(បរទេស)៖ កាលពីថ្ងៃទី១៣ និង១៤ ខែឧសភា ឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក) ព្រះអាទិត្យបានជះចេញនូវអណ្តាតភ្លើង (solar flare) យ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៥នេះ ហើយការជះនូវនៅតែបន្តអស់ជាច្រើនម៉ោងជាប់ៗគ្នា, នេះបើតាមការសង្កេតជាប់ជានិច្ចដោយ តេឡេស្កូបអវកាសសង្កេតព្រះអាទិត្យ SDO របស់អង្គការ NASA។
កម្រិត solar flares ដែលត្រូវបានជះចេញពីតំបន់ចំណុចខ្មៅ (sunspot) មួយឈ្មោះ AR4086 នៃផ្ទៃអណ្តាតភ្លើងព្រះអាទិត្យ នោះត្រូវបានអង្គការ NASA គណនាថា មានកម្រិតខ្លាំងក្លារហូតដល់ X1.2 ហើយបន្ទាប់មកទៀតតំបន់ចំណុចខ្មៅមួយទៀតឈ្មោះ AR4087 ក៏បានជះចេញនូវ flare កម្រិតខ្លាំងគួរសមដែរគឺ M5.3 រួចទើបលោតដល់កម្រិតខ្លាំងបំផុត X2.7 និងប៉ុន្មានម៉ោងក្រោយមកទៀត តំបន់ដដែលនេះបានជះចេញនូវ flare កម្រិត M7.7។
យោងតាម NASA ព្រឹត្តិការណ៍ជះ flare ដ៏កម្រោលពីព្រះអាទិត្យកាលពីថ្ងៃទី១៤ ខែឧសភា នោះបានបង្កឲ្យដាច់រលកវិទ្យុទាក់ទងនៅផ្នែកមួយចំហៀងរបស់ផែនដី ដែលបែរទៅរកព្រះអាទិត្យចំពេលនៃការកើតមានព្រឹត្តិការណ៍ជះអណ្តាតភ្លើង ក្នុងនោះមានដូចជា ទ្វីបអាមេរិកខាងជើង និងខាងត្បូង, ទ្វីបអឺរ៉ុប, តំបន់មជ្ឈិមបូព៌ា, ទ្វីបអាហ្វ្រិក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ការជះអណ្តាតភ្លើងពីព្រះអាទិត្យ (solar flares) គឺជាសកម្មភាពផ្ទុះឡើងនូវរលកធាតុវិទ្យុសកម្មអេឡិចត្រូវម៉ាញេទិច (electromagnetic radiation) ចេញពីតំបន់នានាលើផ្ទៃអណ្តាតភ្លើងរបស់ព្រះអាទិត្យ ដែលសកម្មភាពនៃដែនម៉ាញេទិចមានភាពពុះកញ្ជ្រោលខ្លាំង ហើយជាធម្មតាវាតែងតែកើតឡើងចេញពីចំណុចខ្មៅ (sunspots) តែម្តង ឬមួយក៏អាចនៅតំបន់ជុំវិញចំណុចខ្មៅនោះ។
កន្លងមកនេះ អង្គការ NASA និងទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ស្ថាប័ន NOAA នៃសហរដ្ឋអាមេរិកបានបែងចែកលំដាប់ថ្នាក់ (classes) របស់ solar flares ជា ៥ នោះគឺ A, B, C, M និងខ្ពស់ជាងបំផុតគឺ X នេះតែម្តង។ សម្រាប់លំដាប់ថ្នាក់ M និង X ជាដើមក៏ត្រូវបានចាត់ជាច្រើនកម្រិតផងដែរដូចជា M1 រហូតដល់ M9 និង X1 រហូតដល់ X9 ជាដើម។
យ៉ាងណាក៏ដោយ សម្រាប់កម្រិត X1.2 និង X2.7 ដែលបានកើតឡើងក្នុងសប្តាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៥នេះ គឺមានភាពស្រាលជាងកម្រិត X9 ដែលបានកើតឡើងកាលពីអំលុងខែតុលា ឆ្នាំ២០២៤ នោះឆ្ងាយ ហើយកម្រិត X9 នោះជាការជះថាមពលនៃ solar flare ដ៏ខ្លាំងក្លាបំផុត ដែលយើងមិនធ្លាប់បានឃើញអស់រយៈពេល ៧ឆ្នាំ កាលពីឆ្នាំ២០២៤នោះ។ នៅក្នុងឆ្នាំ២០២៥នេះ កម្រិត X-class នៃ solar flare ក៏បានកើតឡើងម្តងផងដែរកាលពីខែមីនា ប៉ុន្តែវាស្រាលជាងនៅក្នុងខែឧសភានេះ។
គួរបញ្ជាក់ថា ការជះអណ្តាតភ្លើងព្រះអាទិត្យ X2.7 ពីតំបន់ចំណុចខ្មៅ AR4087 កាលពីថ្ងៃទី១៤ ខែឧសភានោះ ក៏បានកកើតឡើងទៅជាបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (coronal mass ejection ឬ CME) មួយផងដែរ តែសំណាងល្អវាមិនបានជះមកកាន់ទិសដៅផែនដីយើងទេ ប៉ុន្តែវាបានជះសម្តៅទៅរកភពអង្គារទៅវិញ ខណៈអង្គការ NASA បានព្យាករថា ឥទ្ធិពល CME នោះនឹងទៅដល់ភពអង្គារនៅថ្ងៃទី១៨ ខែឧសភា (ម៉ោងនៅអាមេរិក)។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករថា ប៉ុន្មានថ្ងៃខាងមុខទៀតនេះតំបន់ចំណុចខ្មៅព្រះអាទិត្យ AR4087 នឹងវិលមកដល់ទីតាំងទល់មុខផែនដី ហើយប្រសិនបើវាជះ solar flare បន្ថែមក្នុងកម្រិតធ្ងន់ នោះយើងនឹងប្រឈមមុខការដាច់រលកវិទ្យុទាក់ទងទៀត ហើយប្រសិនបើ solar flare នោះកកើតជា CME ហើយជះតម្រង់មករកយើងបន្ថែមទៀតនោះ យើងប្រាកដជាជួបព្យុះភូមិសាស្ត្រម៉ាញេទិច (geomagnetic storm) ជាក់ជាមិនខាន ដោយនឹងវាបង្កទៅជាពន្លឺ Aurora ពាសពេញលើប៉ូលទាំង ២។

យោងតាមស្ថាប័ន NOAA វាមានឱកាសខ្ពស់ដែលតំបន់ AR4087 ជះ solar flare ក្នុងលំដាប់ M-class មកកាន់ផែនដីយើងនៅចុងសប្តាហ៍នេះ (អាចនៅថ្ងៃទី១៧ ខែឧសភា ពេលវេលានៅអាមេរិក ឬត្រូវនឹងថ្ងៃទី១៨ ខែឧសភា ពេលវេលានៅកម្ពុជា)។ សម្រាប់ឱកាសដែលអាចកើតមាន solar flare ក្នុងលំដាប់ M-class គឺ ៦៥% និងការកើតដល់កម្រិត X-class គឺ ៣៥%។ មួយវិញទៀត ទាំងនេះមិនមែនជាអ្វីដែលមនុស្សលោកលើផែនដីត្រូវតក់ស្លុតនោះទេ ព្រោះយើងមានខែលការពារច្រើនជាន់ណាស់ ដូចជាដែនម៉ាញេទិចផែនដី និងបរិយាកាសយ៉ាងក្រាស់គ្របដណ្តប់ពីលើយើងជារៀងរាល់ថ្ងៃ…៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥)