រដ្ឋបាលលោក ដូណាល់ ត្រាំ៖ ដល់ពេលហើយដែលត្រូវដំឡើង «រ៉េអាក់ទ័រ-នុយក្លេអ៊ែរ» លើឋានព្រះចន្ទ! (មានវីដេអូ)

(បរទេស)៖ ប្រធានស្តីទីអង្គការ NASA ដែលត្រូវបានតែងតាំងដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គឺលោក សន ដឺហ្វី (Sean Duffy) បានបញ្ជាក់អំពីការពន្លឿនពេលវេលាក្នុងការដំឡើងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ (nuclear reactor) នៅលើឋានព្រះចន្ទ(Lunar) ដែលនេះជាការបោះជំហានដ៏ធំសម្រាប់វិស័យស្រាវជ្រាវទីឋានដទៃ ប្រកបដោយចីរភាពថាមពល, នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ការជំរុញល្បឿនទៅលើការអនុវត្តន៍ផែនការអនាគតដោយប្រធានស្តីទីអង្គការ NASA ខាងលើនេះ គឺកំពុងផ្តោតសំខាន់ទៅការអភិវឌ្ឍន៍ ម៉ាស៊ីននុយក្លេអ៊ែរ Fission Surface Power (FSP) ដើម្បីបញ្ជូនទៅដាក់លើផ្ទៃព្រះចន្ទជាមុន និងបន្ទាប់មកទៀតទើបដល់វេន ភពព្រះអង្គារ (Mars)FSP នឹងក្លាយជារោងចក្រផលិតថាមពលអគ្គិសនី ទុកសម្រាប់បម្រើបេសកកម្មមនុស្សលើទីនោះតែម្តង។

ម៉ាស៊ីន FSP សម្រាប់បំពាក់លើព្រះចន្ទ និងភពអង្គារ (រូបតំណាង) (រូបភាពពីបរទេស)

នៅក្នុងវែបសាយផ្លូវការរបស់អង្គការ NASA បានគូសបញ្ជាក់បន្ថែមបែបនេះថា «ប្រព័ន្ធផលិតថាមពលនុយក្លេអ៊ែរ FSP ពិតជាមានអានុភាពណាស់ និងអាចឲ្យយើងជំរុញប្រតិបត្តិការលើឋានព្រះចន្ទ និងភពព្រះអង្គារ កាន់តែមានប្រសិទ្ធភាព…»។ យោងតាម NASA បច្ចុប្បន្ននេះខ្លួនកំពុងធ្វើការងារជាមួយនឹង ក្រសួងថាមពលសហរដ្ឋអាមេរិក និងឧស្សាហកម្មផ្នែកថាមពលអវកាសឯទៀត ដើម្បីរចនាឡើងនូវម៉ាស៊ីន FSP ដែលអាចផលិតថាមពលអគ្គិសនីបានយ៉ាងហោចណាស់ ៤០គីឡូវ៉ាត់

នៅក្នុងសារមួយដែលត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់អង្គការ NASA កាលពីចុងខែកក្កដា ឆ្នាំ២០២៥ លោក Duffy ដែលបច្ចុប្បន្នត្រូវជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរនោះបានចេញបញ្ជាឲ្យមានការផលិតម៉ាស៊ីន រ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលអាចផលិតថាមពលបានរហូតដល់ ១០០គីឡូវ៉ាត់ និងត្រូវតែផលិតឲ្យបានរួចរាល់មុនការដឹកជញ្ជូនទៅកាន់ព្រះចន្ទនៅឆ្នាំ២០៣០

លោក Sean Duffy (រូបភាពពីបរទេស)

ការចេញបញ្ជាយ៉ាងក្តៅគគុក ដោយរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ដូចខាងលើនេះបានកើតឡើងក្រោយពីសារព័ត៌មាន Politico បានចេញផ្សាយថា ប្រទេសចិន និងរុស្ស៊ីកំពុងរួបរួមគ្នាដើម្បីបំពាក់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើឋានព្រះចន្ទឲ្យបានយ៉ាងហោចណាស់នៅពាក់កណ្តាលទសវត្សរ៍ ២០៣០ ខណៈមន្ត្រីសហរដ្ឋអាមេរិកធ្លាប់បង្ហើបផែនការដូចគ្នានេះ កាលពីខែមីនា ឆ្នាំ២០២៤

លោក Duffy បានព្រមានត្រង់ៗបែបនេះថា «សម្រាប់ប្រទេសណាដែលអាចដាក់វា (ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ) ដំបូងគេលើតំបន់ណាមួយនៃផ្ទៃព្រះចន្ទនោះ ក៏មានន័យស្មើនឹងការប្រកាសយកទីនោះ ជាទីតាំងផ្តាច់មុខរបស់ប្រទេសនោះដែរ ហើយវានឹងក្លាយជាការរារាំងដល់បេសកកម្ម Artemis របស់សហរដ្ឋអាមេរិក ប្រសិនបើយើងមិនទៅដល់ទីនោះមុនទេ…»។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Image Credit: NASA)

យោងតាមផែនការថ្មីដែលត្រូវបានជំរុញសម្រាប់ការអភិវឌ្ឍន៍ម៉ាស៊ីន FSP ដោយលោក Duffy នោះ តំណែងជានាយកប្រតិបត្តិសម្រាប់ដឹកនាំកម្មវិធីនេះនឹងត្រូវជ្រើសរើសក្នុងកំលុងពេល ៣០ថ្ងៃ ហើយនាយកកម្មវិធីនេះទៀតសោតនឹងមានតួនាទីរាយការណ៍ អំពីដំណើរវិវឌ្ឍន៍គ្រប់យ៉ាងទៅកាន់ប្រធានអង្គការ NASA។ សម្រាប់កំលុងពេល ៦០ថ្ងៃ ក្រោយការចេញបញ្ជា អង្គការ NASA នឹងទទួលយកសេចក្តីព្រាងពីដៃគូឧស្សាហកម្មពាក់ព័ន្ធនានា នៅក្នុងផែនការអភិវឌ្ឍន៍ម៉ាស៊ីនផលិតថាមពលនុយក្លេអ៊ែរ FSP នោះ។

គួរបញ្ជាក់ថា លោក Duffy ក៏បានឆ្លៀតរម្លឹកពីការស្នើរបស់លោក ដូណាល់ ត្រាំ ទៅកាន់សភា ដើម្បីផ្តល់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ផងដែរ ក្នុងនោះគឺការចង់បានថវិកាបន្ថែម ៣៥០លានដុល្លារអាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយអាទិភាពខ្ពស់ ដើម្បីទ្រទ្រង់បេសកកម្មទៅភពអង្គារ ហើយប្រាក់ជំនួយនេះនឹងកើនឡើងដល់ ៥០០លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៧

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ Independent (ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥)

Comments (0)
Add Comment