(បរទេស)៖ ចិត្តភ័យព្រួយដែលត្រូវបានបង្កឡើងដោយ មហន្តរាយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅបន្តលងបន្លាចប្រជាជនថៃមិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែពេលថ្មីៗនេះអ្នកជំនាញជនជាតិថៃមួយរូបបានចេញមុខបង្ហាញក្តីព្រួយបារម្ភអំពីលទ្ធភាពដែលសមុទ្រនៅភាគខាងលិចរបស់ខ្លួន អាចកើតមានរញ្ជួយដីបាតសមុទ្រ ឬក៏អាចឈានដល់បន្ទុះភ្នំភ្លើងបាតសមុទ្រ ដែលនឹងបង្កទៅជារលកយក្សស៊ូណាមិ (Tsunami) បាន។
អ្នកជំនាញផ្នែកតាមដានភូមិសាស្ត្រសមុទ្រថៃ លោក Thon Thamrongnawasawat បានបង្ហោះសារលើគណនី Facebook មួយនៅដើមខែកក្កដា ឆ្នាំ២០២៥នេះថា សកម្មភាពញ័ររញ្ជួយដីត្រូវបានគេចាប់បាន នៅតំបន់បាតសមុទ្រអាន់ដាម៉ាមែន (Andaman Sea) ដែលស្ថិតនៅភាគខាងលិចប្រទេសថៃ និងមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា, កោះស៊ូម៉ាត្រារបស់ឥណ្ឌូណេស៊ី និងកោះមួយចំនួនរបស់ឥណ្ឌាផងដែរនោះ។ ប្រការនេះបាននិងកំពុងធ្វើឲ្យក្រុមអ្នកជំនាញថៃ ព្រួយបារម្ភអំពីការរញ្ជួយដីបាតសមុទ្រ ឬក៏អាចឈានដល់បន្ទុះភ្នំភ្លើងបាតសមុទ្រនៅតំបន់នោះ។
លោក Thon Thamrongnawasawat បានអះអាងទៀតថា «គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ និងសកម្មភាពញ័ររញ្ជួយពីតិចទៅមធ្យមនៅពេលបន្តបន្ទាប់ទៀតនោះ មិនអាចបង្កជារលកយក្សស៊ូណាមិឡើយ ព្រោះវាកើតឡើងនៅលើដី… តែទោះជាបែបនេះក្តី ប្រទេសថៃនៅតែទទួលរងឥទ្ធិពលដោយផ្ទាល់ ពីរញ្ជួយដីនៅមីយ៉ាន់ម៉ានោះ»។
ដោយឡែកចំពោះលទ្ធភាពនៃការកើតមានស៊ូណាមិក្នុងឈូងសមុទ្រថៃ (ព័ទ្ធជុំវិញដោយប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា) លោក Thon Thamrongnawasawat បានសង្កត់ធ្ងន់ថា «ស៊ូណាមិនៅឈូងសមុទ្រថៃនេះពិតជាមិនអាចកើតឡើងនោះឡើយ (ព្រោះឈូងសមុទ្រថៃរាក់ និងមិនអាចឲ្យកម្លាំងញ័ររញ្ជួយបាតសមុទ្រ ដែលជំរុញឲ្យកកើតជារលកធំៗ)… ហើយបើទោះបីជាវាកើតឡើងដោយសារតែគ្រោះរញ្ជួយដីនៅសមុទ្រធំៗជាប់ហ្វីលីពីន និងឥណ្ឌូណេស៊ីនោះ ក៏ឥទ្ធិពលដែលទម្រាំបោកមកដល់ឈូងសមុទ្រថៃ គឺនឹងតិចតួចប៉ុណ្ណោះ»។

ប៉ុន្តែ… អ្វីដែលក្តីព្រួយបារម្ភធំបំផុតរបស់អ្នកជំនាញថៃរូបនេះ គឺសកម្មភាពញ័ររញ្ជួយនៅក្នុងបាតសមុទ្រ អាន់ដាមែន និងក្បែរតំបន់ខ្សែក្រវាត់កោះ នីកូបា (Nicobar Islands) របស់ឥណ្ឌា។ លោក Thon Thamrongnawasawat បានគូសបញ្ជាក់ថា «កោះភ្នំភ្លើងក្នុងតំបន់ (អាន់ដាមែន) មានតែមួយគត់នោះគឺ បារែន (Barren Island) ដែលជាភ្នំភ្លើងសកម្ម។ យ៉ាងណាក៏ដោយ រំញ័រថ្មីៗក្នុងតំបន់នោះមិនមែនមកពីកោះ បារែន នោះឡើយ… ប៉ុន្តែវាមានប្រភពមកពីតំបន់ក្នុងខ្សែក្រវាត់តែមួយ ស្ថិតនៅភាគខាងត្បូង ហើយតំបន់នោះស្ថិតនៅក្រោមសមុទ្រ…»។
បើតាមអ្នកជំនាញថៃ ចំណុចរសើបខាងលើនេះមានជម្រៅទឹកដល់ទៅ ២,០០០ម៉ែត្រ អមជាមួយនូវកោះ Barren ដែលជាភ្នំភ្លើងសកម្មតែមួយគត់ក្នុងខ្សែក្រវាត់កោះ នីកូបា ហើយវាធ្លាប់បានផ្ទុះចុងក្រោយបំផុតកាលពីឆ្នាំ២០២២។ អ្នកជំនាញថៃបានសង្កត់ធ្ងន់ទៀតថា «ការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រពីតំបន់ខ្សែសង្វាក់តែមួយ គឺពិតជាអាចទៅរួច ប៉ុន្តែនៅមិនទាន់មាននរណាអាចកំណត់ថា វានឹងកើតឡើងពេលណានោះឡើយ។ កន្លងមកនេះមានការញ័ររញ្ជួយថ្មីៗនៅតំបន់នោះ… ជាពិសេសការរញ្ជួយដែលមានកម្រិតលើសពី ៤.០រ៉ិចទ័រ អាចបង្កឲ្យមានចរន្តផ្លាស់ប្តូរនៃកម្អែលភ្លើង ប៉ុន្តែប្រការនេះមិនមែនមានន័យថា ការផ្ទុះនឹងកើតឡើងនោះឡើយ…»។
យោងតាមអ្នកជំនាញថៃដដែល ការផ្ទុះភ្នំភ្លើងនៅប្រទេសដីកោះ តុងហ្គា (Tonga) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីឆ្នាំ២០២២ គឺជាឧទាហរណ៍ជាក់ស្តែងមួយនៃឥទ្ធិពលរបស់បន្ទុះភ្នំភ្លើងក្នុងសមុទ្រ ដែលអាចបង្កទៅជារលកយក្សស៊ូណាមិបាន។ សម្រាប់ប្រទេសថៃ ក្រុមអ្នកជំនាញបានគណនាថា តំបន់គ្រោះថ្នាក់ដូចបានពន្យល់ខាងលើនេះ មានចម្ងាយប្រមាណ ៤៧០-៤៨០km ពីតំបន់ឆ្នេរនៃខេត្ត ផាងង៉ា (Phang Nga) របស់ថៃ ហើយប្រសិនបើបន្ទុះភ្នំភ្លើងបាតសមុទ្រកើតឡើងមែន នោះកម្លាំងញ័ររញ្ជួយនឹងអាចជំរុញទៅជារលកយក្សស៊ូណាមិបាន ព្រោះតែទឹកសមុទ្រនៅតំបន់នោះមានជម្រៅជ្រៅ ហើយខេត្តរបស់ថៃជាប់នោះនឹងរងគ្រោះ។
គួររម្លឹកទៅកាន់ចុងឆ្នាំ២០០៤ថា ថៃក៏ធ្លាប់ជាប្រទេសរងគ្រោះធ្ងន់ធ្ងន់ដោយរលកយក្សស៊ូណាមិដែរ ខណៈចំណុចស្នូលនៃរញ្ជួយដីដែលរុញច្រានឲ្យកើតមានមហន្តរាយកាលណោះ គឺស្ថិតនៅមិនងាយប៉ុន្មានឡើយ ពីចំណុចដែលកំពុងស្ថិតក្នុងការសង្ស័យនៅត្រង់កោះបារែន នៃតំបន់ក្រវាត់កោះ នីកូបា នោះ។ លោក Thon បានលើកទឹកចិត្តឲ្យអាជ្ញាធរថៃ រៀបចំលំហាត់ហ្វឹកហ្វឺនដើម្បីទប់ទល់នឹងស៊ូណាមិ ឬរញ្ជួយដីឲ្យបានរួចរាល់ ហើយលោកក៏ជំរុញឲ្យមហាជនកុំមានភាពតក់ស្លុតផងដែរ ព្រោះបើជាឧទាហរណ៍នៅប្រទេសជប៉ុនវិញ ក៏តែងតែមានការរៀបចំលំហាត់ហ្វឹកហ្វឺនដែរ ហើយការព្រមានពីគ្រោះមហន្តរាយបែបនេះបានធ្វើឡើង បើទោះបីជារាប់ខែក្រោយមកគ្មានហេតុការណ៍អ្វីបានកើតឡើងក៏ដោយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ The Nation (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥)