អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ.អេដស៍ អំពាវនាវឱ្យមាន «សមធម៌» អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី ក្នុងទិវាសុខភាពមករដូវ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ.អេដស៍ អំពាវនាវឱ្យមាន «សមធម៌» អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី ក្នុងទិវាសុខភាពមករដូវ

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានរៀបចំ «ទិវាសុខភាពពេលមករដូវឆ្នាំ២០២៥» ដើម្បីរួមគ្នាលុបបំបាត់ការមាក់ងាយ ការរើសអើង ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយ​កង្វះខាត​សម្ភារៈអនាម័យពេលមករដូវ ក៏ស្របគ្នាជាមួយការលើកកម្ពស់សុខភាព ស្រ្តីនិងក្មេងស្រី និងជាការអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី។

(រូបភាពពីអង្គការ AHF Cambodia)

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងមានការចូលរួមពីលោក វេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ចៅ វិរៈយុទ្ធ នាយកវិទ្យាល័យឫស្សីកែវ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជាង ៣០០នាក់។

នាឱកាសនោះលោក សាំង សុផល បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រី គ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ ។

(រូបភាពពីអង្គការ AHF Cambodia)

លោក សាំង សុផល បានបន្ថែមថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមានគណៈកម្មាធិការសុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី និងផ្តល់សមធម៌អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី។

បើតាមលោក វេជ្ជ ចន ផាន់ណា បានឱ្យដឹងថា ទិវាសុខភាពពេលមករដូវមានគោលបំណងដើម្បីកាត់បន្ថយការមាក់ងាយ ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ។ ទិវាសុខភាពពេលមករដូវកំពុងនឹងត្រូវបានប្រារព្ធ​ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។

(រូបភាពពីអង្គការ AHF Cambodia)

នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីនាម័យបង្ខំឱ្យក្មេងស្រីជាច្រើនខកខានមិនបានចូលរៀន និងបោះបង់ចោលការសិក្សា បោះបង់ការងារ។ ទាំងនេះហើយដែលនាំមានកើនឡើងនូវទំនាក់ទំនងមានការរួមភេទ ជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។

អង្គការ AHF រំលឹកទិវាសុខភាពពេលមករដូវទូទាំងពិភពលោកនេះគឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តក្នុងការបង្ការការឆ្លងមេរោគអេដស៍ឲ្យកាន់តែទូលំទូលាយទំនាក់ទំនងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជ ធានាស្ត្រី និងកុមារី/អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗ។

(រូបភាពពីអង្គការ AHF Cambodia)

បើតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រជាជនប្រមាណជិត២ពាន់លាននាក់ មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះមាន ៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរក​លទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត។

(រូបភាពពីអង្គការ AHF Cambodia)

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់និងការតស៊ូមតិដល់មនុស្សជាង២.២លាននាក់ក្នុង ៤៨ប្រទេសនៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោក ពីមេរោគអេដស៍/ជំងឺ អេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ។

(រូបភាពពីអង្គការ AHF Cambodia)

ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org ស្វែងរកពួកយើងនៅលើ Facebook: www.facebook.com/aidshealth ហើយតាមដានពួកយើងនៅលើ Twitter: @aidshealthcare និង Instagram: @aidshealthcare ៕

Comments (0)
Add Comment