(បរទេស)៖ កាលពីម៉ោង ១១៖០០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នាវាអវកាស (Starship) បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅឯទីតាំង Massey ស្ថិតនៅជាយមូលដ្ឋាន Starbase របស់ SpaceX ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក។ ការផ្ទុះនេះមិនមែនជារឿងធម្មតានោះទេ ព្រោះនាវាអវកាសដែលមានលេខសម្គាល់ Ship 36 មួយគ្រឿងនោះកំពុងស្ថិតក្នុងការត្រៀមធ្វើតេស្តលើកទី ១០ (Starship Orbital Flight Test 10) ដែលអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយពេលនេះក្រុមហ៊ុន SpaceX បានចេញមុខបកស្រាយហើយ តែក៏មិនទាន់ច្បាស់លាស់ដែរ…។
នៅក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក) សេចក្តីថ្លែងការណ៍មួយរបស់ SpaceX បានគូសបញ្ជាក់ថា «បន្ទាប់ពីការធ្វើតេស្តកម្តៅម៉ាស៊ីន (static fire) ត្រឹមមួយគ្រឿងរបស់ Ship 36 កាលពីដើមសប្តាហ៍នេះ យើងបានឈានទៅធ្វើតេស្តម៉ាស៊ីន (raptors) ទាំង ៦គ្រឿងរបស់វាតែម្តង ហើយព្រឹត្តិការណ៍ផ្ទុះដ៏មហិមាក៏បានកើតឡើង ដែលបានធ្វើឲ្យ Ship 36 បាត់បង់ទាំងស្រុង និងបំផ្លិចបំផ្លាញផងដែរទៅដល់តំបន់ជុំវិញ starship នោះ…»។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា ការផ្ទុះនោះបានបង្កើតឲ្យមានអគ្គីភ័យនៅតំបន់មួយចំនួន ដែលស្ថិតនៅទីតាំងនៃការធ្វើតេស្ត ហើយក្រុមការងារក៏កំពុងព្យាយាមសម្អាត និងធានាសុវត្ថិភាពទៅដល់តំបន់ទាំងមូលផងដែរ…។ បន្ថែមពីនេះ SpaceX បានសង្កត់ធ្ងន់ថា មិនមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ព្រោះរាល់មុនការធ្វើតេស្តបែបនេះ ការជូនដំណឹង និងហាមឃាត់តែងតែត្រូវបានរៀបចំឡើងជាមុនដើម្បីរក្សាគម្លាតសុវត្ថិភាព ហើយឆ្លើយតបនឹងក្តីព្រួយបារម្ភថា មានការលេចធ្លាយសារធាតុគីមីគ្រោះថ្នាក់អ្វីនោះ ក្រុមហ៊ុនរបស់លោក Elon Musk មួយនេះបានអះអាងថា មិនមានឡើយ។

គួរបញ្ជាក់ថា ទោះបីនេះជាសេចក្តីថ្លែងការណ៍ពី SpaceX ដែលទើបបញ្ចេញក្រោយហេតុការណ៍បានកើតឡើងជាងមួយថ្ងៃក៏ពិតមែន តែវាហាក់មិនបានឆ្លើយតបនឹងចម្ងល់របស់មហាជននៅឡើយទេ។ សម្រាប់ចម្ងល់របស់មហាជនគ្រប់រូប គឺពួកគេកំពុងចង់ដឹងថា តើហេតុអ្វីបានជា Starship នោះសុខៗក៏ផ្ទុះឡើងទាំងដែលការបញ្ឆេះម៉ាស៊ីនទាំង ៦គ្រឿងមិនទាន់ចាប់ផ្តើមស្រួលបួលផងនោះ? យ៉ាងណាក៏ដោយ ពេលនេះក្រុមហ៊ុន SpaceX កំពុងតែធ្វើការស៊ើបអង្កេតហើយ ដោយយើងនឹងទទួលបានចម្លើយក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SpaceX (ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥)