3I/ATLAS អាចជាយានអវកាសអេលៀន ចូលមកឈ្លានពានភពផែនដី, នេះជាសម្តីអ្នកវិទ្យាសាស្ត្រល្បីឈ្មោះ១រូប (មានវីដេអូ)

(បរទេស)៖ អ្នកវិទ្យាសាស្ត្រល្បីឈ្មោះមួយរូបគឺលោក Avi Loeb បានចេញមុខមកទៀតហើយ ដោយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក វ័យ ៦៣ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានគំនិតសុទិដ្ឋិនិយមចំពោះវត្តមាននៃជីវិតនៅប្រព័ន្ធផ្កាយដទៃ ឬជីវិតភពផ្សេងក្រៅពីផែនដី ដែលយើងហៅយ៉ាងខ្លីថា អេលៀនៗ (Alien) នោះ។ ការចេញមុខរបស់លោក Avi Loeb លើកនេះ គឺជាការឆ្លើយតបចំពោះវត្តមានផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធឈ្មោះ 3I/ATLAS ដែលក្រុមតារាវិទូអន្តរជាតិកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងស្ថាប័នតារាសាស្ត្រអន្តរជាតិនានា ទទួលស្គាល់ជាផ្លូវការដូចគ្នាថា 3I/ATLAS មានប្រភពមកពីប្រព័ន្ធផ្កាយដទៃ (Interstellar Object or Comet) ក៏ដោយក៏លោក Avi Loeb ឯណេះវិញនៅតែអះអាងផ្ទុយពីគេដដែល។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ WBZ-TV នៅសហរដ្ឋអាមេរិក កាលពីដើមខែសីហា ឆ្នាំ២០២៥ នេះថា «មានសញ្ញាច្បាស់លាស់នានាដែលបង្ហាញថា ផ្កាយដុះកន្ទុយ 3I/ATLAS អាចជាយានអវកាសរបស់ពួកអេលៀន…»

អ្នកវិទ្យាសាស្ត្រ Harvard លោក Avi Loeb (Image Source: CBS News)

លោក Avi Loeb បានសង្កត់ធ្ងន់បែបនេះថា «យើងគួរតែដាក់ភាពដែលអាចទៅរួចទាំងអស់នៅលើតុ ដើម្បីពិភាក្សាថាតើនោះជា ថ្មមួយដុំ, ផ្កាយដុះកន្ទុយ ឬជាអ្វីដែលផ្សេងទៀត រហូតដល់យើងទទួលបានភស្តុតាង ដែលអាចបញ្ជាក់ច្បាស់ថានោះជាអ្វី…»។ លោក Loeb និងក្រុមការងាររបស់លោកថែមទាំងបានអះអាងទៀតថា វត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យមួយនោះ គឺពិតជាមិនដូចផ្កាយដុះកន្ទុយទាល់តែសោះ ដោយវានឹងគោចរកៀកភពអង្គារ និងភពព្រហស្បតិ៍…។

រូបតំណាង Spacecraft (Image Source: Pixabay)

បើតាមលោក Loeb «វត្ថុអវកាស 3I/ATLAS នោះដូចជាត្រូវបានបញ្ជាប្រកបដោយភាពឆ្លាតវៃ ហើយប្រសិនបើនោះជារបស់អេលៀនមែន ពិភពលោកទាំងមូលត្រូវតែត្រៀមខ្លួន…។ ខ្ញុំគិតថា នៅពេលដែលយើងគ្មានកាលបរិច្ឆេទច្បាស់ អំពីភ្ញៀវណាមួយមកពីប្រព័ន្ធផ្កាយដទៃ ដែលនឹងមកធ្វើទស្សនកិច្ចយើងទេនោះ លទ្ធផលដែលយើងនឹងត្រូវទទួល គឺមិនអាចព្យាករណ៍បានឡើយ។ យើងមិនគួរសន្មតតែលើអ្វីមួយជាគោលនោះទេ ដោយយើងគួរតែត្រួតពិនិត្យលើទិន្នន័យអំពីហានិភ័យ ដែលយើងមាន»។

លោក Loeb ក៏បានផ្តល់យោបល់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រ កំណត់កម្រិតហានិភ័យនៃវត្ថុអវកាស ដែលអាចមានប្រភពពីពួក Alien នោះឲ្យដូចនឹងរង្វាស់រ៉ិចទ័រនៃគ្រោះរញ្ជួយដីដែរ, ឧទាហរណ៍៖ បើមានកម្រិត ០រ៉ិចទ័រ នោះនឹងបញ្ជាក់ថា 3I/ATLAS ជាផ្កាយដុះកន្ទុយមកពីក្រៅប្រពន្ធព្រះអាទិត្យយ៉ាងពិតប្រាកដ ដោយគ្មានមន្ទិលសង្ស័យអ្វីឡើយ… តែប្រសិនបើវត្ថុអវកាសនោះបង្ហាញអការៈដូចជាម៉ាស៊ីនដែលមានគេបញ្ជា នោះយើងគួរតែមានគោលនយោបាយដើម្បីឆ្លើយតបចំពោះវា…។

ជាចុងក្រោយលោក Loeb បានព្រមានបែបនេះថា «យើងបានឃើញលំនៅឋាន (ប្រព័ន្ធផ្កាយ) ជាច្រើននៅតាមដងវិថីនៃទីអវកាស ដែលស្រដៀងៗនឹងផ្ទះរបស់យើង ហើយស្ថិតនៅចំពោះមុខប្រព័ន្ធព្រះអាទិត្យយើង… ហើយខ្ញុំគិតថា យើងដូចជាមានគំនិតបែបគគ្លើនពេកហើយដែលហ៊ានសន្មតថា ប្រព័ន្ធផ្កាយទាំងនោះមិនមានជីវិតរស់នៅនោះ…»។

រូបពិតនៃ 3I/ATLAS​ ថតដោយ Hubble (Credit: NASA/ESA)

គួរបញ្ជាក់ថា ទោះបីជាអ្វីៗដែលលោក Avi Loeb បានលើកឡើងដូចខាងលើនេះ ហាក់ដូចជាត្រឹមត្រូវ និងប្រកបដោយអំណះអំណាងស្របតាមបែបផែនវិទ្យាសាស្ត្រក៏ពិតមែន តែវាទំនងជានឹងមិនអាចនាំឲ្យសហគមន៍តារាសាស្ត្រអន្តរជាតិ ចាត់វិធានការអ្វីតបតាមលោកជំរុញនោះឡើយ។ គេនៅចាំបានថា លោក Loeb នេះហើយដែលបានអះអាងថា វត្ថុអវកាស Oumuamua ដែលបានចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើងកាលពីឆ្នាំ២០១៧ នោះគឺអាចជាយានអវកាស Alien ចូលមកស៊ើបការណ៍រួចត្រលប់ទៅវិញ។ ក្រោយមកទៀត ទ្រឹស្តីអំពី Alien របស់លោកបានលេចចេញជាបន្តបន្ទាប់ រហូតដល់អ្នកវិទ្យាសាស្ត្រខ្លះបានប្រាប់ឲ្យលោក Loeb បិទមាត់ខ្លះថែមទៀតផង ព្រោះបើលោកប្រឹងទាញចូលតែរឿង Alien បែបនេះ នឹងអាចនាំឲ្យខូចតម្លៃដល់ការស្រាវជ្រាវវិទ្យាសាស្ត្រជារួម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ CBS News via WBZ-TV (ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥)

Comments (0)
Add Comment