(បរទេស)៖ បាតុភូតផ្លេកបន្ទោរ (Lightning) និងរន្ទះបាញ់ (Lightning strike) ជាដើមត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងថា ជាប្រភពយ៉ាងសំខាន់មួយ ដែលបានចូលរួមចំណែកក្នុងការ «បង្កើតឱកាស» ឲ្យភពផែនដីរបស់យើងនេះមាន «ជីវិត» កកើតឡើង។ ក្នុងន័យនេះ យើងចង់សម្តៅទៅលើការផ្តល់ប្រភពថាមពលសំខាន់មួយ ដើម្បីឲ្យភពផែនដីបង្កើតនូវសមាសធាតុគីមីពិសេសៗមួយចំនួន ដែលបានជួយជំរុញដល់ការកកើតជីវិត នៅលើភពបៃតងរបស់យើងនេះកាលពីអតីតកាល។
ប៉ុន្តែ… សម្រាប់ភពនៅប្រព័ន្ធផ្កាយដទៃ (exoplanets) ខ្លះដែលមានគន្លងគោចរបិទ (locked orbit) ដែលផ្នែកម្ខាងរបស់ពួកវាបែបមុខរកផ្កាយរហូត និងម្ខាងទៀតត្រូវងងឹតរហូតនោះ ភាពស្មុគស្មាញជាច្រើនបាននិងកំពុងកើតឡើង ហើយបាតុភូត «ផ្លេកបន្ទោរ និងរន្ទះបាញ់» លើភពទាំងនោះ គឺជាកត្តាចម្បងមួយផងដែរ ដែលរារាំងភពទាំងនោះមិនឲ្យមានឱកាសកកើតជីវិត ដូចនៅលើភពផែនដីយើង។

តើថាមពលអ្វីដែលបាតុភូត «ផ្លេកបន្ទោរ និងរន្ទះបាញ់» ផ្តល់ឲ្យដល់ជីវិតនោះ? ត្រង់ចំណុចនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ប្រ៊ីស្តូល (Bristol) ចក្រវាលភពអង់គ្លេសបានពន្យល់ថា «ជាធម្មតាផ្លេកបន្ទោរមានកម្តៅប្រមាណជាង ២៧,៧០០អង្សាសេ… កម្តៅកម្រិតនេះគឺល្មមគ្រប់គ្រាន់ក្នុងបំបែកឧស្ម័ន (gases) សំខាន់ក្នុងបរិយាកាស ហើយអនុញ្ញាតឲ្យបង្កើតនូវសមាសធាតុថ្មីៗទៀតជំនួសវិញ…។ នៅក្នុងបរិយាកាសផែនដីបច្ចុប្បន្ន ផ្លេកបន្ទោរតែងតែបំបែកម៉ូលេគុលនីដ្រូសែន ឬ អាសូត (nitrogen) និងអុកស៊ីហ្សែន (oxygen) ហើយបង្កើតចេញទៅជា នីដ្រូសែនអុកស៊ីត (nitrogen oxides)»។
ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា «សម្រាប់ដំណាក់កាលដំបូងៗ នៃការជិតមានជីវិតកកើតឡើងលើភពផែនដី (យើងចង់សម្តៅដល់ពេលដែលភពផែនដី មិនទាន់សំបូរអុកស៊ីហ្សែនក្នុងបរិយាកាស ដោយសាររស្មីសំយោគ) បាតុភូតផ្លេកបន្ទោរ និងរន្ទះបាញ់បានដើរតួនាទីយ៉ាងចាំបាច់ នៅក្នុងការបង្កើតសមាសធាតុដំបូងៗ ឬ prebiotic ដែលសុទ្ធសឹងជាពពួកម៉ូលេគុល ដែលរួមគ្នាបង្កើតឡើងនូវបណ្តុំប្រូតេអ៊ីនសម្រាប់ជីវិតនោះឯង»។

យ៉ាងណាក៏ដោយ គិតត្រឹមឆ្នាំ២០២៥នេះ យើងមិនទាន់រកឃើញភពដទៃណាមួយក្រៅពីផែនដី ដែលអាចមានជីវិតរស់នៅនៅឡើយទេ ប៉ុន្តែយើងក៏ខិតកាន់តែកៀកផងដែរនៅក្នុងការរកឃើញ ក្នុងនោះភព K2-18b គឺជាគោលដៅធំមួយ។ ប៉ុន្តែ… យើងមិនបាច់ទៅឆ្ងាយបែបនោះពេកឡើយ ដោយពេលនេះយើងអាចលើកយកត្រឹមភព Exoplanet ដែលកៀកនឹងផែនដីបំផុតនោះគឺ Proxima b មកធ្វើជាឧទាហរណ៍ក៏បានដែរ។
សម្រាប់ភព Proxima b ដែលគោចរជុំវិញផ្កាយ Proxima Centauri ចម្ងាយត្រឹមតែ ៤.២ឆ្នាំពន្លឺពីភពផែនដីនោះ ត្រូវបានក្រុមតារាវិទូគណនាថា ស្ថិតនៅក្នុងតំបន់អំណោយផល ដល់ការកកើតជីវិត (habitable zone) ពីផ្កាយមេរបស់វា។ ដោយសារតែ Proxima Centauri ជាផ្កាយតូចពណ៌ក្រហម (red dwarf) ដែលមានពន្លឺខ្សោយ និងម៉ាសស្រាលជាងព្រះអាទិត្យយើង ដូច្នេះទីតាំង Habitable Zone របស់ Proxima b ក៏ស្ថិតនៅកៀកផ្កាយមេវាដែរ នោះគឺតែ ៧.២៦លានkm ប៉ុណ្ណោះ និងគោចរ១ជុំផ្កាយមេវា ប្រើពេលតែជាង ១១ថ្ងៃនៃផែនដី។
អ្វីៗដូចដែលបានរៀបរាប់មកនេះហាក់ដូចជាប្រសើរណាស់ ប៉ុន្តែបញ្ហាធំមួយបានលេចឡើងនោះគឺ Proxima b ជាភពស្ថិតក្នុងគន្លងគោចរបិទ ឬខ្ទាស់ (locked orbit) ដែលផ្នែកម្ខាងរបស់ភពនេះបែបមុខរកផ្កាយវារហូត និងម្ខាងទៀតត្រូវងងឹតរហូត…។ ងាកមកកាន់ភពរបស់យើងវិញនោះគឺ «ផែនដីមានបរិយាកាសប្រកបដោយភាពបត់បែនមួយ… ប្រព័ន្ធបរិយាកាសប្រភេទនេះ តែងតែបង្កឲ្យមានព្យុះផ្គររន្ទះជាប្រចាំតែម្តង ហើយក្នុងនោះករណីរន្ទះបាញ់អាចកើតឡើងយ៉ាងហោចណាស់ ១០០ដងក្នុង១វិនាទី នៅលើភពផែនដី…»។
លោកអ្នកប្រាកដជាគិតថា ភពស្ថិតក្នុង locked orbit សមតែមានអាកាសធាតុស្ងប់ស្ងាត់ ប៉ុន្តែតើវាអាចបង្កើតព្យុះផ្គររន្ទះ (lightning storm) បានយ៉ាងដូចម្តេច? ជុំវិញចម្ងល់នេះ អ្នកវិទ្យាសាស្ត្រមួយរូបដែលដឹកនាំការស្រាវជ្រាវខាងលើនេះគឺលោក Denis Sergeev មកពីសាកលវិទ្យាល័យ Bristol បានបង្កើតគំរូម៉ូដែលភពមួយចំនួន ដោយសន្មត់ថាជាបរិយាកាសដូច Proxima b និងខុសប្លែកពីគ្នាបន្តិចបន្តួច តាមកម្មវិធីកុំព្យូទ័រ (atmospheric simulations) ដោយដាក់ភពទាំងនោះឲ្យស្ថិតនៅក្នុងគន្លង locked orbit ហើយវីធីសាស្ត្រនេះក៏មិនខុសពីការសិក្សាបម្រែបម្រួលបរិយាកាស និងអាកាសធាតុលើផែនដីតាមប្រព័ន្ធកុំព្យូទ័រនោះដែរ…។
យោងតាមការសិក្សាគំរូម៉ូដែលតាមកុំព្យូទ័រនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា «ភពប្រភេទ locked orbit ឬយើងអាចហៅថា tidal locked ក៏បានដែរ ពិតជាអាចកើតមានព្យុះផ្គររន្ទះមែន ប៉ុន្តែព្យុះទាំងនោះមានលក្ខណៈខុសប្លែកពីលើផែនដី…។ ភាពខុសប្លែកមានច្រើន ដោយសំខាន់បំផុតគឺទៅលើមួយចំហៀងភពទាំងនោះ (ដូចជា Proxima b) ត្រូវបែរមុខរកផ្កាយមេវារហូត ហេតុដូច្នេះចរន្តនៃការផ្លាស់ប្តូរកម្តៅ (heat flows) តែងកើតមានរវាងផ្នែកពេលយប់ និងពេលថ្ងៃ។ មួយវិញទៀតចំនួនរន្ទះបាញ់លើភពទាំងនោះក៏មានតិចជាងលើផែនដីផងដែរ (អាច ២ ទៅ ៣ដងប៉ុណ្ណោះក្នុង ១វិនាទី ធៀបនឹងផែនដីដែលកើតឡើងជាមធ្យម ១០០ដង ក្នុង១វិនាទី) នេះបើយើងនិយាយអំពីភពដែលមានបរិយាកាសស្តើង ស្មើត្រឹម ៣០% របស់បរិយកាសផែនដី»។
លទ្ធផលសិក្សាដដែលបានសង្កេត់ធ្ងន់ទៀតថា «សម្រាប់ភពដែលមានសម្ពាធបរិយាកាសខ្លាំង ដែលស្មើរហូតដល់ទៅ ១០ដងនៃសម្ពាធបរិយាកាសផែនដីនោះ ចំនួនរន្ទះបាញ់ក៏មានតិចខ្លាំងដែរ នោះគឺជាមធ្យមតែម្តងប៉ុណ្ណោះក្នុងរយៈពេល ២ ទៅ ៣វិនាទី…។ មូលហេតុគឺដោយសារតែភពមានសម្ពាធបរិយាកាសខ្លាំង ការជំរុញកោសិការង្វិលដើម្បីឲ្យកកើតទៅជាផ្លេកបន្ទោរ និងរន្ទះបាញ់នោះត្រូវបានទប់ស្កាត់…។ មួយវិញទៀតភពទាំងនោះ (ដូចជា Proxima b ជាដើម) មិនមានចរន្តផ្លាស់ប្តូរកម្តៅក្នុងបរិយាកាសល្អប្រសើរដូចផែននោះឡើយ ព្រោះតែពួកវាមិនមានរង្វិលខ្ញាល់»។
គួរបញ្ជាក់ថា លទ្ធផលសិក្សាខាងលើនេះមិនមែនចង់មានន័យទាំងស្រុងថា ផ្លេកបន្ទោរ និងផ្គររន្ទះ ជាកត្តាជំរុញឲ្យភពមួយមានជីវិតកកើតតែម្តងនោះឡើយ គ្រាន់តែក្រុមអ្នកវិទ្យាសាស្ត្របានសិក្សា និងរកឃើញថាវាជា «កត្តារួមចំណែកដែលអាចទៅរួច»។ ទោះបីជាការសិក្សារកឃើញ ភពមានគន្លងគោចរបិទ (tidal locked) មានរន្ទះបាញ់ក្នុងចំនួនតិចបំផុត ដែលជាការបន្ថយឱកាសក្នុងការឲ្យជីវិតកកើតក្តី ក៏លោកអ្នកគួរចងចាំថា «ធម្មជាតិតែងផ្តល់នូវឱកាស ហើយឱកាសនោះហើយដែលផ្តល់ឲ្យជីវិត ក្នុងការកកើត ទោះពេលខ្លះស្ថិតនៅក្នុងលក្ខខណ្ឌដ៏លំបាកក៏ដោយ»៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE via Royal Astronomical Society (ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥)