(បរទេស)៖ ក្រោយឃ្លាតឆ្ងាយពីរឿងនយោបាយខ្លះៗ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និង Tesla កំពុងតែស្វះស្វែងងាកមកគ្រប់គ្រងជំនួញដែលកំពុងដាំក្បាលចុះនោះឲ្យងើបឡើងវិញ ហើយការធ្វើតេស្តនាវាអវកាសខ្នាតយក្ស Starship ក៏កំពុងត្រៀមមួយជំហានថ្មីទៀតផងដែរ នោះគឺការធ្វើតេស្តជាលើកទី ១០ (Starship Orbital Flight Test 10th) បន្ទាប់ពីការធ្វើតេស្តលើកទី ៩ កាលពីចុងខែឧសភា ឆ្នាំ២០២៥ ទទួលបានលទ្ធផលមួយដែលពិបាកឲ្យថ្លាថ្លែងបន្តិច…។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ (ពេលវេលានៅរដ្ឋតិចសាស់) SpaceX បានធ្វើតេស្តកម្តៅម៉ាស៊ីន (static fire) ដើម្បីត្រួតពិនិត្យដំណើរការជារួមនៃម៉ាស៊ីនរ៉ុក្កែតទាំង ៣៣គ្រឿងរបស់រ៉ុក្កែតយក្ស Super Heaver Booster នៅឯមូលដ្ឋាន Starbase របស់ SpaceX ស្ថិតនៅភាគខាងត្បូងរដ្ឋ Texas។ តាមរយៈគណនី X របស់ខ្លួន SpaceX បានបង្ហោះសារមួយនៅក្នុងថ្ងៃដដែលនោះថា «ម៉ាស៊ីនរ៉ាប់ទ័រ (Raptors) ទាំង ៣៣គ្រឿងរបស់ Super Heavy Booster ត្រូវបានបញ្ឆេះព្រមៗគ្នា…»។

យ៉ាងណាក៏ដោយ សម្រាប់ថ្ងៃកំណត់ជាក់លាក់នៃការតេស្តលើកទី ១០ នោះគឺមិនទាន់ច្បាស់លាស់ឡើយ ប៉ុន្តែលោក Elon Musk ធ្លាប់បានលើកឡើងថា កាលធ្វើតេស្តលើកទី ១០ ១១ ឬ ១២ អាចនឹងមានគម្លាតត្រឹមតែ ៣សប្តាហ៍ ឬ ៤សប្តាហ៍ពីគ្នាប៉ុណ្ណោះ ដោយលោកកំពុងជំរុញឲ្យការធ្វើតេស្តនេះសម្រេចផ្លែផ្កាគួរឲ្យទុកចិត្ត មុននឹងធ្វើការបញ្ជូន Starship ទទេសាកល្បងទៅកាន់ភពព្រះអង្គារ (Mars) នៅចុងឆ្នាំ២០២៦។
រម្លឹកទៅដល់ការធ្វើតេស្តលើកទី ៩ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥វិញ វាគឺជាលើកដំបូងដែល SpaceX ប្រើប្រាស់រ៉ុក្កែត Super Heavy ចាស់ (ប្រើរួចម្តងហើយ) មកធ្វើតេស្តជាលើកទី ២ ដើម្បីឲ្យស្របទៅនឹងឧត្តមគតិរបស់ក្រុមហ៊ុន នោះគឺការប្រើប្រាស់ឡើងវិញឲ្យអស់លទ្ធភាព (reusable) តាមដែលអាចធ្វើទៅបាន។ លទ្ធផលនៃការធ្វើតេស្តលើកទី ៩ ចំពោះប្រព័ន្ធដឹកជញ្ជូន Starship នេះមិនបានទទួលលទ្ធផលល្អនោះទេ ព្រោះស្ទើរគ្រប់យ៉ាងបានបញ្ចប់ទៅដោយខុសការរំពឹងទុក។
* ចំណុចទី១ពាក់ព័ន្ធនឹង Starship (Ship 35)៖ ក្រោយការហោះឡើងពីមូលដ្ឋាន Starbase តាមរយៈរ៉ុក្កែត Super Heavy បានតែប៉ុន្មាននាទីប៉ុណ្ណោះ វាត្រូវបានក្រុមការងារ SpaceX អះអាងថា បានបាត់បង់ការទាក់ទងជាមួយ Starship រហូតដល់ទៅរយៈពេល ៤៦នាទី បន្ទាប់ពីការហោះឡើងពីផ្ទៃដី។ បន្ទាប់មកទៀតទើបមានសេចក្តីរាយការណ៍ថា Starship (មានលេខសម្គាល់ Ship 35) ត្រូវបានបញ្ជាឲ្យទម្លាក់ខ្លួនដើម្បីកម្ទេចចោលពីលើមហាសមុទ្រឥណ្ឌា ដោយសារការលេចធ្លាយឥន្ធនៈ។
Ship 35 ត្រូវបាន SpaceX ធ្វើតេស្តឲ្យហោះហើរក្នុងគន្លងកម្រិតទាបមួយ (suborbital trajectory) ដែលទាបជាងរយៈកម្ពស់នៃតេស្តលើកមុនៗ ហើយត្រង់ចំណុចនេះគឺ Starship បានសម្រេចជោគជ័យ ប៉ុន្តែគោលដៅធំៗ២ទៀតនោះគឺការពង្រាយផ្កាយរណប Starlink គំរូទៅកាន់គន្លងគោចរ និងការចុះចត Starship វិញក្នុងលក្ខណៈបញ្ជានោះ មិនបានសម្រេចជោគជ័យឡើយ ដូចបញ្ហាដែលត្រូវបានលើកឡើងខាងលើ។
* ចំណុចទី២ពាក់ព័ន្ធនឹង Super Heavy Booster៖ រ៉ុក្កែត Super Heavy Booster (លេខសម្គាល់ Booster 14-2) ដែលត្រូវបានប្រើប្រាស់ជាលើកទី ២ (reuse) នោះបានផ្ទុះក្នុងដែនអាកាសពីលើឈូងសមុទ្រម៉ិកស៊ិក នៅក្រោយរយៈពេលតែ ៦នាទី និង ២០វិនាទីប៉ុណ្ណោះ បន្ទាប់ពីការហោះចេញពីមូលដ្ឋាន Starbase និងដឹកនាំ Starship ទៅដល់រយៈកម្ពស់ត្រូវផ្តាច់ខ្លួន។
ចំពោះមូលហេតុនៃភាពបរាជ័យ ក្នុងការចុះចតមកលើចង្កឹះចាប់វិញដូចការចង់បាននោះ ត្រូវបានក្រុមជំនាញ SpaceX អះអាងជាបឋមថា អាចបណ្តាលមកពីការទម្លាក់ខ្លួនចុះមកវិញដោយខុសមុំកំណត់ និងក៏អាចបណ្តាលមកពីម៉ាស៊ីនរបស់វាជួបបញ្ហាផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE via SpaceX (ថ្ងៃអាទិត្យ ទី០៨ ខែមិថុនា ឆ្នាំ២០២៥)