី «មិនអាចគ្រប់គ្រងបាន» ដោយសារតែវាជាយានដែលបានខូចរាប់ទសវត្សរ៍មកហើយ (តាំងពីឆ្នាំ១៩៩១)។ បញ្ហាមិនមែនស្ថិតក្នុង ភាពមិនអាចគ្រប់គ្រងបានតែមួយមុខនេះទេ តែគឺទៅលើប្រភេទនៃយាននេះតែម្តង ព្រោះ Kosmos 482 ត្រូវបានផលិតឡើងពីសមាសធាតុដ៏ហាប់ណែន និងអាចស៊ូទ្រាំកម្តៅខ្ពស់ (ដោយសារតែវាជាយានសម្រាប់ចុះចតលើភពនរកដ៏ក្តៅគគុកគឺ Venus នោះអី)។

ប្រការនេះមានន័យថា Kosmo 482 ទំនងជាមិនអាចឆាបឆេះអស់ក្នុងបរិយាកាសផែនដី ដូចជាផ្កាយរណបទូទៅនោះទេ ជាពិសេសគឺខែលទប់កម្តៅ (Heat Shield) របស់វាតែម្តង ដូច្នេះអ្នកជំនាញបានព្យាករណ៍ថា ប្រសិនបើកំលុងពេលធ្លាក់នោះ Heat Shield របូតចេញពីខ្លួនយាន នោះវានឹងមានឱកាសឆាបឆេះអស់ទៅក្នុងបរិយាកាស តែបើពុំដូច្នោះទេ វាអាចនឹងធ្លាក់ទាំងដុំមកលើដី ឬសមុទ្រមិនខាន។

រូបតំណាង (Image Source: Yahoo News)

សម្រាប់តំបន់ដែលវាអាចធ្លាក់ចំនោះគឺរាប់ចាប់ពី សហរដ្ឋអាមេរិក, ទ្វីបអាមេរិកខាងត្បូង, ទ្វីបអាហ្វ្រិក, ប្រទេសអូស្ត្រាលី, ព្រមទាំងផ្នែកជាច្រើននៃទ្វីបអឺរ៉ុប និងអាស៊ី ដែលស្ថិតនៅប៉ែកខាងត្បូងនៃរង្វង់អាកទិក (Arctic Circle)។ បើតាមអ្នកវិទ្យាសាស្ត្រ និងជាជំនាញផ្នែកសំរាមអវកាសមួយរូបផងដែរ គឺលោក Marco Langbroek មកពីសាកលវិទ្យាល័យជាតិហូឡង់ បានលើកឡើងថា «ទោះបីជាមានហានិភ័យខ្លះមែន តែយើងមិនគួរព្រួយបារម្ភពេកនោះទេ… ព្រោះយានអវកាសនេះតូច ហើយបើទោះបីជាវាមិនបែកចេញជាបំណែកៗ ក៏ហានិភ័យមិនសូវខុសពីការធ្លាក់ដុំអាចម៍ផ្កាយតូចៗ លើភពផែនដីជាប្រចាំឆ្នាំនោះដែរ… ជាការប្រៀបធៀប ហានិភ័យដែលត្រូវរន្ទះបាញ់ក្នុងមនុស្សម្នាក់ៗលើផែនដី គឺមានកម្រិតខ្ពស់ជាងការត្រូវអាចម៍ផ្កាយ និងកម្ទេចយានអវកាសធ្លាក់ចំនោះឆ្ងាយណាស់…»។

យ៉ាងណាក៏ដោយ អារម្មណ៍ភ័យព្រួយនៅតែមិនអាចទប់ជាប់ឡើយ ព្រោះកាលពីជាងមួយឆ្នាំមុននេះ (អំលុងខែកុម្ភៈ ឆ្នាំ២០២៤) ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបំណែករឹងនៃវត្ថុអវកាស ដែលគេសង្ស័យថាជាបំណែករ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ចំនួន ២ ដោយមួយមានប្រវែង ១.៥ម៉ែត្រ និងមួយទៀតត្រឹមជិត ១ម៉ែត្រ បានធ្លាក់ពីលើលើប្រទេសប៉ូឡូញ ហើយជាសំណាងល្អដែលគ្មានមនុស្សរងគ្រោះ និងកាលពីឆ្នាំ២០២៤ដដែល បំណែកដែលគេសង្ស័យថា បានមកពីរ៉ុក្កែតដូចគ្នា បានធ្លាក់លើភូមិមួយនៃប្រទេសកេនយ៉ា ហើយជាសំណាងល្អដូចគ្នាដែលគ្មានមនុស្សរងគ្រោះ។

បន្ថែមពីខាងលើនេះ កាលពីខែមីនា ឆ្នាំ២០២៤ អង្គការ NASA បានរងពាក្យបណ្តឹងពីគ្រួសារមួយពាក់ព័ន្ធការធ្លាក់ដុំលោហៈ លើលំនៅដ្ឋានរបស់ពួកគេក្នុងរដ្ឋផ្លូរីដា ដែលបានបណ្តាលឲ្យរងការខូចខាត តែជាសំណាងល្អដែលមិនមានមនុស្សរងគ្រោះ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ CBS News (ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥)

Comments (0)
Add Comment