(បរទេស)៖ មិនដែលស្គាល់ពាក្យទំនេរម្តងណាឡើយសម្រាប់តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានkm ពីភពផែនដីនោះ ហើយនៅអំលុងខែសីហា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រប់គ្រង Webb ទើបតែបង្ហាញអំពីលទ្ធផលថ្មី ដែលមានតម្លៃដល់ការសិក្សាស្រាវជ្រាវទីអវកាស នោះគឺសមាជិកថ្មីនៅជុំវិញភពអ៊ុយរ៉ានុស (Uranus) ដែលជាភពយក្សឧស្ម័នពណ៌ខៀវ (Blue Gast Giant) របស់ប្រព័ន្ធព្រះអាទិត្យយើង។
យើងបានដឹងកន្លងមកថា នៅជុំវិញភពអ៊ុយរ៉ានុសមានព្រះចន្ទតូចធំ (Moons) សរុបចំនួន ២៨ ហើយបងធំជាងគេនោះមានឈ្មោះថា ថាយថេនៀ (Titania គោចរខ្ទង់ ៤៣៦,០០០km ពីភពអ៊ុយរ៉ានុស) ដែលមានអង្កត់ផ្ចិតប្រមាណជិត ១,៥៧៧km តូចជាងព្រះចន្ទរបស់ផែនដីយើងដែលមានអង្កត់ផ្ចិតដល់ជិត ៣,៤៧៥km។ ប៉ុន្តែពេលនេះ ចំនួនព្រះចន្ទជុំវិញភពអ៊ុយរ៉ានុសបានកើនដល់ ២៩ ហើយ ដោយយើងត្រូវអរគុណទៅដល់ សមត្ថភាពសង្កេតពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ដ៏មានអានុភាពរបស់ James Webb ដែលអាចវែករកឃើញ វត្ថុអវកាសដ៏តូចនៅក្បែរ Rings របស់អ៊ុយរ៉ានុសនោះបាន។
សម្រាប់សមាជិកថ្មីជុំវិញ Uranus នោះ ក្រុមអ្នកវិទ្យាសាស្ត្រមិនធ្លាប់មានឃើញនោះឡើយ ពីមុនមក ដោយវាមិនទាន់មានឈ្មោះជាផ្លូវការនោះទេ ប៉ុន្តែគេបានគណនាអង្កត់ផ្ចិតរបស់វារួចហើយ នោះគឺ ១០km។ មូលហេតុដែលគេពិបាករកឃើញវានោះ គឺមកពីវាតូចពេក និងស្ថិតនៅកៀកនឹងជាយ Rings ភពអ៊ុយរ៉ានុស ខណៈទំហំត្រឹម ១០km គឺមិនអាចឲ្យយាន Voyager-2 ឬសូម្បីតែតេឡេស្កូបអវកាសផ្សេងៗទៀតឆ្លុះឃើញឡើយកន្លងមកនេះ។
ព្រះចន្ទធំៗរបស់ Uranus មានដូចជា មីរ៉ាន់ដា (Miranda), អារៀល (Ariel), អាំប្រៀល (Umbriel), ថាយថេនៀ (Titania) និងអូប៊ែរ៉ុន (Oberon) ខណៈឈ្មោះព្រះចន្ទទាំងអស់នេះ សុទ្ធសឹងតែត្រូវបានដាក់តាមតួអង្គនៅក្នុងប្រវត្តិសាស្ត្រ រាប់ចាប់ពីលោក Shakespeare រហូតដល់ Alexander Pope ជាដើម។ ក្រុមការងារ James Webb បានបញ្ជាទៅលើកាមេរ៉ាថតពន្លឺក្រហមអាំងហ្វ្រាកម្រិតជិត NIRCam កាលពីអំលុងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបអាចវែករកឃើញវត្តមានវត្ថុអវកាសដ៏តូចនោះបាន ហើយឈ្មោះមិនទាន់ផ្លូវការរបស់វាពេលនេះគឺ S/2025 U1 ដែលគោចរក្នុងគម្លាត ៥៦,២៥០km ពីចំណុចកណ្តាលភពអ៊ុយរ៉ានុស។
ហេតុអ្វីត្រឹមទំហំ ១០km សោះយើងចាត់ទុកវាជាព្រះចន្ទដែរ? ត្រង់ចំណុចមួយនេះ គឺជារឿងដែលងាយពន្យល់ប៉ុណ្ណោះ ព្រោះឲ្យតែវត្ថុអវកាសមួយគោចរជុំវិញភពមួយទៀត នៅក្នុងគន្លងគោចរដែលគេអាចគណនាបាន និងមានស្ថិរភាពនោះ វានឹងត្រូវចាត់ទុកជាព្រះចន្ទរបស់ភពនោះហើយ។ ការពិតប្រសិនបើគេរកឃើញ វត្ថុអវកាសតូចជាង S/2025 U1 នេះទៀត ក៏នឹងត្រូវចាត់ជាព្រះចន្ទរបស់ Uranus ដូចគ្នា ទោះបីជាវាស្ថិតក្នុងទំហំត្រឹម ៥km ឬតូចជាងនេះទៀតក៏ដោយ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ NASA, ESA, CSA (ថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥)