(បរទេស)៖ អាចថានេះជាការបកស្រាយអាថ៌កំបាំងធំមួយ ប្រចាំសតវត្សរ៍ទី២១នេះ ព្រោះនរណាៗក៏ស្គាល់ផ្កាយ Betelgeuse ដែរ ខណៈវាស្ថិតនៅក្នុងចំណោមផ្កាយទាំង ១០ ដែលមានបញ្ចេញពន្លឺភ្លឺខ្លាំងបំផុតរាល់រាត្រីនៅលើផ្ទៃមេឃផែនដី។ ការឡើងចុះពន្លឺខ្ទង់១ទសវត្សរ៍ចុងក្រោយនេះរបស់ Betelgeuse បានធ្វើឲ្យក្រុមតារាវិទូដាក់ការសង្ស័យបែបនេះបែបនោះ រហូតដល់ធ្លាក់តារាវិទូខ្លះបានអះអាងថា ផ្កាយយក្សក្រហមនោះបានផោម (ផ្ទុះជះឧស្ម័ន) ថែមទៀត…។
មិនបាច់វែងឆ្ងាយច្រើនទៀតទេ ដោយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សារព័ត៌មានអវកាស និងវិទ្យាសាស្ត្រអន្តរជាតិល្បីៗដូចជា SPACE, Live Science និង Science Alert ជាដើមបានចេញផ្សាយព្រមៗគ្នានូវ «លទ្ធផលសិក្សាផ្លូវការ» ចំពោះការពិតនៃឥរិយាបថខុសប្រក្រតីនៃផ្កាយ Betelgeuse ដែលចម្ងាយត្រូវបានគណនាពីមុនគឺខ្ទង់ ៧០០ឆ្នាំពន្លឺពីភពផែនដីយើងនោះ ហើយវានឹងធ្វើឲ្យលោកអ្នកនឹកស្មានមិនដល់ឡើយ…។
សម្រាប់លទ្ធផលសង្កេតថ្មីដោយក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA ដោយប្រើប្រាស់តេឡេស្កូប Gemini របស់ខ្លួននោះ ពួកគេបានរកឃើញផ្កាយថា Betelgeuse ដែលជាភាសាអារ៉ាប់មានន័យថា «បាតដៃយក្ស» មួយដួងនោះ តាមការពិតទៅគឺជាប្រព័ន្ធផ្កាយភ្លោះ (Binary System) ហើយវាមានចម្ងាយខ្ទង់ ៥៤៨ឆ្នាំពន្លឺប៉ុណ្ណោះពីភពផែនដី ដោយស្ថិតនៅក្នុងតារានិករ Orion បើយើងមើលទៅលើផ្ទៃមេឃពេលរាត្រី។
បច្ចុប្បន្ននេះ Betelgeuse កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់វាទៅហើយ ដោយវាមានម៉ាស់ប្រមាណ ១៦.៥ ទៅ ១៩ដងនៃម៉ាសព្រះអាទិត្យយើង ខណៈទំហំវិញគឺធំជាងព្រះអាទិត្យយើងដល់ទៅ ៧៦៤ដង និងមានអាយុប្រមាណតែ ១០លានឆ្នាំប៉ុណ្ណោះ។ នេះជាលើកទីមួយហើយដែលក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ចំណាយពេលសិក្សាលម្អិតខ្លាំងទៅលើ Betelgeuse ហើយលទ្ធផលចេញមកពេលនេះ មានភាពប្រាកដប្រជាជាងមុនឆ្ងាយ។
- រម្លឹកអំពីព្រឹត្តិការណ៍ឡើងចុះពន្លឺមិនប្រក្រតីនៃ Betelgeuse
នៅក្នុងការចាប់បានបាតុភូតនេះដំបូង ក្រុមតារាវិទូបានសង្កេតឃើញផ្កាយ Betelgeuse បង្ហាញអការៈចម្លែកខុសពីផ្កាយដទៃ ព្រោះតែនៅសុខៗក៏មានការថយចុះពន្លឺរហូតដល់ទៅ ៣៥% ដែលប្រការនេះធ្លាប់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា បង្កឡើងដោយការផ្ទុះជះធូលី និងឧស្ម័នចេញពី Betelgeuse ហើយវត្ថុធាតុទាំងនោះក៏ហ៊ុមព័ទ្ធជុំវិញផ្កាយយក្សក្រហមនោះ ដែលបានធ្វើឲ្យពន្លឺវាជះចេញទៅកាន់ទីអវកាសថយចុះ។
បន្ទាប់មកហេតុការណ៍ចម្លែកមួយទៀតបានកើតឡើង នោះគឺការថយចុះពន្លឺចំនួន ២ករណី មានដូចជា ការថយចុះពន្លឺរៀងរាល់ ៤០០ថ្ងៃម្តង និងការថយចុះពន្លឺនៅក្រោយពេល ៦ឆ្នាំម្តង។ សម្រាប់ការថយចុះពន្លឺ ៤០០ថ្ងៃម្តងនោះគឺជាព្រឹត្តិការណ៍សំខាន់ ដែលត្រូវបានគេរកឃើញថា បង្កឡើងដោយចលនាកញ្ជ្រោលផ្ទៃក្នុងរបស់ផ្កាយ Betelgeuse នោះផ្ទាល់។ យ៉ាងណាក៏ដោយ យើងធ្លាប់ឃើញការសន្និដ្ឋានមួយដែលប្លែកខុសគេកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានអះអាងថា ផ្កាយ Betelgeuse ទំនងជាមានដៃគូមួយទៀត (ប្អូនភ្លោះ)។
- ការរកឃើញប្អូនភ្លោះរបស់ Betelgeuse
ការវិភាគអំពីវត្តមានផ្កាយភ្លោះនេះហើយ ទើបបានធ្វើឲ្យរឿងរ៉ាវកាន់ស្មុគស្មាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើង ហើយនៅទីបំផុតក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌល Ames របស់ NASA បានធ្វើការសង្កេតបម្រែបម្រួលពន្លឺលម្អិតលើ Betelgeuse ដោយប្រើប្រាស់បណ្តាញេឡេស្កូប Gemini។ ជាលទ្ធផលពួកគេបានរកឃើញដៃគូមួយទៀតរបស់ Betelgeuse ដែលមានម៉ាសរហូតដល់ ១.៦ដង នៃម៉ាសព្រះអាទិត្យយើង ហើយផ្កាយប្អូននោះអាចមានគម្លាតពី Betelgeuse ខ្ទង់ ៤ AU (៤ដងនៃចម្ងាយរវាងផែនដី និងព្រះអាទិត្យ ឬ ១៥០លានkm X ៤ = ៦០០លានkm)។
ប្អូនភ្លោះ Betelgeuse នោះត្រូវបានដាក់ឈ្មោះឲ្យថា Siwarha (តារាពណ៌ស-ខៀវ) ដោយវាគោចរមួយជុំផ្កាយនោះ ដោយប្រើប្រាស់ពេល ៥.៩៥ឆ្នាំ (ជិត៦ឆ្នាំ) នៃពេលវេលាលើផែនដី។ យោងតាមការសិក្សាបឋម ផ្កាយ Siwarha ស្ថិតក្នុងជំពូក F-type ដែលមិនទាន់វិវឌ្ឍទៅជាផ្កាយដូចព្រះអាទិត្យយើងនៅឡើយទេ ព្រោះវាស្ថិតនៅវ័យក្មេងនៅឡើយបើយោងទៅលើប្រភេទរបស់វា។ ប៉ុន្តែ មើលទៅវាមិនអាចមានឱកាសរីកធំធាត់ ក្លាយជាផ្កាយដូចព្រះអាទិត្យយើងឡើយ ហើយបញ្ហាធំបំផុតនោះ គ្រប់គ្នាទំនងជាបានដឹងរួចហើយ…។
- ហេតុអ្វីផ្កាយ Betelgeuse មានអាយុខ្លីម្ល៉េះ?
គ្រប់គ្នាប្រាកដជាបានអានចំណុចខាងលើនេះរួចហើយ ដោយផ្កាយយក្សក្រហម Betelgeuse ទើបមានអាយុ ១០លានឆ្នាំប៉ុណ្ណោះ តែបែរជាជិតឈានដល់ទីបញ្ចប់ទៅវិញ។ បើធៀបនឹងព្រះអាទិត្យដែលអាយុគ្រប់ ១០ពាន់លានឆ្នាំទើបឈានរកទីបញ្ចប់នោះ ផ្កាយ Betelgeuse គឺអាយុខ្លីជាងព្រះអាទិត្យជាទីបំផុត ហើយចំណុចនេះគឺបណ្តាញមកពីប្រភេទរបស់ Betelgeuse នោះឯង។
Betelgeuse ស្ថិតនៅក្នុងជំពូកតារាមហាយក្សក្រហម (Red Supergiant) ដែលមានឈ្មោះជាផ្លូវការថា Alpha Orionis។ ផ្កាយប្រភេទនេះមានទំហំធំ តែម៉ាសមិនសូវធ្ងន់ដូចរូបរាងទេ ដូច្នេះការដុតចំហេះរបស់វាមានល្បឿនលឿនខ្លាំងមែនទែន ដោយអ៊ីដ្រូសែន (Hydrogen) របស់វាបានដុតអស់យ៉ាងលឿន និងកំពុងនៅសល់តែអេល្យូម (Helium) ប៉ុណ្ណោះដែលបន្តដើរតួនាទីសំខាន់។ នេះជាហេតុធ្វើឲ្យ Betelgeuse មានអាយុខ្លីបំផុត…។
គួរបញ្ជាក់ថា ផ្កាយ Betelgeuse ត្រូវបានគេព្យាករថា នឹងផ្ទុះ (supernova) នៅរយៈពេល ១០០,០០០ឆ្នាំទៀត (បើគិតតាមពេលវេលាលើផែនដី) ហើយវានឹងក្លាយជាស្នូលផ្កាយ ឬតារាណឺត្រុង (Neutron Star) មួយវិញ។ ប្រសិនបើព្រឹត្តិការណ៍ Supernova នោះកើតឡើងមែន នោះប្អូនភ្លោះរបស់ផ្កាយនេះគឺ Siwarha ប្រាកដជាគ្មានឱកាសរីកធំធាត់ទៀតទេ (នឹងត្រូវដុតកម្ទេចទាំងរស់)…។ ក្រុមតារាវិទូនឹងមានឱកាសសង្កេត និងសិក្សាលើផ្កាយ Siwarha ម្តងទៀត នៅពេលវាគោចរមកដល់ទីតាំងអាចយើងសង្កេតបាននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៧៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ Science Alter via The Astrophysical Journal Letters (ថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥)