តើរកឃើញភពដូចក្នុងរឿង Avatar ហើយមែនឬ? James Webb ទើបប្រទះ «តំរុយនៃភព» ជុំវិញផ្កាយ Alpha Centauri (វីដេអូ)

(បរទេស)៖ ពិតណាស់! មុននឹងរកឃើញភព Exoplanet និមួយៗ ពីដំបូងឡើយយើងត្រូវព្យាយាមស្វែងឲ្យឃើញនូវ «តំរុយ» ជាមុនសិន ហើយនៅពេលដែលរកឃើញតំរុយនោះហើយ ទើប Exoplanet នោះនឹងត្រូវផ្តល់តំណែងជា «បេក្ខភាព» ដែលរង់ចាំការកំណត់វត្តមានជាក់លាក់ដើម្បីទទួលស្គាល់វាជា «ភពផ្លូវការ»។ ប្រការនេះ គឺមិនខុសពីការរកឃើញភព Exoplanet ជិតផែនដីបំផុតដំបូងនោះគឺ Proxima B ដែលគោចរជុំវិញផ្កាយ Proxima Centauri នោះឡើយ។

(សូមចុចទស្សនាវីដេអូផ្ទាល់ក្នុងយូធូប Cambo Space Edu)

ប៉ុន្តែ… គោលដៅធំជាងនេះរបស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺការស្វែងរកឲ្យឃើញភពគោចរជុំវិញផ្កាយភ្លោះ Alpha Centauri នោះគឺ Alpha Centauri A និង Alpha Centauri B ហើយនៅទីបំផុតតាមរយៈតេឡេស្កូបអវកាស James Webb ក្រុមតារាវិទូបានរកឃើញ «តំរុយដ៏ជាក់លាក់» ជាលើកដំបូងអំពីភព Exoplanet ខ្នាតធំមួយ ដែលអាចកំពុងគោចរជុំវិញមួយ ក្នុងចំណោមផ្កាយភ្លោះទាំង នោះហើយ។

ព្រះចន្ទ Pandora និងភព Polyphemus នៅក្នុងខែភាពយន្ត Avatar (Image Credit: Avatar by James Cameron)

បេក្ខភាពភពខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា (Caltech) និងមន្ទីរពិសោធន៍យាន JPL នៃអង្គការ NASA ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកបានអះអាងថា វាជាប្រភេទភពយក្សឧស្ម័ន (Gas Giant) ដែលស្រដៀងនឹងភពសៅរ៍ (Saturn) របស់យើង គោចរជុំវិញផ្កាយ Alpha Centauri A។ តែឈប់សិន! តើនោះជាភពយក្សឧស្ម័នឈ្មោះ Polyphemus នៅក្នុងខែភាពយន្ត Avatar មែនឬ? ចម្លើយយ៉ាងខ្លីពេលនេះ គឺវាត្រឹមស្ថិតក្នុងបេក្ខភាពសិន ហើយយើងត្រូវការពេលវេលាដើម្បីបញ្ជាក់វត្តមានទៅមុខទៀត។

  • បេក្ខភាពថ្មីជាភពស្ថិតនៅក្នុង Habitable Zone នៃផ្កាយ Alpha CentauriA

បេក្ខភាពនៃភពខាងលើ ដែលយើងអាចហៅឈ្មោះជាបណ្តោះអាសន្នថា Alpha Centauri Ab នោះ ត្រូវបានតេឡេស្កូបអវកាស James Webb ស្វែងរកឃើញតំរុយតាមរយៈ ឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI)។ ឧបករណ៍នេះមានបំពាក់នូវរនាំងពិសេសមួយគឺ Coronagraphic Mask ដែលជាម៉ាស់បិទបាំងពន្លឺស្ញាច (glare) របស់ផ្កាយនានា ដែលអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រស្វែងរកវត្តមានភពដែលគោចរជុំវិញផ្កាយទាំងនោះបាន។

តំរុយដែលបង្ហាញពីវត្តមានភព Alpha Centauri Ab (Image credit: NASA, ESA, CSA, STScI, Robert L. Hurt (Caltech/IPAC))

នៅទីបំផុត James Webb បានប្រទះឃើញទម្រង់នៃវត្ថុអវកាសមួយដែលអាចជាភព Alpha Centauri Ab គោចរជុំវិញផ្កាយ Alpha Centauri A។ គេសង្ស័យថា វាជាភពព្រោះតែពន្លឺបញ្ចេញពីខ្លួនវា ខ្សោយជាងពន្លឺផ្កាយ Alpha Centauri A ដល់ទៅខ្ទង់ ១០,០០០ដង។ យោងតាមទម្រង់នេះ ភព Alpha Centauri Ab ដែលស្ថិតក្នុងការសង្ស័យនោះ ជាប្រភេទភពឧស្ម័នយក្សស្ថិតក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដែលស្មើនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យយើងគុណនឹង ព្រោះផ្កាយ Alpha Centauri A ធំ និងក្តៅជាងព្រះអាទិត្យ។

តំរុយដែលបង្ហាញពីវត្តមានភព Alpha Centauri Ab (Image credit: NASA, ESA, CSA, STScI, Robert L. Hurt (Caltech/IPAC))

យោងតាមប្រភេទនៃភព Alpha Centauri Ab ក្នុងការសន្និដ្ឋាននេះ ទោះបីស្ថិតក្នុង Habitable Zone ក៏វាមិនអាចទ្រទ្រង់ជីវិតបានដែរ ព្រោះនោះជាប្រភេទភពយក្សឧស្ម័ន…។ ប៉ុន្តែ, ក្រុមអ្នកវិទ្យាសាស្ត្រភពធ្លាប់បានអះអាងរួចហើយថា ប្រសិនបើមានភពដូចជា Polyphemus គោចរជុំវិញផ្កាយ Alpha Centauri A ក្នុង Habitable Zone ពិតមែន នោះឱកាសនៃការអាចមានទីឋានទ្រទ្រង់ជីវិតបាននោះមានតែព្រះចន្ទដែលគោចរជុំវិញភពនោះប៉ុណ្ណោះ… តើអ្នកទាំងអស់គ្នាកំពុងនឹកគិតដល់ Pandora ហើយមែនទេ?

  • Alpha Centauri ជាប្រព័ន្ធផ្កាយភ្លោះ ៣ (រម្លឹកឡើងវិញ)

ប្រព័ន្ធផ្កាយ Alpha Centauri មានផ្កាយចំនួន ស្ថិតនៅជាមួយគ្នា (Trinary stars) ហើយក្នុងនោះ Proxima Centauri ដែលជាប្រភេទតារាតូចក្រហម (red dwarf) នោះគោចរជុំវិញផ្កាយ Alpha Centauri A និង B តែម្តង ខណៈផ្កាយ Alpha Centauri A និង B នេះគោចរជុំវិញគ្នាទៅវិញទៅមក ដោយមានផ្កាយធំជាងគេគឺ Alpha Centauri A ស្ថិតនៅជាគោល (ស្វែងយល់ក្នុងរូបភាព)

ទម្រង់នៃប្រព័ន្ធផ្កាយភ្លោះ ៣ Centaurus (រូបភាពពីបរទេស)

Alpha Centauri A និងព្រះអាទិត្យយើងស្ថិតក្នុងជំពូក G-type G2V ដែលមានលក្ខណៈពិសេសព្រមទាំងពណ៌ដូចគ្នាផងដែរ គ្រាន់តែផ្កាយ Alpha Centauri A មានម៉ាស់ធ្ងន់ជាងព្រះអាទិត្យ ១០% និងទំហំធំជាង ២៣% ខណៈអាយុរបស់វាក៏ចាស់ជាព្រះអាទិត្យដែរ។ សម្រាប់ Alpha Centauri B ស្ថិតក្នុងជំពូក K-type ដែលរាងស្រាល និងតូចជាងព្រះអាទិត្យយើងបន្តិច ព្រមទាំងមានពណ៌រាងក្រហមជាងព្រះអាទិត្យ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយ Alpha Centauri ទាំងមូលនេះមានចម្ងាយជាមធ្យម ៤.៣ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យយើង ហើយវាជាប្រព័ន្ធផ្កាយដទៃ ដែលស្ថិតនៅកៀកប្រព័ន្ធព្រះអាទិត្យយើងបំផុត។ កាលពីឆ្នាំ២០១៦ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភព Proxima B គោចរជុំវិញផ្កាយ Proxima Centauri ដ៏គួរឲ្យភ្ញាក់ផ្អើល។

ភព Alpha Centauri Ab ក្នុងការសន្និដ្ឋាន (Image credit: NASA, ESA, CSA, STScI, Robert L. Hurt (Caltech/IPAC))

តែទោះជាយ៉ាងណា ក៏ក្រុមតារាវិទូមិនបោះបង់ចោលគោលដៅ ក្នុងស្វែងរកភពគោចរក្នុងប្រព័ន្ធ Alpha Centauri នោះដែរ ព្រោះវានឹងក្លាយជាភាពវិសេសជាង បើយើងរកឃើញវត្តមានភព ដែលអាចគោចរជុំវិញផ្កាយណាមួយក្នុងចំណោមនេះ ព្រោះវាជាផ្កាយភ្លោះដែលពេលគោចរទៅជិតគ្នាបំផុតគឺ ១១.២ AU និងឆ្ងាយបំផុត ៣៥.៦ AU (១ AU = ១៥០លានkm)។ សម្រាប់បរិស្ថានប្រភេទនេះ ពិតជាពិបាកឲ្យយើងគិតថា មានវត្តមានភពទៅរួចណាស់ ហើយប្រសិនបើភព Alpha Centauri Ab នោះមានមែន វានឹងមានព្រះអាទិត្យ ២ដួង ឆ្លាស់វេនគ្នាបញ្ចេញរស្មីលើផ្ទៃមេឃមិនខាន…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ SPACE via NASA/ESA/CSA (ថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥)

Comments (0)
Add Comment