(បរទេស)៖ រយៈពេលខ្ទង់ ៤ទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបើកកកាយបន្តិចៗម្តង អំពីការពិតនៃព្រះចន្ទ ទីតាន (Titan) ដែលមានអង្កត់ផ្សិត ៥,១៥០km ឬបើគិតជាទំហំគឺធំជាងភពពុធ (Mercury) ប្រមាណជា ៦% នោះ។ រាប់ចាប់តាំងពីការយល់ដឹងដំបូងអំពីបរិយាកាសព្រះចន្ទនេះកាលពីចុងទសវត្សរ៍ ១៩៧០ រហូតដល់យាន Voyager-1 បានគោចរកៀកព្រះចន្ទនោះកាលពីទសវត្សរ៍ ១៩៨០ ដោយបានរកឃើញថា សម្ពាធលើផ្ទៃព្រះចន្ទនោះមានកម្រិតខ្ពស់ជាងលើផែនដីមក តេឡេស្កូបបន្តបន្ទាប់ នៅតែមិនអាចងាករេកាណុងចេញពី Titan ឡើយ។
តមកទៀតនៅឆ្នាំ១៩៩៥ តេឡេស្កូបអវកាស Hubble បានសង្កេតឃើញបឹង ឬសមុទ្រជាលើកដំបូងលើផ្ទៃព្រះចន្ទធំបំផុតរបស់ភពសៅរ៍ (Saturn) នោះ រួចឈានមកដល់ឆ្នាំ២០០៤ និង ២០០៥ ដែលបេសកកម្ម Cassini-Huygens របស់អង្គការ NASA និង ESA បានរកឃើញថា សមុទ្រ និងបឹងរបស់ Titan មិនមែនជាទឹកដូចផែនដីនោះទេ តែវាគឺជាសារធាតុរាវមេតាន (Methane) និងអេតាន (Ethane) ព្រោះសីតុណ្ហភាពលើផ្ទៃព្រះចន្ទនោះអាចចុះត្រជាក់បំផុតដល់ទៅ – 179 អង្សាសេឯណោះ។

ឈានចូលមកដល់ខែឧសភា ឆ្នាំ២០២៥នេះ លទ្ធផលសង្កេតកាលពីពេលថ្មីៗនេះលើ Titan ត្រូវបានបញ្ចេញពីបេសកកម្មតេឡេស្កូបអវកាស James Webb ផង និងតេឡេស្កូបលើដីឈ្មោះ Keck II ដែលស្ថិតនៅលើភ្នំ Mauna Kea នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក នោះផង។ តាមរយៈឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាទៅតាមកម្រិតរបស់ James Webb និងតេឡេស្កូប Keck II ក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹង ភាពច្បាស់លាស់ជាច្រើនអំពី Titan ជាពិសេសគឺបរិយាកាស។

នៅក្នុងទិដ្ឋភាពជាក់ស្តែងដ៏គួរឲ្យចាប់អារម្មណ៍ យើងឃើញ Titan គ្របដណ្តប់ដោយអ័ព្ទក្រាស់ពណ៌លឿង ហើយមិនខុសពីភពផែនដីនោះទេ ព្រះចន្ទភពសៅរ៍មួយនេះគ្របដណ្តប់ដោយសមាសធាតុ នីដ្រូសែន ឬ អាសូត (nitrogen) យ៉ាងក្រាស់ក្រែលនៅក្នុងបរិយាកាស ហើយក៏មាននូវពពក និងភ្លៀងធ្លាក់ផងដែរ។ ប៉ុន្តែ, អ្វីដែលខុសពីភពផែនដីនោះ គឺពពក និងភ្លៀងនៅលើ Titan ជាមេតាន (methane) មិនមែនទឹកនោះទេ។
នៅក្នុងរូបភាពសង្កេតដោយ James Webb ថ្មីៗនេះ យើងអាចសង្កេតឃើញបណ្តុំពពក នៅតំបន់កណ្តាល និងខាងលើនៃរយៈទទឹងខាងជើង តែងតែកកើតឡើងជាប្រចាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានគូសបញ្ជាក់ថា «នេះជាលើកដំបូងដែលក្រុមអ្នកវិទ្យាសាស្ត្រ ប្រទះឃើញភាពកកកុញនៃពពក នៅតំបន់ភាគខាងជើងនៃព្រះចន្ទ Titan ដែលទីនោះជាតំបន់ពោពេញដោយបឹង និងសមុទ្រភាគច្រើនតែម្តង…។ វាក៏មានន័យថា បឹង និងសមុទ្រទាំងនោះ ត្រូវបានបំពេញជារឿយៗដោយភ្លៀងធ្លាក់ទៅលើតំបន់នោះផងដែរ…»។
គួរបញ្ជាក់ថា ការសង្កេតដោយ James Webb និង Keck II ជាលើកដំបូងលើ Titan ត្រូវបានធ្វើឡើងកាលពីអំលុងដើមខែវិច្ឆិកា ឆ្នាំ២០២២ និងក្រោយមកទៀតនៅជិតពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២៣ ក្នុងនោះគឺដើម្បីតាមដានឲ្យដឹងអំពី បម្រែបម្រួលពពកក្នុងបរិយាកាសព្រះចន្ទនោះ។ វាខុសពីការសិក្សាស្រាវជ្រាវមុនៗ ព្រោះប៉ុន្មានទសវត្សរ៍មកនេះ យើងត្រឹមថតរូបភាព និងប្រើឧបករណ៍វិភាគរកសមាសធាតុផ្សំ ហើយធ្វើការវាយតម្លៃពីស្ថានភាពដែលអាចទៅរួចលើព្រះចន្ទ Titan នោះតែម្តង។ ប៉ុន្តែសម្រាប់បេសកកម្មរបស់ James Webb និង Keck II ថ្មីនេះវិញ ក្រុមអ្នកវិទ្យាសាស្ត្របានសម្ងំរង់ចាំមើលបម្រែបម្រួលបរិយាកាសរបស់ Titan ក្នុងរយៈពេលរាប់ខែ ទើបអាចវាយតម្លៃចេញជាលទ្ធផលប្រកបដោយភាពប្រាកដប្រជាដំបូងបំផុត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥)
(ប្រិយមិត្តអាចឧបត្ថម្ភការផ្សាយរបស់វែបសាយ Cambo Space បានតាមរយៈ ABA, សូមអរគុណជានិច្ចចំពោះការគាំទ្រ)