(បរទេស)៖ ផ្ទៃមេឃពេលយប់បានផ្តល់ឱ្យក្រុមអ្នកឃ្លាំមើលដែលមានសំណាង ជួបប្រទះនូវទិដ្ឋភាពពិសេសផ្ទួនៗដែលមិននឹកស្មានដល់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈសុខៗក៏កើតមានព្យុះភូមិសាស្ត្រម៉ាញេទិច (Geomagnetic Storm) និងមួយទៀតនោះគឺកំពុងទស្សនាពន្លឺអូរ៉ូរ៉ា (Aurora) ស្រាប់តែមានពពកសភ្លឺយ៉ាងចម្លែកមួយល្វែង អូសកាត់ផ្ទៃមេឃពីលើចុះក្រោម ស្របពេលដែលពន្លឺ Aurora កំពុងតែបង្ហាញវត្តមាន។ ពេលនោះគ្រប់គ្នាបានងឿងឆ្ងល់ខ្លាំងថា តើពន្លឺមួយឆ្នូតធំនោះជាអ្វីឲ្យប្រាកដ?
មុននឹងយល់ដឹងការពិតនេះ ចូរគ្រប់គ្នាងាកមកយល់ដឹងពីព្យុះ Geomagnetic នោះសិន ដោយវាបានកើតឡើងក្នុងកម្រិតមធ្យម (G2) កាលពីថ្ងៃទី១៦-១៧ ខែឧសភា បន្ទាប់ពីរយៈពេល ៤ថ្ងៃនៃការជះចេញនូវបណ្តុំអណ្តាតភ្លើងរាងពងក្រពើ យើងហៅកាត់ថា CME ពីព្រះអាទិត្យនោះ (ជាធម្មតានៅពេលដឹងឮព័ត៌មាននេះ ក្រុមអ្នកតាមដានផ្ទៃមេឃនៅអាមេរិក និងប្រទេសជិតៗប៉ូលទាំង២ផែនដី តែងតែរង់ចាំថតយកពន្លឺ Aurora)។
យ៉ាងណាក៏ដោយ រឿងដែលក្រុមអ្នកទស្សនាទិដ្ឋភាពផ្ទៃមេឃពេលរាត្រីនៅអាមេរិក ងឿងឆ្ងល់ពិតប្រាកដនោះបានកើតឡើង នៅពេលដែលពន្លឺនៃពពកពណ៌សដ៏ភ្លឺចែងចាំង លើមេឃនៃរដ្ឋខូឡូរ៉ាដូ (Colorado) និងផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិក នៅពេលពួកគេមួយចំនួនក្រឡេកមើលឃើញដំបូង បានយល់ច្រឡំថាវាជាបាតុភូតពន្លឺ STEVE (ជាផ្នែកមួយរបស់បាតុភូតពន្លឺ Aurora)។ ប៉ុន្តែសម្រាប់ក្រុមអ្នកជំនាញខាងតាមដានបាតុភូតលើមេឃយ៉ាងដិតដល់តែម្តង ពួកគេអាចដឹងភ្លាមៗថានោះមិនមែនជាពន្លឺ STEVE នោះទេ។
ជុំវិញព្រឹត្តិការណ៍នេះ អ្នកជំនាញខាងថតរូបភាពផ្ទៃមេឃពេលរាត្រីមួយរូបឈ្មោះ Mike Lewinski បានប្រាប់សារព័ត៌មាន Space Weather ថា «នៅពេលពន្លឺ Aurora កំពុងរំកិលចុះទាបទៅៗនៅជើងមេឃខាងជើង ស្រាប់តែមានពន្លឺភ្លឺចែងចាំងលេចចេញមក ដែលដូចជារ៉ុក្កែតធ្លាក់ចុះមកមកវិញ ពីលើមេឃខ្ពស់ចុះមកដល់ជើងមេឃក៏បាត់ទៅវិញ…»។ លោក Lewinski បានថតយកទិដ្ឋភាពទាំងមូលតែម្តងនៅពីលើតំបន់ Crestone នៃរដ្ឋ ខូឡូរ៉ាដូ។

សរុបទៅតើពន្លឺនោះជាអ្វីឲ្យប្រាកដ? ចម្លើយ៖ វាបានកើតចេញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ប្រហែលមួយម៉ោងមុនព្រឹត្តិការណ៍នេះកើតឡើង។ ក្រុមហ៊ុនអវកាសចិនមួយឈ្មោះ Landscape បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត ជូឈែ ២អ៊ី (Zhuque-2E) ដែលប្រើប្រាស់ឥន្ធនៈប្រភេទ មេតាន (methane) របស់ខ្លួនពីទីតាំងបាញ់បង្ហោះឈ្មោះ Site 96 នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវក្វាន់ (Jiuquan ឬ JSLC) ក្នុងប្រទេសចិន។
រ៉ុក្កែត Zhuque-2E វាបានដឹកផ្កាយរណបចំនួន ៦គ្រឿងទៅកាន់គន្លងតារាវិថី ក្នុងនោះមានដូចជា ប្រព័ន្ធរ៉ាដានៅទីអវកាស និងឧបករណ៍វិទ្យាសាស្ត្រជាដើម។ យោងតាមសារព័ត៌មាន Space Weather បានឱ្យដឹងថា «ចរន្តដែលបង្កឲ្យមានពន្លឺមួយឆ្នូតពីលើចុះក្រោម ដូចក្នុងវីដេអូពន្លឿនមួយនេះ ទំនងជាការបង្វិល ឬបញ្ឆេះផ្នែកណាមួយរ៉ុក្កែត ដើម្បីពន្លែងផ្កាយរណបទាំងនោះ ទៅកាន់គន្លងគោចរ…»។
បន្ថែមពីនេះ តារាវិទូជនជាតិអាមេរិកមួយរូបគឺលោក Jonathan McDowell ក៏បានបកស្រាយយ៉ាងច្បាស់លាស់តាមរយៈគណនី X របស់លោកថា «វាបានកើតមានឡើងដោយសារកំណាត់ផ្នែកខាងលើ (upper stage) នៃរ៉ុក្កែត Zhuque-2e របស់ចិនឆ្លងកាត់ពីលើរដ្ឋ Arizona, New Mexico, Colorado និង Utah (U.S. Four Corners area) ហើយពន្លឺពណ៌សភ្លឺនោះបានកកើតឡើងដោយសារតែឥន្ធនៈភាយចេញពីកំណាត់រ៉ុក្កែតនោះនៅរយៈកម្ពស់ ២៥០km ពីផ្ទៃផែនដី»៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE via Space Weather (ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥)