«សូរ្យគ្រាសឆ្នាំ២០២៧» ជាព្រឹត្តិការណ៍មហាកម្រ ដែលជិត១០០ឆ្នាំទើបមានម្តងទៀត (មានវីដេអូ)

(បរទេស)៖ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថានៅលើផែនដីនេះ «សូរ្យគ្រាសពេញលេញ (Total Solar Eclipse)» តែងកើតឡើងយ៉ាងហោចណាស់ម្តងទៅពីរដងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយមិនដែលត្រូវចំទីតាំងដដែលៗនោះឡើយពីមួយឆ្នាំទៅមួយឆ្នាំ…។ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ បាតុភូតសូរ្យគ្រាសដ៏កម្របំផុតមួយនឹងកើតឡើង ហើយយើងនឹងមិនអាចឃើញ បែបនោះទៀតឡើយក្នុងមួយជីវិត…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

សូរ្យគ្រាសពេញលេញខាងលើនេះ នឹងកើតឡើងពីលើទ្វីបអឺរ៉ុប, តំបន់អាហ្វ្រិកខាងជើង និងតំបន់មជ្ឈិមបូព៌ា ចំពេលព្រឹក ថ្ងៃត្រង់ និងរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧ (ម៉ោងនៅតំបន់ទាំងអស់នេះ)។ ជាការពិតណាស់ ព្រឹត្តិការណ៍ដែលនឹងកើតឡើងនេះគឺជា Total Solar Eclipse ដូច្នេះតំបន់ដែលជួបបាតុភូតនេះពេញលេញ នឹងឃើញវត្តមានថាសយក្សពណ៌ខ្មៅមួយ ចល័តមកបិទបាំងពន្លឺព្រះអាទិត្យទាំងស្រុងតែម្តង ហើយថាសនោះគឺព្រះចន្ទរបស់យើងនោះឯង។

Total Solar Eclipse (Image Credit: Lens Pulse via Pixabay)

ប៉ុន្តែ… ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅរយៈពេលជាង២ឆ្នាំទៀតនេះ (បើគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥នេះតទៅ) នឹងមិនដូចព្រឹត្តិការណ៍ Total Solar Eclipse ដែលបានកើតឡើងនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះឡើយ ហើយយើងអាចហៅវាថា «ជាព្រឹត្តិការណ៍អវកាសកំពូលប្រចាំសតវត្សរ៍»។ តើវាពិសេសបំផុតត្រង់ចំណុចណា? សូមតាមដានអត្ថបទនេះជាបន្តទៀត…។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន SPACE «សូរ្យគ្រាសពេញលេញ» នៅលើទ្វីបអឺរ៉ុប អាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧នោះ នឹងអូសបន្លាយរយៈពេលយូរបំផុតមិនធ្លាប់មាននោះគឺរហូតដល់ «៦នាទី និង ២៣វិនាទី» ខណៈសូរ្យគ្រាសពេញលេញភាគច្រើនបំផុត គឺក្រោមថេរវេលា ៣នាទីប៉ុណ្ណោះដែលយើងអាច Enjoy ភាពងងឹតទាំងនៅកំលុងពេលថ្ងៃនោះ។ វានឹងក្លាយជាថេរវេលាយូរបំផុតមិនធ្លាប់មាន ដែលមនុស្សលោកលើផែនដីអាចឃើញ «សូរ្យគ្រាសពេញលេញ» បើគិតពីចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ២១១៤ ឬមានន័យថា មនុស្សលោកអាចជួបប្រទះ «សូរ្យគ្រាសពេញលេញ» ដែលអូសបន្លាយពេលយូរដូចនេះទៀត រហូតដល់ឆ្នាំ២១១៤ ឯណោះ។

  • ម៉ោង និងទីតាំងជាក់លាក់នៃបាតុភូតសូរ្យគ្រាសឆ្នាំ២០២៧

យោងតាមកាលវិភាគជាក់ស្តែង នៅក្នុងឆ្នាំ២០២៧នោះនឹងមានបាតុភូតសូរ្យគ្រាសសំខាន់ៗដល់ទៅ ២លើក ឯណោះនោះគឺទី១៖ បាតុភូតសូរ្យគ្រាសកងភ្លើង (Annular Solar Eclipse) ដែលនឹងកើតឡើងនៅថ្ងៃទី២ ខែកុម្ភៈ ពីលើទ្វីបអាមេរិកខាងត្បូង ដល់ចុងអាហ្វ្រិលខាងលិច និងទី២៖ សូរ្យគ្រាសពិសេសបំផុតដែលយើងកំពុងបរិយាយនេះ។ តែសម្រាប់ក្នុងអត្ថបទនេះ យើងសូមលើកយកតែសូរ្យគ្រាសពិសេសបំផុតនៅថ្ងៃទី២ ខែសីហា នោះបានហើយ។

(Credit: Time and Date)

បើគិតតាមម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា (ដែលនឹងរងចំហាយតិចតួចប្រមាណ ១២% ពីសូរ្យគ្រាសពេញនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧ នោះដែរ) ព្រឹត្តិការណ៍នឹងកើតឡើងជាបន្តបន្ទាប់ចាប់ពីម៉ោង ២៖៣០នាទីរសៀល ដល់ម៉ោង ៧៖៤៣នាទីយប់ (បើយើងគិតពីព្រឹត្តិការណ៍សូរ្យគ្រាសទាំងមូល ដែលអូសកាត់ផ្នែកនៃទ្វីបចំនួន ) ហើយក្នុងនោះសូរ្យគ្រាសពេញលេញតែម្តង នឹងកើតឡើងឡើងនៅម៉ោង ១៧៖០៦នាទី និង ៤០វិនាទីល្ងាច (ម៉ោងនៅភ្នំពេញ)។

ប្រិយមិត្តអាចទស្សនាការ Live តាមរយៈ Facebook និង YouTube នៅក្នុងពេលនោះបាន ដោយបណ្តាប្រទេសដែលនឹងត្រូវសូរ្យគ្រាសពេញលេញអូសចំតែម្តងនោះគឺ ភាគខាងត្បូងអេស្ប៉ាញ, ភាគខាងជើងម៉ូរ៉ូកូ, ដែនដីជីប្រាល់តា (អង់គ្លេស), ភាគខាងជើងអាល់ហ្សេរី​, ទុយនីស៊ីស្ទើរទាំងមូល, ភាគខាងជើងលីប៊ី, ភាគកណ្តាលអេហ្ស៊ីប, ផ្នែកខ្លះនៃអារ៉ាប៊ីសាអូឌីត, យ៉េមែន, សូម៉ាលី និងដែនកោះរបស់អង់គ្លេស នៅក្បែរម៉ាល់ឌីវ។

(Credit: Time and Date)
  • តើកត្តាអ្វីជំរុញឲ្យសូរ្យគ្រាសនៅថ្ងៃទី២ សីហា ២០២៧ អូសបន្លាយយូរ?

បើតាមសារព័ត៌មាន Zee News មានកត្តា២ដែលបង្កឲ្យបាតុភូតសូរ្យគ្រាសថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧នោះជាបាតុភូតកម្រគឺ៖

ទី១៖ ភពផែនដីនៅក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧ នឹងស្ថិតនៅចំណុច Aphelion (ចំណុចឆ្ងាយពីព្រះអាទិត្យបំផុត) នោះគឺជាង ១៥២លានkm។ ការស្ថិតនៅឆ្ងាយបំផុតពីព្រះអាទិត្យ នឹងធ្វើឲ្យទំហំនៃព្រះអាទិត្យលើមេឃផែនដីតូចជាងធម្មតា។

ទី២៖ ព្រះចន្ទនៅក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៧ នឹងស្ថិតនៅចំណុច Perigee (ចំណុចកៀកនឹងផែនដីបំផុត)។

សរុបសេចក្តីមកនៅពេលវត្តមានព្រះចន្ទ (ថាសខ្មៅ) ធំជាងមុន តែបែរជាវត្តមានព្រះអាទិត្យដែលស្ថិតនៅពីក្រោយតូចជាងមុន នោះវាស្មើនឹងការឃើញវត្តមានថាសខ្មៅនោះមានរយៈពេលយូរជាងមុន ទម្រាំព្រះអាទិត្យដែលស្ថិតពីក្រោយនេះរំលេចចេញនូវពន្លឺឡើងវិញបាន។ សម្រាប់កត្តារួមផ្សំមួយទៀត គឺស្រមោលខ្មៅនៃសូរ្យគ្រាសនឹងដាលលើតំបន់ក្បែរខ្សែអេក្វាទ័រផែនដី ដែលប្រកាសនេះនឹងធ្វើឲ្យស្រមោលព្រះចន្ទដាលយឺតនៅលើផ្ទៃផែនដី បើធៀបនឹងការដាលលើទីតាំងផ្សេងដែលឆ្ងាយពីអេក្វាទ័រ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ Times of India / SPACE / Zee News (ថ្ងៃចន្ទ ទី២១ ខែកក្តដា ឆ្នាំ២០២៤)

Comments (0)
Add Comment