NASA បញ្ចេញវីដេអូ-រូបភាពមិនធម្មតាដែលយាន Parker ថតបានពេលហោះកៀកព្រះអាទិត្យបំផុត! (រូបភាព-វីដេអូ)

NASA បញ្ចេញវីដេអូ-រូបភាពមិនធម្មតាដែលយាន Parker ថតបានពេលហោះកៀកព្រះអាទិត្យបំផុត! (រូបភាព-វីដេអូ)

(បរទេស)៖ កាលពីអំលុងខែធ្នូ ឆ្នាំ២០២៤ មនុស្សលោកលើផែនដីបានដឹងអំពី ការហោះទៅកៀកបំផុតជាប្រវត្តិសាស្ត្រនៃយានបង្កើតឡើងដោយមនុស្សនោះគឺ Parker Solar Probe រហូតដល់គម្លាតត្រឹមតែ ៦.១លានkm ពីព្រះអាទិត្យ ខណៈគោលដៅដំបូងដែលយានអង្គការ NASA គ្រោងសម្រេចឲ្យបានតាំងពីដើមមកនោះត្រឹមតែ ៦.៧លានkm ប៉ុណ្ណោះ។ ប៉ុន្តែ… យើងមិនទាន់បានឃើញរូបភាព ឬវីដេអូជាក់ស្តែងអំពីការហោះទៅកៀកព្រះអាទិត្យបំផុតនោះឡើយ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space)

ឈានមកដល់ខែកក្កដា ឆ្នាំ២០២៥នេះ អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំបានមកហើយ នោះគឺទាំងរូបភាព និងវីដេអូខ្លី ព្រមទាំងការវិភាគអំពីអ្វីដែលកំពុងកើតឡើងផងដែរ ត្រូវបានអង្គការ NASA នៃសហរដ្ឋអាមេរិកបញ្ចេញមកទាំងអស់។ ជាការពិតណាស់ យើងមិនអាចមិនសិក្សាពីព្រះអាទិត្យនោះទេ ព្រោះផ្កាយនេះជាមេនៃប្រព័ន្ធរបស់យើង, ជាអ្នកផ្តល់អ្វីៗគ្រប់យ៉ាងដល់ផែនដី និងជីវិតយើង ហើយជាពិសេសនោះគឺការជះឥទ្ធិពលយ៉ាងគំហុកគ្រប់វិនាទី មកលើជីវភាពរស់នៅរបស់យើងនៅក្នុងសម័យទំនើបនេះ និងអនាគតទៅមុខទៀត។

អ្វីដែលយាន Parker បាននិងកំពុងផ្តោតសំខាន់នោះ គឺការជះចេញនូវសមាសធាតុនានាពីព្រះអាទិត្យ នៅក្នុងទម្រង់ជាព្យុះព្រះអាទិត្យដូចជា បណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs) ដែលតែងតែបង្កឲ្យមានឥទ្ធិពលខ្លាំងមកលើភពនានា និងការផ្ទុះជះអណ្តាតភ្លើង (Solar Flare) នៅពេលព្រះអាទិត្យកំពុងស្ថិតនៅក្នុងវដ្តកញ្ជ្រោលកម្រិតអតិបរមា (Solar Maximum) ដូចនៅអំលុងឆ្នាំ២០២៤ មកដល់ឆ្នាំ២០២៥នេះ។ វាមានឥទ្ធិពលអាក្រក់មកលើ ប្រព័ន្ធទូរគមនាគមន៍តាមរលកវិទ្យុ ដូចជាអាចកាត់ផ្តាច់រលកវិទ្យុ, ធ្វើឲ្យរអាក់រអួល ឬដាច់ប្រព័ន្ធអ៊ីនធើណិត, ផ្តាច់ចរន្តអគ្គិសនី និងធ្វើឲ្យផ្កាយរណបខូចខាត ឬត្រូវបង្ខំចិត្តផ្អាកដំណើរការដើម្បីបន្ទាបខ្លួនចុះមកគន្លងគោចរសុវត្ថិភាពជាដើម។ ហេតុដូច្នេះហើយទើបការសិក្សា និងសង្កេតឥរិយាបថព្រះអាទិត្យគឺជារឿងចាំបាច់បំផុត។

នៅក្នុងរូបភាពពិសេសៗ និងវីដេអូខ្លីជាលក្ខណៈស-ខ្មៅថតដោយ Parker កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពេលហោះទៅកៀកនឹងព្រះអាទិត្យបំផុតត្រឹមតែ ៦.១លានkm នោះ ក្រុមអ្នកវិទ្យាសាស្ត្រ NASA និងមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ Johns Hopkins ដែលគ្រប់គ្រងលើឧបករណ៍សង្កេត WISPR ជាប់ខ្លួនយាន Parker បានប្រទះឃើញថា «នៅក្នុងរូបភាពទាំងនេះ យើងកំពុងមើលឃើញនូវវត្តមាន CMEs ប្រមូលផ្តុំគ្នាបែបពពាក់ពពូន (ជាន់លើគ្នា)។ យើងកំពុងព្យាយាមឈ្វេងយល់ អំពីរបៀបដែល CMEs ទាំងនេះរួមបញ្ចូលគ្នា ដែលជាការជះឥទ្ធិពលដល់បរិយាកាសនៃទីអវកាស (Space Weather)»។

ការវិភាគលើទម្រង់ CMEs ដែលយាន Parker ថតបានកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ (Credit: NASA/Johns Hopkins)

ពួកគេបានពន្យល់ទៀតថា ខ្យល់ព្រះអាទិត្យ (Solar Wind) ត្រូវបានចែកចេញជា ២ប្រភេទគឺទី១៖​ ខ្យល់ដែលមានល្បឿនលឿនដល់ទៅ ៨០០km/១វិនាទី ដែលជះចេញនូវចំហាយភាគល្អិតក្នុងកម្រិតគួរសមមួយ។ ទោះជាយ៉ាងណា ខ្យល់ព្រះអាទិត្យកម្រិតយឺតក្រោម ៨០០km/១វិនាទីទៅវិញទេ ទើបអាចបង្កើតការជះចេញនូវភាគល្អិតពីព្រះអាទិត្យដែលក្រាស់ និងពិបាកព្យាករណ៍ ព្រោះវាតែងបោកបក់មកបន្តបន្ទាប់គ្នាហូរហែរ ដោយមិនមែនជះតែមួយឆ្វាច់ហើយបាត់ទៅវិញនោះទេ។

នៅជុំវិញផែនដី យើងមានទំនោរជួបប្រទះនឹងខ្យល់ព្រះអាទិត្យ ដែលជាខ្យល់បក់មកបែបជាប់ៗគ្នា។ ប៉ុន្តែទិន្នន័យថ្មីពី Parker បានបង្ហាញថា ខ្យល់ព្យុះទាំងនេះកើនឡើងពេលនៅកាន់តែជិតទៅនឹងផ្ទៃព្រះអាទិត្យ ជាមួយនឹងភាពច្របូកច្របល់បន្ថែមក្នុងទម្រង់ជាដែនម៉ាញេទិចបែបកាច់កុង (zigzagging)អង្កាញ់ៗ (switchbacks) នៅពេលវាជះចេញពីផ្ទៃអណ្តាតភ្លើងព្រះអាទិត្យក្នុងគម្លាតប្រមាណជាង ២៣លានkm នោះ។ ការផ្លាស់ប្តូរទាំងនេះត្រូវបានគេគិតថា ភាពអង្កាញ់ៗនៃខ្យល់ព្រះអាទិត្យនេះអាចកើតចេញពី ចលនាស្រទាប់ក្រៅរបស់ព្រះអាទិត្យតែម្តង ហើយបាតុភូតបែបនេះហើយដែលជួយជំរុញដល់សន្ទុះនៃខ្យល់ព្រះអាទិត្យរហូតដល់កម្រិតលឿនបំផុត (៨០០km/១វិនាទី) នោះ។ តែយ៉ាងណាសម្រាប់ខ្យល់បែបក្រាស់ និងជះចេញក្នុងល្បឿនយឺតនោះ នៅតែស្ថិតក្នុងអាថ៌កំបាំងដដែល។

យាន Parker Solar Probe (Credit: NASA/Johns Hopkins)

គួរបញ្ជាក់ថា អាថ៌កំបាំងធំបំផុតនៃដំណើរការជះចេញនូវ Solar Wind ពីខ្លួនព្រះអាទិត្យនោះ គឺនៅតែជារបៀបដែលខ្យល់ព្រះអាទិត្យទាំងនោះ អាចគេចចេញពីដែនស្រូបទាញដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ហើយជះចេញទៅកាន់ប្រព័ន្ធទាំងមូលបាន ហើយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេស NASA និង Johns Hopkins នៅមិនទាន់អាចពន្យល់អំពីដំណើរការនេះ បានច្បាស់លាស់ឡើយ។ យ៉ាងណាក៏ដោយ ទិន្នន័យថ្មីៗពី Parker កាន់តែធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ យល់ដឹងបន្ថែមបានច្រើន ជាពិសេសចំពោះ Solar Wind កម្រិតលឿន ហើយបើទោះបីជាមិនទាន់បាន ១០០% ក៏រូបភាពថ្មីៗ និងវីដេអូខ្លីពី Parker ទាំងនេះ កំពុងក្លាយជាគន្លឹះក្នុងការឲ្យយើងសិក្សាស្វែងយល់បន្តទៀតបាន។ Parker នឹងគោចរទៅកៀកព្រះអាទិត្យម្តងទៀត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ហើយយើងរំពឹងថា នឹងទទួលបានចម្លើយៗថ្មីៗបន្ថែម​…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)

ប្រភព៖ Live Science via NASA/Johns Hopkins (ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥)

Comments (0)
Add Comment