ការពិតមិនដូចអ្វីដែលអ្នកកំពុងឃើញ… នេះជាទិដ្ឋភាពពិសេសមួយលើភពអង្គារ (មានវីដេអូ)

ការពិតមិនដូចអ្វីដែលអ្នកកំពុងឃើញ… នេះជាទិដ្ឋភាពពិសេសមួយលើភពអង្គារ (មានវីដេអូ)

(បរទេស)៖ ទិដ្ឋភាពចម្លែកៗ និងពិសេសៗជាច្រើនត្រូវបានយាន NASA ដែលកំពុងស្រាវជ្រាវផ្ទាល់ នៅភពព្រះអង្គារ (Mars) ថតបានជាបន្តបន្ទាប់ ហើយរូបភាពថ្មីមួយសន្លឹកនេះក៏អាចបង្កការភាន់ច្រលំថា ជាទិដ្ឋភាពតំបន់វាលខ្សាច់ណាមួយលើភពផែនដីយើងផងដែរ ប៉ុន្តែវាមិនដូចអ្វីដែលភ្នែករបស់យើងមើលឃើញនោះទេ…។ ដូច្នេះចូរតាមដានអត្ថបទនេះដើម្បីស្វែងយល់អំពីការពិតទាំងអស់គ្នា។

(ចុចទស្សនាវីដេអូក្នុងយូធូប Cambo Space Edu)

ទិដ្ឋភាពដូចក្នុងរូបភាពនេះ ត្រូវបានថតដោយកាមេរ៉ា HiRISE បំពាក់ក្នុងផ្កាយរណប MRO (Mars Reconnaissance Orbiter) ដែលកំពុងគោចរជុំវិញភពព្រះអង្គារ ហើយប្រាកដណាស់ភ្នែក និងខួរក្បាលរបស់យើងនឹងនឹកឃើញដល់ទិដ្ឋភាពស្មៅ ឬរុក្ខជាតិនានាដែលដុះជាដុបៗ លើវាលខ្សាច់របស់ភពអង្គារជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ រូបភាពនេះអាចត្រឹមបោកបញ្ឆោតភ្នែក និងខួរក្បាលរបស់មនុស្សមួយភ្លែតប៉ុណ្ណោះ ហើយអ្វីដែលជាការពិតនោះគឺលើភពអង្គារមិនមានជីវិតសត្វ ឬរុក្ខជាតិអ្វីទាំងអស់។

ទិដ្ឋភាពមួយក្បែរប៉ូលខាងជើងភពអង្គារថតដោយ MRO (Credit: NASA/U. Arizona)

យោងតាមអង្គការ NASA ទិដ្ឋភាពដូចក្នុងរូបភាពនេះ គឺជារចនាសម្ព័ន្ធនៃជ្រលង និងពំនូកខ្សាច់នៃតំបន់មួយ ក្បែរប៉ូលខាងជើងរបស់ភពអង្គារ។ សម្រាប់ចំណុចវែងៗខ្មៅៗដែលហាក់ដូចជាកំពុងដុះឡើងដូចរុក្ខជាតិនោះ តាមពិតទៅមិនដូចអ្វីដែលលោកអ្នកគិតនោះឡើយ ដោយវាកំពុងហូរចុះពីលើពំនូកខ្សាច់ទៅវិញទេ ហើយសមាសធាតុទាំងនោះគឺជា «កម្ទេចខ្សាច់នៃថ្មបាសាលខ្មៅ (dark basaltic sand)»។ ដំណើរបែបនេះអាចកកើតឡើងទៅបាន ដោយសារតែសមាសធាតុកាបូនឌីអុកស៊ីដកករឹង (solid carbon dioxide ice) រងការបំបែកដោយកម្តៅនៃព្រះអាទិត្យ ហើយក៏ហូរធ្លាក់ពីពំនូកខ្សាច់ទាំងនោះពេលមានខ្យល់បោកបក់។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ NASA ដំណើរការបង្កើតរចនាសម្ព័ន្ធវាលខ្សាច់ និងពំនូកខ្សាច់ បូករួមទាំងកម្ទេចនៃទឹកកកស្ងួតនៃកាបូនឌីអុកស៊ីដ (ពណ៌ខ្មៅៗ) ដូចក្នុងរូបភាពនេះ ស្ទើរតែព័ទ្ធជុំវិញប៉ូលខាងជើងភពអង្គារ ហើយក្លាយជាចិញ្ចៀនមួយវង់ទៅហើយ។ យើងត្រូវអរគុណដល់ខ្យល់ និងធូលីលើភពអង្គារ ព្រមទាំងព្រះអាទិត្យដែលមានឥទ្ធិពលស្ទើរទាំងស្រុងលើផ្ទៃភពអង្គារ ព្រោះភពក្រហមនោះមិនមានបរិយាកាសក្រាស់ ព្រមទាំងខែលម៉ាញេទិចខ្លាំងដូចផែនដីយើង ដើម្បីទប់ទល់ឥទ្ធិពលសាហាវៗពីព្រះអាទិត្យដូចជា ព្យុះព្រះអាទិត្យ (Solar Storm) នោះឡើយ។

កាមេរ៉ា HiRISE ជាប់ខ្លួនយាន MRO (Credit: NASA/U. Arizona)

គួរបញ្ជាក់ថា កាមេរ៉ារបស់ MRO ដែលបានផ្តិតយកទិដ្ឋភាពដ៏ពិសេសនេះគឺ HiRISE (High Resolution Imaging Science Experiment) ដែលមានតួនាទីថតយកផ្ទៃភពព្រះអង្គារក្នុងកម្រិតគុណភាពខ្ពស់ ហើយវាបានទៅដល់ភពអង្គារជាមួយយាន MRO កាលពីឆ្នាំ២០០៦។ ផ្កាយរណបសង្កេតភពអង្គារតែងតែគោចរ ទៅកៀកភពអង្គារក្នុងរយៈកម្ពស់ ៣១៦km ឬអាចចុះទាបជាងនេះដល់ ២៥០km ដើម្បីថតយកទីតាំងដែលខ្លួនចង់បាន។

ផ្កាយរណបសង្កេតភពអង្គារ (MRO) (Credit: NASA/U. Arizona)

យោងតាមអង្គការ NASA បេសកកម្ម MRO ដែលមានតួនាទីសិក្សាពីសមាសធាតុផ្សំសំខាន់ៗក្នុងបរិយាកាស និងគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗនៃភពអង្គារ ព្រមទាំងដើរតួនាទីជាស្ថានីយកណ្តាល ក្នុងការផ្ទេរទិន្នន័យទៅវិញទៅមករវាងយានលើដីភពអង្គារ និងភពផែនដីនោះ អាចនឹងបន្តប្រតិបត្តិការជុំវិញភពអង្គារ យ៉ាងហោចណាស់ដល់ឆ្នាំ២០៣៥

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥)

Comments (0)
Add Comment