ទើបថតបានរូបភាពច្បាស់នៃ «ផ្កាយដុះកន្ទុយមកពីប្រព័ន្ធផ្កាយដទៃ» ដែលត្រូវជា «ភ្ញៀវទី៣» មកកាន់ប្រព័ន្ធយើង (UPDATE) (វីដេអូ)

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែផ្តិតបាននូវ «រូបភាពច្បាស់លាស់ដំបូង» នៃផ្កាយដុះកន្ទុយមកពីប្រព័ន្ធផ្កាយទៃ (Interstellar Comet or Object) ឈ្មោះ 3I/ATLAS ដែលមានមុខកាត់ជាមធ្យម ២០km (ដំបូងឡើយមានឈ្មោះថា A11pl3Z) ខណៈដែលវាកំពុងគោចរមកកាន់ចំណុចកៀកនឹងព្រះអាទិត្យបំផុត ដែលនឹងកើតឡើងនាប៉ុន្មានខែខាងមុខនេះ។

(Video From YouTube: Cambo Space Edu)

វត្ថុអវកាស 3I/ATLAS ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងសហភាពតារាអន្តរជាតិ (IAU) ប្រកាសទទួលស្គាល់ជាផ្លូវការកាលពីដើមខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះថាជា «វត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ» ឬបើនិយាយឲ្យងាយយល់វាគឺជា «វត្ថុអវកាសមកពីប្រព័ន្ធផ្កាយដទៃ» ដែលកំពុងចល័តចូលប្រព័ន្ធព្រះអាទិត្យយើង រួចហើយក៏ត្រឡប់ទៅប្រភពដើមវិញដូច Oumuamua កាលពីឆ្នាំ២០១៧ និង Borisov កាលពីឆ្នាំ២០១៩ដែរ។

មូលហេតុដែលយើងហៅវាថា ផ្កាយដុះកន្ទុយ (Comet) នោះ ព្រោះការបង្ហាញខ្លួនរបស់វា មិនសូវខុសពីផ្កាយដុះកន្ទុយនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះឡើយ (មានរំសាយកន្ទុយជាចំហាយទឹក ធូលី និងឧស្ម័ន ពេលគោចរចូលមកក្បែរព្រះអាទិត្យ)។ តែយ៉ាងណា ដោយសារតែវានឹងមិនមកកៀកព្រះអាទិត្យខ្លាំង ដូចជាផ្កាយដុះកន្ទុយទូទៅនោះ ការរំសាយកន្ទុយរបស់វានឹងមិនវែង ហើយធំនោះទេ ហើយការបង្ហាញវត្តមានលើមេឃផែនដី ឲ្យមនុស្សលោកឃើញដោយភ្នែកទទេនោះ ក៏នឹងមិនអាចទៅរួចនោះដែរ។

រូបភាពថ្មីនៃ 3I/ATLAS ដែលច្បាស់លាស់ជាងកាលពីដើមខែកក្កដា ឆ្នាំ២០២៥ (Image credit: International Gemini Observatory/NOIRLab/NSF/AURA/K. Meech (IfA/U. Hawaii) / Image Processing: Jen Miller & Mahdi Zamani (NSF NOIRLab))

សម្រាប់រូបភាពថ្មីដែលច្បាស់ជាងមុននេះ ត្រូវបានថតដោយតេឡេស្កូប Gemini North ស្ថិតនៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក។ យើងអាចមានបណ្តុំនៃធូលី និងឧស្ម័ន (ចំហាយទឹក) ព័ទ្ធជុំវិញខ្លួនវត្ថុអវកាស 3I/ATLAS ដែលមានស្នូលជាទឹកកកនោះ ហើយចំហាយទាំងនោះក៏រាងរំសាយចេញប្រៀបដូចកន្ទុយផងដែរ តែក្នុងប្រវែងខ្លីប៉ុណ្ណោះ ខណៈវាមិនទាន់មកកៀកនឹងព្រះអាទិត្យខ្លាំងនោះទេ។ រូបភាពថ្មីនេះ គឺត្រូវបានថតនៅអំលុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥នេះ ខណៈដែលវាកំពុងស្ថិតនៅចម្ងាយ ៤៦៥លានkm ពីផែនដី។

តេឡេស្កូប Gemini North នៅ Hawaii (រូបភាពពីបរទេស)

គួររម្លឹកថា វត្ថុអវកាស 3I/ATLAS នឹងគោចរមកដល់ចំណុចកៀកព្រះអាទិត្យបំផុតក្នុងគម្លាត ២១០លានគីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលនៅពេលនោះវានឹងស្ថិតក្នុងគន្លងគោចរនៃភពព្រះអង្គារ (Mars) តែនឹងមិនបុកភពក្រហមនោះទេ ហើយក៏នឹងមិនគំរាមកំហែងអ្វីដល់ភពផែនដីយើងនោះដែរ ព្រោះពេលនោះវានឹងស្ថិតនៅចម្ងាយ ២៧០លានkm ពីភពរបស់យើង។ សម្រាប់ថ្ងៃទី៣០ ខែតុលានោះក៏នឹងក្លាយជាឱកាសល្អបំផុត ដែលក្រុមតារាវិទូប្រើប្រាស់តេឡេស្កូបដើម្បីឆ្លុះមើលកាន់តែលម្អិត ក្នុងន័យសិក្សាឈ្វេងយល់ការពិតអំពីវាផងដែរ។

គន្លងគោចរនៃវត្ថុអវកាសទី ៣ មកពីក្រៅប្រព័ន្ធព្រះអាទិត្យ (Image Credit: The Sky Live)
  • 3I/ATLAS អាចចាស់ជាងប្រព័ន្ធព្រះអាទិត្យ?

កាលពីពេលថ្មីៗនេះ ក្រុមតារាវិទូដែលបានសង្កេតជាបឋមលើទម្រង់ នៃគន្លងគោចរបស់ 3I/ATLAS បានដាក់ការសង្ស័យកម្រិតខ្ពស់ថា វាអាចមានប្រភពមកពីតំបន់បន្ទះឌីសក្រាស់ (thick disk) នៃកាឡាក់ស៊ី Milky Way ដែលនៅទីនោះគឺពោពេញដោយផ្កាយវ័យចំណាស់ៗ។ ប្រសិនបើមានការបញ្ជាក់ យ៉ាងច្បាស់លាស់ចុងក្រោយនោះ 3I/ATLAS នឹងមានអាយុយ៉ាងហោចណាស់ ៧ពាន់លានឆ្នាំ ដូច្នេះវានឹងចាស់ជាងប្រព័ន្ធព្រះអាទិត្យយើងនេះទៅទៀត ខណៈប្រព័ន្ធយើងទាំងមូលទើបមានអាយុ ៤.៦ពាន់លានឆ្នាំប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥)

Comments (0)
Add Comment