(បរទេស)៖ នៅទីបំផុតការធ្វើតេស្ត Starship ជាលើកទី១០ (Starship Orbital Flight Test 10) បានប្រព្រឹត្តទៅរួចហើយ និងទទួលបានលទ្ធផលល្អទៅលើបេសកកម្មថ្មីដំបូង១។ ការធ្វើតេស្តលើកនេះបានកើតឡើងនៅវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ (ម៉ោងនៅរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៦៖៣០នាទីព្រឹកថ្ងៃពុធ ទី២៧ ខែសីហានេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីត្រូវបានពន្យារពេលជាលើកចុងក្រោយតាំងពីថ្ងៃទី២៤ ខែសីហាមកព្រោះតែបញ្ហាបច្ចេកទេសរបស់មូលដ្ឋានបាញ់បង្ហោះផ្ទាល់។
ការធ្វើតេស្តបានប្រព្រឹត្តដោយមានរយៈពេលសរុប ១ម៉ោង ៦នាទី និង ៤០វិនាទី ដោយគិតចាប់តាំងពី Starship និងរ៉ុក្កែត Super Heavy Booster (ដាក់បន្តុបលើគ្នាមានកម្ពស់ ១៧១ម៉ែត្រ) ហោះឡើងចេញពីមូលដ្ឋាន Gate Way to Mars (Starbase) ស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូងនៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក រហូតដល់ការចុះចតរបស់ Starship លើផ្ទៃមហាសមុទ្រឥណ្ឌា ដោយមានជំនួយពីការ Live របស់កាមេរ៉ាដែលបំពាក់អ៊ីនធើណិតនៃប្រព័ន្ធផ្កាយរណប Starlink បំពាក់ជាប់ពោងបណ្តែតទឹក (buoy)។
យោងតាមទិន្ន័យពី SpaceX ការធ្វើតេស្តលើកទី ១០ របស់ Starship នេះគឺជាលើកទី ៤ ហើយសម្រាប់ឆ្នាំ២០២៥ ខណៈ ៣លើកមុន គឺមិនបានទទួលលទ្ធផលសមតាមបំណងនោះទេ។ សម្រាប់តេស្តនៅថ្ងៃទី២៧ ខែសីហានេះ (ម៉ោងនៅកម្ពុជា) យើងអាចសន្មតបានថា មានការខ្វះចន្លោះមិនទាន់ស្របទៅនឹងគោលដៅដែលគេដាក់ឲ្យរ៉ុក្កែត និងនាវាអវកាសប្រើប្រាស់ឡើងវិញ (reusable) នេះ ខណៈរ៉ុក្កែត Super Heavy Booster ត្រូវបានបញ្ជាឲ្យទម្លាក់ខ្លួនលើឈូងសមុទ្រម៉ិកស៊ិក និងបំផ្ទុះខ្លួនឯង (មិនបានចុះលើចង្កឹះចាប់ទេ) ហើយ Starship វិញក៏បានបំផ្ទុះខ្លួនឯងក្រោយចុះចតលើមហាសមុទ្រឥណ្ឌាដែរ (នេះអាចជាគោលការណ៍តម្រូវឲ្យធ្វើបែបនេះ)។
ងាកមកកាន់ស្ថាបនិក SpaceX លោក Elon Musk ឯណោះវិញ ក្រោយការធ្វើតេស្តលើកទី ១០ នេះចប់ជាស្ថាពរលោកបានបង្ហោះសារមួយលើគណនី X របស់លោកយ៉ាងដូច្នេះថា «នេះជាលទ្ធផលការងារដ៏អស្ចារ្យរបស់ក្រុមការងារ SpaceX!»។ ដោយឡែក នៅមុនការធ្វើតេស្តនេះប៉ុន្មានម៉ោង គណនីផ្លូវការរបស់ក្រុមហ៊ុន SpaceX ក៏បានបង្ហោះផងដែរ នូវរូបភាពមួយសន្លឹកដែលបង្ហាញអំពីអនាគតរបស់ Starship ជាច្រើនគ្រឿងដែលនឹងត្រូវប្រើប្រាស់សម្រាប់ដឹកមនុស្ស និងទំនិញរាប់លានតោនពីផែនដីទៅកាន់ភពព្រះអង្គារ (Mars) ដូចដែលក្រុមហ៊ុននេះធ្លាប់បានអះអាងរួចហើយថា នឹងបញ្ជូន Starship គ្មានមនុស្សជិះទៅសាកល្បងចុះចតនៅភពអង្គារ (Mars) នៅចុងឆ្នាំ២០២៦ និងដឹកមនុស្សទៅទីនោះដែរនៅឆ្នាំ២០២៨។
គួរបញ្ជាក់ថា SpaceX បានសិក្សាមេរៀននៃការធ្វើតេស្តលើកទី ៩ ដែល Starship បានផ្ទុះឆេះនៅកណ្តាលអាកាសទាំងដែលទើបហោះឡើងបានតែប៉ុន្មាននាទីដោយសារតែការលេចធ្លាយធុងស្តុកឥន្ធនៈនោះ (ដោយសារតែបំពង់បង្ហូរឥន្ធនៈពីធុងស្តុកឥន្ធនៈ បានរកសម្ពាធលើស) និងយកមកកែតម្រូវសម្រាប់លើកទី ១០ នេះ ហើយជាលទ្ធផលគឺ Starship ទី ១០ បានសម្រេចតាមគោលដៅ ប៉ុន្តែក៏មិនទាន់មានភាពឥតខ្ចោះដែរ ព្រោះបញ្ហាមួយចំនួនបានលេចឡើងជាពិសេសពេល Starship រៀបចុះចត ដែលបញ្ហាទាំងនេះ SpaceX នឹងធ្វើការបកស្រាយក្រោយធ្វើការស៊ើបអង្កេតរួចរាល់។
បន្ថែមពីនេះទៀតនៅរយៈពេលជិត ៣០នាទីក្រោយឡើងផុតពីដី Starship ក៏បានចេញប្រតិបត្តិការសាកល្បងពិសេសដំបូង១ផងដែរ ការពង្រាយផ្កាយរណប Starlink សរុប ៨គ្រឿង ដែលសុទ្ធសឹងជាផ្កាយរណបក្លែងក្លាយ (dummy) ជាលើកដំបូង និងបានទទួលជោគជ័យ។ នេះជាការសម្រេចជោគជ័យមួយបន្ថែមទៀត ស្របតាមទិសដៅនៃការប្រើប្រាស់ Starship សម្រាប់បម្រើពហុវិស័យ។ ជាចុងបញ្ចប់ Starship បានចុះចតលើមហាសមុទ្រឥណ្ឌា នៅរយៈពេល ១ម៉ោង ៦នាទី និង ៤០វិនាទីក្រោយការហោះឡើងពីដី… ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាពិសេស X មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះស្នាមពណ៌លឿងដ៏ធំនៅជាប់ខ្លួន Starship ពេលចុះចតលើផ្ទៃមហាសមុទ្រឥណ្ឌា ដោយរឿងនេះមិនទាន់មានការបកស្រាយនោះទេ…៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា), ប្រភព៖ SPACE / SpaceX (ថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥)