(បរទេស)៖ ដំណើរផ្សងព្រេងទៅរក «កាឡាក់ស៊ីឆ្ងាយៗបំផុត ឬចំណាស់ៗបំផុត» ក្នុងចក្រវាល ដោយតេឡេស្កូបអវកាស James Webb នៃអង្គការ NASA ESA និង CSA ទើបតែសម្រេចបាននូវលទ្ធផលថ្មីសម្រាប់ឆ្នាំ២០២៥នេះ នោះគឺកាឡាក់ស៊ីឆ្ងាយ ឬចំណាស់បំផុតថ្មីមួយ ដែលត្រូវបានកត់ចូលក្នុងបញ្ជីស្ថិតនៅលេងរៀងលើគេ ហើយវាក៏បានធ្វើឲ្យកាឡាក់ស៊ីចំណាស់ៗមុនៗធ្លាក់ចុះពីកំពូលតារាងបណ្តាក់ៗគ្នាផងដែរ។
តើកាឡាក់ស៊ីថ្មីដែលយើងកំពុងនិយាយនេះ មានវ័យចំណាស់កម្រិតណាទៅ? ចម្លើយ៖ អាយុរបស់កាឡាក់ស៊ីដែល James Webb ទើបវែករកឃើញថ្មីនេះគឺ ២៨០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang ហើយក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឲ្យវាថា MoM z14។ វាជាកាឡាក់ស៊ីឆ្ងាយបំផុត ដែលមនុស្សជាតិមិនធ្លាប់បានជួបប្រទះនោះឡើយ, នេះបើតាមអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Pieter van Dokkum មកពីសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន SPACE នៅដើមខែមិថុនា ឆ្នាំ២០២៥នេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានសង្កេត់ទៀតថា វត្តមាន MoM z14 នៅពេលនេះគឺប្រៀបបីដូចជាម្តាយនៃកាឡាក់ស៊ីចំណាស់ៗមុនៗទាំងអស់ ដែលតេឡេស្កូបអវកាស James Webb ឬសូម្បីតែ Hubble បានរកឃើញ ហើយយើងកាន់តែខិតទៅជិតព្រឹត្តិការណ៍ Big Bang ខ្លាំងហើយ។ យោងតាមទ្រឹស្តី, Big Bang គឺជាការចាប់កំណើតដំបូងរបស់ចក្រវាលកាលពី ១៣.៨ពាន់លានឆ្នាំមុន…។ ប៉ុន្តែឈប់សិន! តើក្រុមអ្នកវិទ្យាសាស្ត្រប្រឹងរកកាឡាក់ស៊ីចំណាស់ៗ និងឆ្ងាយៗទាំងនោះដើម្បីអ្វី?

សម្រាប់តំណែងនៃកាឡាក់ស៊ីចំណាស់បំផុតពីមុនគឺ JADES-GS-z14-0 ដែលត្រូវបានតេឡេស្កូបអវកាស James Webb ឆ្លុះរកឃើញ និងគណនាដឹងថា បានកកើតឡើងកាលពី ៣០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang ឬប្រមាណជា ១៣.៥ពាន់លានឆ្នាំមុន។ វិធីសាស្ត្រក្នុងការគណនាអាយុ និងចម្ងាយរបស់កាឡាក់ស៊ីទាំងនោះ គឺទៅលើការគណនាកម្រិតប្រែប្រួលនៃពន្លឺក្រហម (redshift) ព្រោះនៅពេលពន្លឺកាឡាក់ស៊ីទាំងនោះចល័តពីចម្ងាយកាន់ឆ្ងាយមករកយើង នោះមានន័យថាពន្លឺរបស់ពួកវាកាន់តែក្រហម ហើយសម្រាប់ JADES-GS-z14-0 មានកម្រិតក្រហម z = 14.32 ខណៈកម្រិតរបស់ MoM z14 (JADES-GS-z14-1) វិញគឺលើសបន្តិចដល់ z = 14.44។ យោងតាមការគណនាលេងៗ MoM z14 ចាស់ជាង JADES-GS-z14-0 ប្រមាណជា ២០លានឆ្នាំ។
ចូលមកដល់សំនួររបស់ប្រិយមិត្តមួយចំនួនវិញដែលតែងតែសួរថា តើគេប្រឹងរុករកកាឡាក់ស៊ីឆ្ងាយៗទាំងនោះដើម្បីអ្វី? ចម្លើយគឺមិនខុសពីអ្វីដែលយើងធ្លាប់បានបកស្រាយជាច្រើនលើកមកហើយនោះឡើយ នោះគឺជាការសិក្សាស្រាវជ្រាវដើម្បីឈានទៅបកស្រាយ «ចម្ងល់អំពីការកកើតចក្រវាលក្នុងដំណាក់កាលដំបូងៗបំផុត» ហើយយើងគ្មានវិធីសាស្ត្រអ្វីផ្សេងទៀត ក្រៅតែពីការបង្កើតតេឡេស្កូបដែលមានសមត្ថភាពខ្ពស់ ដើម្បីសង្កេតរកពន្លឺមកពីតំបន់ឆ្ងាយៗ និងជ្រៅៗទៅក្នុងចក្រវាលនោះឡើយ…។ បច្ចុប្បន្ននេះ មនុស្សលោកឈរលើទ្រឹស្តី Big Bang ដើម្បីពន្យល់អំពីកំណើតនៃចក្រវាល ប៉ុន្តែក្រោយពីការសង្កេតរបស់ James Webb ទៅកាន់ចក្រវាលជ្រៅចាប់តាំងពីឆ្នាំ២០២២ មកទល់នឹងពេលនេះ ការយល់ដឹងរបស់យើងអំពីចក្រវាលតបតាមទ្រឹស្តី Big Bang នេះហាក់កំពុងក្លាយជាចម្ងល់កាន់តែខ្លាំងទៅវិញ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥)