(អាមេរិក)៖ អ្នកជំនាញខាងថតទិដ្ឋភាពទីអវកាសនៅសហរដ្ឋអាមេរិក គឺលោក អ៊ែនឌ្រូ ម៉ាខាធី (Andrew McCarthy) ទើបតែបានបញ្ចេញស្នាដៃថ្មីដ៏អស្ចារ្យ នៃការថតស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំពុងគោចរជុំវិញផែនដីក្នុងរយៈកម្ពស់ខ្ទង់ ៤០០km និងក្នុងល្បឿន ៧.៦៦km ក្នុងមួយវិនាទី ហើយការមើលឃើញនឹងភ្នែកបែបនេះ មនុស្សមួយចំនួនអាចនឹងភាន់ច្រឡំ ឬមិនជឿថាវាជាការពិតនោះឡើយ។
លោក Andrew បានប្រាប់សារព័ត៌មាន Live Science នៅដើមខែកក្កដា ឆ្នាំ២០២៥នេះថា នេះជាសមិទ្ធផលបែប «once-in-a-lifetime» ឬជាឱកាសកម្រជាទីបំផុតដែលអាចមានតែ «ម្តងប៉ុណ្ណោះក្នុងមួយជីវិត» ហើយវាក៏ត្រូវបូករួមទាំង «ជំនាញ និងសំណាង» ផងដែរ។ តាមពិតទៅលោកចង់ថតឲ្យបាននូវ ស្ថានីយអវកាសអន្តរជាតិគោចរកាត់ពីមុខកញ្ចក់កាមេរ៉ា និងតេឡេស្កូប ស្របពេលដែលព្រះអាទិត្យជះចេញនូវអណ្តាតភ្លើង (Solar Flare) តែការថតបានកម្រិតដូចក្នុងរូបភាពនេះ គឺវាពិសេសធំធេងណាស់ទៅហើយ។

សម្រាប់ការព្យាយាមថតបានវត្តមាន ISS លើមេឃផែនដី គឺមិនមែនជារឿងថ្មីនោះទេ តែក៏មិនងាយនឹងធ្វើបាននោះដែរ សូម្បីតែការត្រឹមថតយកវត្តមានបែបព្រាលៗក៏ដោយ… ចុះទម្រាំថតឲ្យបាន background ជាព្រះអាទិត្យកំពុងពុះកញ្ជ្រោលដោយអណ្តាតភ្លើងទៀតនោះ? កន្លងមកនេះក្រុមអ្នកស្នេហាវិស័យថតរូបពិសេសៗលើមេឃ បានព្យាយាមប្រើកាមេរ៉ាគុណភាពខ្ពស់ផង និងមានជំនួយបន្ថែមពីតេឡេស្កូបផង ព្រមទាំងរង់ចាំគណនាគន្លងផ្លូវគោចររបស់ ISS ឲ្យចំលើទីតាំងពួកគេឈរជើងផងដើម្បីថតឲ្យបានរូបភាពប្រភេទៗនេះប្រកបដោយការអត់ធ្មត់បំផុត។
យើងបានឃើញការថតបានសម្រេចនូវទិដ្ឋភាព ISS តែឯង ដែលបានធ្វើឲ្យមនុស្សលោកកោតស្ញប់ស្ញែង ហើយបន្ទាប់មកទៀតក៏មានការថតវត្តមាន ISS ដោយអមដោយវត្តមានព្រះចន្ទនៅពីក្រោយ (background) ដែលវាកាន់តែធ្វើឲ្យអ្នកទស្សនាទទួលអារម្មណ៍រំភើបទ្វេដង។ ប៉ុន្តែលើនេះ លោក Andrew McCarthy បានបង្កើតកំណត់ត្រាថ្មីហើយ នោះគឺការថត ISS ជាប់ Background ជាព្រះអាទិត្យនៅក្នុងកម្រិតច្បាស់អស្ចារ្យមួយ ដែលពិសេសប្លែកពីស្នាដៃរបស់អ្នកជំនាញខាងថតរូបមួយចំនួនធ្វើនាពេលកន្លងទៅ។
រូបភាពពិសេសៗបំផុតទាំងនេះ គឺជាទិដ្ឋភាពពិតៗនៃស្ថានីយអវកាសអន្តរជាតិ (ISS) គោចរកាត់ពីមុខកញ្ចក់កាមេរ៉ា និងតេឡេស្កូបក្រោយផ្ទះរបស់ លោក McCarthy ស្ថិតក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥។ យើងអាចឃើញវត្តមាន ISS អមដោយផ្ទៃអណ្តាតភ្លើងព្រះអាទិត្យនៅពីក្រោយ (Background)។
លោក McCarthy មិនមែនថតតែ ២ឬ៣សន្លឹក ហើយបាននូវទិដ្ឋភាពគ្រប់យ៉ាងនោះទេ ដោយការថតត្រូវបានធ្វើឡើងទៅតាមដំណាក់កាលដូចជា ការកំណត់ទីតាំងជាមុន, ការថតយករូបភាពចាប់ពីប្លង់ដែល ISS គោចរកាត់ព្រះអាទិត្យពីផ្នែកម្ខាង ទៅកាន់ផ្នែកម្ខាងទៀត, ព្រមទាំងការកំណត់ពន្លឺ និងបំពាក់ Lens ឬ Filters ហើយអ្វីដែលសំខាន់បំផុតមិនអាចខ្វះបាន នោះគឺឧបករណ៍ការពារសុវត្ថិភាពខ្លួនឯង និងកាមេរ៉ា (តេឡេស្កូប) ពីពន្លឺដ៏មហាសាលនៃព្រះអាទិត្យ។
លោក McCarthy បានសង្កត់ធ្ងន់បែបនេះថា «ការថតរូបភាពទាំងនេះ គឺពិតជាលំបាកជាងការដែលខ្ញុំធ្លាប់គិត…។ ដើម្បីទទួលបានរូបភាពដ៏ល្អបំផុត យើងត្រូវរង់ចាំថតនៅកណ្តាលថ្ងៃត្រង់ នោះគឺនៅពេលព្រះអាទិត្យស្ថិតនៅចំពីលើក្បាលយើងតែម្តង ហើយនៅពេលដែលយើងត្រូវបំពេញកិច្ចការងារនេះនៅកណ្តាលវាលខ្សាច់ (Arizona) ថែមទៀតនោះ វាគឺជាការតស៊ូបំផុតមួយ…»។
គួរបញ្ជាក់ថា នេះជារឿងធម្មតាប៉ុណ្ណោះ ដែលមើលទៅផ្ទៃព្រះអាទិត្យដូចជាស្ថិតនៅកៀកខ្លាំងនឹង ISS (ឬយើងអាចច្រលំថា ISS កំពុងគោចរជុំវិញព្រះអាទិត្យ) ព្រោះនៅពេលយើង Zoom ទៅរកវត្ថុ (object) ណាមួយដែលស្ថិតនៅឆ្ងាយពីយើង នោះអ្វីៗដែលស្ថិតនៅពីក្រោយវត្ថុនោះទៀត (Background) ក៏នឹងត្រូវទាញមកកាន់តែជិតយើងដូចគ្នា ហើយ Background នោះទៀតសោតនឹងមើលទៅកាន់តែកៀកនឹង Object នោះខ្លាំងដែរ ទាំងដែលការពិត ISS ស្ថិតនៅចម្ងាយតែ ៤០០km ពីផែនដី ខណៈព្រះអាទិត្យវិញមានចម្ងាយរហូតដល់ ១៥០លានkm ពីផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥
(Image Credit: Andrew McCarthy via X)