(បរទេស)៖ ភ្នំភ្លើង ហ្វូជី (Fuji) ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុនបានផ្ទុះចុងក្រោយបំផុត កាលពីខែធ្នូ ឆ្នាំ១៧០៧ និងបន្តបញ្ចេញឥទ្ធិពលបន្ទាប់បន្សំរបស់វារហូតដល់ខែកុម្ភៈ ឆ្នាំ១៧០៨ ទើបស្ងប់ទៅវិញ។ ប៉ុន្តែនៅក្នុងឱកាសនៃ «ទិវាភ្នំភ្លើង» នៅជប៉ុន មន្ត្រីជប៉ុនបានបញ្ចេញរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ នោះគឺវីដេអូដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ទៅលើអនាគតរបស់ Fuji ដែលមានចម្ងាយខ្ទង់ ១០០km ពីភាគនិរតីទីក្រុងតូក្យូ ដោយស្ថិតនៅចន្លោះខេត្ត Yamanashi និង Shizuoka នោះ។
នៅក្នុងការបង្កើតវីដេអូតាមរយៈ AI នេះ ក្រុមអ្នកជំនាញជប៉ុនបានបញ្ចូលនូវទិន្នន័យជាច្រើនអំពីស្ថានភាពបច្ចុប្បន្ន និងប្រវត្តិរបស់ភ្នំភ្លើង Fuji យ៉ាងលម្អិត ដើម្បីឲ្យកម្មវិធី AI នោះវិភាគចេញនូវអនាគតដែលនឹងអាចកើតឡើងជាខ្សែវីដេអូតែម្តង។ គោលដៅរបស់អាជ្ញាធរជប៉ុនពេលនេះ គឺដើម្បីត្រៀមលក្ខណៈទុកជាមុនសម្រាប់មនុស្សម្នាខ្ទង់ ៣៧លាននាក់ ដែលកំពុងរស់នៅតំបន់ប្រជុំជនទូទាំងទីក្រុងតូក្យូ ចំពោះមុខគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើង។
ជាលទ្ធផលរដ្ឋបាលទីក្រុងតូក្យូ បានចេញសារដាស់តឿនមួយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ថា «ភ្នំភ្លើង Fuji អាចផ្ទុះគ្រប់ពេល ដោយមិនមានការឲ្យតំរុយជាមុនឡើយ»។ អាជ្ញាធរទីក្រុងតូក្យូថែមទាំងបានសង្កត់ធ្ងន់ទៀតថា «បន្ទុះភ្នំភ្លើង Fuji នឹងជះកម្ទេចផេះឡើងកប់អាកាស ហើយផេះទាំងនោះបាចសាចក្នុងរង្វង់ ១០០km នៅជុំវិញភ្នំភ្លើងនោះតែក្នុងកំលុងពេលប៉ុន្មានម៉ោងប៉ុណ្ណោះ… ដោយប្រការនេះនឹងធ្វើឲ្យរាំងស្ទះដល់ ប្រព័ន្ធដឹកជញ្ជូន, រំខានផលិតកម្មចំណីអាហារ និងថាមពល និងធ្វើបង្កបញ្ហាដល់ខ្យល់ដកដង្ហើមក្នុងរយៈពេលវែង»។
នៅចុងបញ្ចប់នៃវីដេអូ AI នោះក៏បានរំលេចចេញនូវសារពិសេសមួយផងដែរថា «យើងត្រូវតែប្រកាន់ខ្ជាប់ខ្លួនពួកយើងជានិច្ចនូវការពិតទាំងអស់នេះ ហើយត្រៀមរៀបចំខ្លួនឲ្យបានស្រេចបាច់ សម្រាប់គ្រោះមហន្តរាយដែលនឹងមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង…»។ យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់ពីមនុស្សពិតមិនមែន AI នោះគឺរដ្ឋបាលទីក្រុងតូក្យូ បានអះអាងថា «ពេលនេះមិនទាន់មានសញ្ញាណាមួយ ដែលបញ្ជាក់ថាភ្នំភ្លើង Fuji អាចនឹងផ្ទុះនោះទេ» តែការបង្កើតវីដេអូឡើងដោយ AI នេះគឺជាការដាស់តឿនយ៉ាងប្រាកដប្រជា ចំពោះប្រជាជននៅទូទាំងទីក្រុងតូក្យូ ដើម្បីត្រៀមខ្លួនទុកជាមុនឲ្យបានរួចរាល់។
ជុំវិញសារដាស់តឿនដ៏គួរឲ្យព្រឺព្រួចពីអាជ្ញាធរជប៉ុនខាងលើនេះ ក៏បានធ្វើឲ្យប្រជាជនជប៉ុនបង្ហាញក្តីព្រួយបារម្ភខ្លាំង និងខ្លះមានការភាន់ច្រលំផងដែរ…។ ជាក់ស្តែងបុគ្គលិកមន្ត្រីពេទ្យមួយរូបវ័យ ៥៧ឆ្នាំ ឈ្មោះ Shinichiro Kariya បានចោទជាសំនួរវិញថា «តើវាពិតជាមានសញ្ញាជាក់លាក់មែនឬអំពីថាវានឹងផ្ទុះនោះ? ហេតុអ្វីពេលនេះយើងបែរជាទទួលព័ត៌មានថា នឹងអាចមានផេះកម្រាស់ ១០cm ធ្លាក់, សូម្បីតែនៅតូក្យូ? ខ្ញុំឆ្ងល់ខ្លាំងណាស់ ហេតុអ្វីរឿងនេះកើតឡើងយ៉ាងទាន់ហន់បែបនេះ?»។
ដោយឡែកស្ត្រីម្នាក់ឈ្មោះ Hiromi Ooki រស់នៅទីក្រុង Mishima ដែលអាចមើលឃើញភ្នំភ្លើង Fuji យ៉ាងពេញប្លង់នោះ ក្រោយទស្សនាវីដេអូ AI អំពីលទ្ធភាពអាចផ្ទុះភ្នំភ្លើងនេះ នាងបានបញ្ចេញមតិថា «ខ្ញុំកំពុងត្រៀមទិញសម្ភារៈទុកសម្រាប់គ្រាមានអាសន្ននៅថ្ងៃស្អែកនេះហើយ… អំណាចនៃធម្មជាតិពិតជាអស្ចារ្យ ដែលវាប្រសើរណាស់ប្រសិនបើវាធ្វើឲ្យយើងរាងខ្លាចតិចតួចបែបនេះ…»។
យោងតាមសាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកគ្រោះមហន្តរាយមួយរូប Naoya Sekiya មកពីសាកលវិទ្យាល័យទីក្រុងតូក្យូបានរៀបរាប់ថា រដ្ឋាភិបាលជប៉ុនបានសិក្សា និងបង្កើតគំរូម៉ូដែលជាច្រើនរួចមកហើយ ទៅលើសេណារីយ៉ូដែលភ្នំភ្លើង Fuji នឹងផ្ទុះ តែទាំងអស់នេះមិនមែនមានន័យថា ភ្នំភ្លើង Fuji នឹងផ្ទុះនោះទេ…។ អ្នកជំនាញរូបនេះបន្ថែមទៀតថា «យើងមិនទាន់មានការកំណត់ពេលជាពិសេសចំពោះរឿងនេះ (ភ្នំភ្លើង Fuji នឹងអាចផ្ទុះ) នោះឡើយ…»។
គួរបញ្ជាក់ថា ទិវាគាំពារគ្រោះមហន្តរាយបង្កឡើងដោយភ្នំភ្លើង ឬយើងអាចហៅយ៉ាងខ្លីថា «ទិវាភ្នំភ្លើង» នៅប្រទេសជប៉ុន តែងតែប្រារព្ធឡើងនៅថ្ងៃទី២៦ ខែសីហា រៀងរាល់ឆ្នាំ។ ទិវានេះត្រូវបានបង្កើតឡើងដោយយកតាមថ្ងៃដំបូងនោះគឺ ២៦ ខែសីហា ឆ្នាំ១៩១១ ដែលអាជ្ញាធរជប៉ុនចាប់ផ្តើមបង្កើតការត្រួតពិនិត្យសុវត្ថិភាពលើភ្នំភ្លើង Asama ព្រោះកាលណោះ ជប៉ុនចាប់បានរំញ័រចេញពីភ្នំភ្លើងដែលស្ថិតនៅភាគកណ្តាលកោះ Honshu (ចន្លោះខេត្ត Gunma និង Nagano) មួយនេះ ដោយភ្នំភ្លើង Asama នេះមានចម្ងាយ ១៣០km ពីទីក្រុងតូក្យូ។
Asama បានផ្ទុះចុងក្រោយបំផុតកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែស្ថិតក្នុងកម្រិតស្រាលប៉ុណ្ណោះ ដោយព្រឹត្តិការណ៍នោះបានជះកម្ទេចធូលីផេះផង់ឡើងលើអាកាសកម្ពស់ ១.៨km និងមិនមានមនុស្សបាត់បង់ជីវិតនោះទេ។ ប៉ុន្តែកាលពីឆ្នាំ១៧៨៣ ភ្នំភ្លើងមួយនេះបានផ្ទុះយ៉ាងកក្រើក និងបង្កឲ្យមនុស្សស្លាប់ដល់ទៅជាង ១,៥០០នាក់ឯណោះ ដែលជាគ្រោះមហន្តរាយភ្នំភ្លើងដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ CNA (ថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥)