តើមនុស្សចាប់ផ្តើមគិតពីភពដទៃ (Exoplanet) នៅពេលណា? តើភពណាត្រូវបានរកឃើញដំបូង? (វីដេអូ)

តើមនុស្សចាប់ផ្តើមគិតពីភពដទៃ (Exoplanet) នៅពេលណា? តើភពណាត្រូវបានរកឃើញដំបូង? (វីដេអូ)

(បរទេស)៖ តារាវិទូតាំងពីសម័យបុរាណបានគិតគូរអំពីភាពដែលអាចមាន «ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet)» តាំងតែពីសតវត្សរ៍ទី ១៦ មកម្ល៉េះ ប៉ុន្តែមនុស្សលោកនៅតែមិនអាចរកឃើញឡើយ រហូតដល់ចុងសតវត្សរ៍ទី ២០។ ការអះអាងថា អាចមានភពនៅប្រព័ន្ធផ្កាយដទៃកាលពីសតវត្សរ៍ទី ១៦ នោះទំនងជាបានធ្វើឲ្យមនុស្សជាច្រើនគិតថា «ជាគំនិតបែបរវើរវាយ» ឬអាចប្រៀបធៀបនឹងការលើកឡើងបច្ចុប្បន្ននេះថា អាចមានជីវិតនៅភពដទៃ (Alien) ដែលឆ្លាតវៃជាងមនុស្ស ហើយនឹងមករកផែនដីដើម្បីទន្ទ្រានគ្រប់គ្រងយ៉ាងដូច្នោះឯង…។ បែបនេះគឺមានន័យថា ទាល់តែមើលឃើញនឹងភ្នែកតែម្តងទើបជឿ។

(ចុចទស្សនាវីដេអូក្នុងយូធូប Cambo Space Edu)

ជាការពិតណាស់ កាលពីសតវត្សរ៍ទី ១៦ មនុស្សលោកមិនទាន់មានតេឡេស្កូប ប្រកបដោយសមត្ថភាពនៅឡើយទេ ប៉ុន្តែនៅពេលឈានចូលដល់សតវត្សរ៍ទី ១៧ តេឡេស្កូបអាចប្រើការបានចាប់ផ្តើមលេចរូបរាង ហើយតារាវិទូល្បីៗដូចជាលោក Galileo Galilei ដែលជនជាតិអ៊ីតាលីជាដើម បានសង្កេតរកការពិតទៅលើវត្ថុអវកាសជាច្រើននៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ក្នុងនោះដូចជាការរកឃើញព្រះចន្ទភពព្រហស្បតិ៍ និងភពសៅរ៍ជាដើម ព្រមទាំងការសន្មតថា ភពដែលមានលក្ខណៈពិសេសលើសពីការគិតទាំងអស់នោះក៏វិលជុំវិញព្រះអាទិត្យដូចភពផែនដីយើងដែរ…។

១៖ តំរុយអំពី Exoplanet ដំបូងក្នុងឆ្នាំ១៩១៧

សូមទុករឿងរ៉ាវអំពីលោក Galileo Galilei ទៅមួយឡែកសិន ព្រោះយើងនឹងមានអត្ថបទដ៏វែងអន្លាយ ដើម្បីបរិយាយអំពីជីវិតដ៏កម្សត់របស់គាត់នៅថ្ងៃមុខ តែសម្រាប់ពេលនេះសូមចូលមកកាន់ប្រធានបទដើមរបស់យើងវិញ នោះគឺទីតាំងនៃភព Exoplanet ដំបូងដែលត្រូវបានរកឃើញ និងដំណើរការនៃរកឃើញវា។ បើនិយាយពីក្តីសង្ឃឹមអំពីវត្តមានរបស់ Exoplanet តែម្តង គឺត្រូវបានរកឃើញដំបូងដោយ តារាវិទូ Adriaan van Maanen ជនជាតិអាមេរិកកាត់ហូឡង់ កាលពីឆ្នាំ១៩១៧។ ប៉ុន្តែកាលណោះលោក Adriaan បានត្រឹមរកឃើញតំរុយពាក់ព័ន្ធប៉ុណ្ណោះ នោះគឺភាពមិនប្រក្រតីនៃពន្លឺរបស់តារាពណ៌សតូចមួយ (White Dwarf)

លោក Adriaan បានគិតថានោះជា Exoplanet កំពុងគោចរជុំវិញផ្កាយនោះ ដោយលោកបានសង្កេតផ្កាយដែលមានឈ្មោះ Van Maanen 2 (ឬ Maanen’s Star) ដែលមានចម្ងាយ ១៤.០២ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ប៉ុន្តែរហូតមកដល់ឆ្នាំ២០២៥នេះ គេនៅមិនទាន់រកឃើញ Exoplanet ជាក់ស្តែងឡើយទេ។ ទោះជាយ៉ាងណា ការរកឃើញនេះបានក្លាយជាក្តីសង្ឃឹមជាក់ស្តែងដំបូង ចំពោះក្រុមតារាវិទូអន្តរជាតិ ក្នុងការរុករកភពដែលអាចមានវត្តមាននៅជុំវិញផ្កាយនានា ដែលយើងមើលឃើញលើផ្ទៃមេឃផែនដី…។

ភស្តុតាងដំបូងពីការសង្កេត Maanen’s Star (រូបភាពពីបរទេស)

២៖ ភព Exoplanet ត្រឹមសង្ស័យដំបូងក្នុងឆ្នាំ១៩៨៨

លទ្ធផលនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៨ ទៅលើប្រព័ន្ធផ្កាយភ្លោះមួយដែលមានឈ្មោះថា Gamma Cephei (មានផ្កាយ Gamma Cephei A និង Gamma Cephei B) ហើយវាពិតជាអស្ចារ្យផងដែរ ដែលអាចមានភពជុំវិញនោះត្រូវបានគេសង្ស័យក្នុងឆ្នាំនោះ តែវាត្រូវបានរកឃើញវត្តមានជាក់ស្តែងតែម្តង នៅអំលុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ដោយក្រុមតារាវិទូកាណាដាដូចជា លោក William D. Cochran និងលោក Artie P. Hatzes ជាដើម។

ប្រព័ន្ធផ្កាយភ្លោះ Gamma Cephei នោះមានចម្ងាយខ្ទង់ ៤៤.៨៨ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ហើយភពមួយដែលគោចរក្នុងប្រព័ន្ធនោះមានឈ្មោះថា Gamma Cephei ab ឬអាចហៅឈ្មោះមួយទៀតថា Tadmor។ តាមពិតទៅ Tadmor ជាភពឧស្ម័នយក្ស (Gas Giant) គោចរជុំវិញផ្កាយតែមួយប៉ុណ្ណោះនោះគឺ Gamma Cephei A ដែលមានទំហំធំជាង Gamma Cephei b ហើយផ្កាយទាំង២នេះសុទ្ធតែមានទំហំធំជាងព្រះអាទិត្យ។

ប្រព័ន្ធផ្កាយ Gamma Cephei (រូបភាពពីបរទេស)

៣៖ ភព Exoplanet ជាក់ស្តែងដំបូងក្នុងឆ្នាំ១៩៩២

នៅក្នុងឆ្នាំ១៩៩២ តារាវិទូ Alex Wolszczan (ជនជាតិប៉ូឡូញ) និង Dale Frail (ជនជាតិកាណាដា) បានរួមដៃគ្នារកឃើញភព Exoplanet ចំនួន គោចរជុំវិញតារាផាល់សា (Pulsar ឬ Neutron Star ពិសេស) ដែលជាស្នូលផ្កាយដ៏កញ្ជ្រោលមានឈ្មោះថា PSR B1257+12 ចម្ងាយ ២,៣១៦ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ តមកទៀតនៅឆ្នាំ១៩៩៤ ទើបភពមួយទៀតត្រូវបានរកឃើញជុំវិញផ្កាយ Pulsar ដដែលនោះ។ ពួកគេអាចរកឃើញទៅបានតាមរយៈតេឡេស្កូប Arecibo Observatory ស្ថិតលើកោះ Puerto Rico ដោយលោកអ្នកបានដឹងរួចហើយថា នោះជាតេឡេស្កូបចាប់រលកសញ្ញាវិទ្យុ (radio wave/signal) និងបានដួលរលំទាំងស្រុងហើយកាលពីឆ្នាំ២០២២ បន្ទាប់ពីការបើកដំណើរការតាំងតែពីឆ្នាំ១៩៦៣។

ភពទាំងដែលគោចរជុំវិញផ្កាយ Pulsar (ពីដំបូងឡើយត្រូវបានចាត់ទុកថាជាតារាចម្លែក) នោះមានឈ្មោះថា Draugr, Poltergeist និង Phobetor ហើយភពទាំងនេះក៏ស្ថិតនៅក្នុងចំណោមដែលត្រូវបានតារាវិទូរកឃើញដំបូងថា កំពុងគោចរជុំវិញផ្កាយស្លាប់មួយនេះដែរ…។

សម្រាប់តេឡេស្កូប Arecibo Observatory ត្រូវបានគ្រប់គ្រងដោយស្ថាប័នមូលនិធិវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិក (NSF) នៃរដ្ឋាភិបាលសហព័ន្ធអាមេរិក ហើយតេឡេស្កូបចាប់រលកសញ្ញាវិទ្យុមួយនេះ អាចរកឃើញភព Exoplanet ទៅបានព្រោះតែវាមានវិធីសាស្ត្រក្នុងការកំណត់ពេលវេលានៃរង្វិលរបស់ពពួកផ្កាយ Pulsar ដែលតែងតែជះរលកសញ្ញាខ្លាំងមកកាន់ផែនដី ព្រមទាំងគណនាទៅលើល្បឿននៃរ៉ាឌីកាល់ទាំងនោះ។ ដំណើរការនេះគឺងាយយល់ប៉ុណ្ណោះ ព្រោះនៅពេលតារា Pulsar ណាមួយមានភពគោចរជុំវិញ នោះរលកសញ្ញាជះចេញពីតារានោះនឹងមានការប្រែប្រួល នៅពេលមានវត្តមានភពគោចរកាត់រលកសញ្ញា ដែលត្រូវជះមកកាន់ទិសដីផែនដីនោះ ហើយការគណនាត្រង់ចំណុចនេះអាចឲ្យតារាវិទូដឹងពីទំហំ ម៉ាស និងគម្លាតពីផ្កាយនៃភពទាំងនោះបាន។

ប្រព័ន្ធផ្កាយណឺត្រុង PSR B1257+12 (រូបភាពពីបរទេស)

៤៖ ភព Exoplanet ដំបូងដែលគោចរជុំវិញផ្កាយគ្រប់លក្ខណៈ (ដូចព្រះអាទិត្យ) ក្នុងឆ្នាំ១៩៩៥

ការរកឃើញ Exoplanets ជាក់ស្តែងដំបូងទាំង ខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រខ្លះគិតថា មិនគួរឲ្យរំភើបពេកនោះទេ ព្រោះវាជាភពគោចរជុំវិញតារា Pulsar ឬស្នូលផ្កាយដែលជិតផុតរលត់ទៅហើយ (បើយោងលើដំណើរនៃវដ្តរបស់ផ្កាយ)។ ដូច្នេះការកំណត់បន្ថែមមួយទៀតត្រូវបានធ្វើឡើង នោះគឺភព Exoplanet ដំបូងដែលគោចរជុំវិញផ្កាយស្រដៀងនឹងព្រះអាទិត្យយើងដែរ ហើយស្នាដៃនេះត្រូវបានសម្រេចចេញនៅក្នុងឆ្នាំ១៩៩៥ ដោយក្រុមតារាវិទូស្វីសគឺលោក Didier Queloz និងលោក Michel Mayor ជាដើម តាមរយៈតេឡេស្កូប Haute-Provence នៅប្រទេសបារាំង និង La Silla នៅប្រទេសឈីលី។

សម្រាប់ភព Exoplanet ដំបូងដែលត្រូវបានរកឃើញជាក់ស្តែងថា គោរជុំវិញផ្កាយស្រដៀងនឹងព្រះអាទិត្យយើងនោះ មានឈ្មោះថា 51 Pegasi b ដែលគោចរជុំវិញផ្កាយ 51 Pegasi ហើយផ្កាយនោះមានបុគ្គលិកលក្ខណៈស្រដៀងនឹងព្រះអាទិត្យរបស់យើងដែរ។ 51 Pegasi b មានចម្ងាយ ៥០.៩ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) និងជាប្រភេទភពឧស្ម័នយក្សក្តៅ (hot Jupiter) ដែលគោចរកៀកនឹងផ្កាយមេវាខ្លាំង ហើយវាគោចរជុំវិញផ្កាយមេវាមួយជុំប្រើពេលតែ ៤.២ថ្ងៃ នៃពេលវេលាលើភពផែនដីយើងប៉ុណ្ណោះ។

រូបតំណាងនៃផ្កាយ 51 Pegasi និងភព 51 Pegasi b (រូបភាពពីបរទេស)

គួរបញ្ជាក់តាមតួលេខចុងក្រោយដោយអង្គការ NASA នៅអំលុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ នេះបានបង្ហាញថា ភព Exoplanet សរុបចំនួន ៥,៩២១ភពហើយត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ នៅក្នុងប្រព័ន្ធផ្កាយដែលត្រូវបានសង្កេតចំនួន ៤,៤១៣ប្រព័ន្ធ ក្នុងនោះ ៩៩៤ប្រព័ន្ធទ្រទ្រង់ភពលើសពីមួយ៕

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Scientific America/NASA (ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥)

Comments (0)
Add Comment