(បរទេស)៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានទស្សនាហើយនូវវីដេអូរបស់ Cambo Space ក៏ដូចជាវីដេអូផ្សេងៗទៀត ដែលពណ៌នាអំពីការព្យាករណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រដែលថា រាជធានីបាងកកនៃប្រទេសថៃ និងទីក្រុងនៅអាស៊ីមួយចំនួនទៀត ដែលមានសណ្ឋានដីប៉ប្រះនឹងនីវ៉ូទឹកសមុទ្រនោះ នឹងលិចលង់ក្នុងទឹកចាប់ពីឆ្នាំ២០៥០ (សល់តែ ២៥ឆ្នាំទៀតប៉ុណ្ណោះ)។ ប៉ុន្តែចម្ងល់ធំមួយនៅតែមាន អំពីរាជធានីភ្នំពេញរបស់យើងនេះថា តើយើងនឹងត្រូវលិចទឹកដែរឬទេនៅឆ្នាំ២០៥០នោះ?
យើងសូមធ្វើការបែងចែកការពន្យល់ជា ៥ ចំណុចធំៗដើម្បីឲ្យគ្រប់គ្នាងាយយល់ ដោយរាប់ចាប់ពីការព្យាករណ៍ពិសេសសម្រាប់ទីក្រុងបាងកក រហូតដល់ទីក្រុងមួយចំនួនដែលនឹងប្រឈមការលិចលង់នៅក្នុងឆ្នាំ២០៥០ និងចុងក្រោយគឺជោគវាសនានៃរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាយើងនេះតែម្តង ហើយក៏មានការព្យាករណ៍កាន់តែអាក្រក់ថែមទៀតសម្រាប់ឆ្នាំ២០៧០ផងដែរ។ តស់! ស្វែងយល់ចំណុចសំខាន់ៗទាំង ៥ នេះដូចតទៅ៖
១៖ និយមន័យនៃការជន់លិចដោយនីវ៉ូទឹកសមុទ្រនៅឆ្នាំ២០៥០
បណ្តាអ្នករស់នៅជាប់តំបន់សមុទ្រប្រាកដជាយល់ហើយអំពីបាតុភូតទឹកជោរ និងទឹកនាច ហើយនៅពេលនីវ៉ូទឹកសមុទ្រកើនឡើងដោយសារតែការរលាយទឹកកកប៉ូល ចំពោះមុខការកើនឡើងកម្តៅភពផែនដីនោះ នឹងធ្វើឲ្យបាតុភូតទឹកជោរនោះ កាន់តែមានកម្ពស់ខ្ពស់ជាលំដាប់រហូតដល់កម្រិតជន់លិចជាប្រចាំនៅតំបន់ខ្លះនៃផែនដីចាប់ពីឆ្នាំ២០៥០ ទាំងនៅពេលទឹកនាច និងទឹកជោរមកដល់នៅតាមទីក្រុងដែលស្ថិតនៅប្របនឹងនីវ៉ូទឹកសមុទ្រនោះ។
ជាទូទៅការជនលិចដោយសារនីវ៉ូសមុទ្រនោះ នឹងក្លាយជារឿងរំខានការរស់នៅដូចអ្វីដែលទីក្រុង Venice របស់អ៊ីតាលីកំពុងជួបប្រទះយ៉ាងដូច្នេះឯង ហើយវានឹងកាន់តែអាក្រក់ឈានដល់បង្កមហន្តរាយដល់អាយុជីវិតមនុស្ស និងសត្វ ប្រសិនមានព្យុះភ្លៀងកើតឡើងញឹកញាប់ ដែលបង្កទៅជាគ្រោះមហន្តរាយផ្សេងៗទៀតនោះ។ ការធ្វើជញ្ជាំងទប់នីវ៉ូទឹកនឹងក្លាយជារឿងចាំបាច់ ឬមួយក៏ប្រជាជនខ្លះអាចឈានដល់ការរើទីលំនៅចេញពីកន្លែងប្រឈមមុខខ្លាំង ព្រោះតែមិនមានដំណោះស្រាយណាផ្សេងពីនេះជាដើម។
២៖ ការព្យាករណ៍ថាទីក្រុងបាងកកនឹងជន់លិចដោយសារនីវ៉ូសមុទ្រចាប់ពីឆ្នាំ២០៥០
ការអះអាងថាទីក្រុងបាងកករបស់ថៃ នឹងត្រូវលិចលង់ទៅក្នុងទឹកសមុទ្រចាប់ពីឆ្នាំ២០៥០ តទៅនោះ ត្រូវបានធ្វើឡើងដោយយោងទៅលើរបាយការណ៍ របស់ទីភ្នាក់ងារតាមដានគ្រោះមហន្តរាយធម្មជាតិមួយចំនួន ដែលបានធ្វើការសិក្សាអំពី ការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រ បង្កដោយការកើនឡើងកម្តៅផែនដី ដែលបាននិងកំពុងធ្វើឲ្យទឹកកកប៉ូលទាំង២រលាយជាលំដាប់ ហើយការព្យាករណ៍ក៏ត្រូវបាន Update ជាលំដាប់ផងដែរ។
ស្ថាប័នទាំងនោះរួមមាន Climate Central កាលពីឆ្នាំ២០១៩ ដែលបានព្យាករថា ទីក្រុងបាងកកនឹងត្រូវលិចលង់ដោយសារនីវ៉ូទឹកសមុទ្រកើនឡើង (នៅពេលមានទឹកជោរខ្លាំង ឬព្យុះភ្លៀង) ចាប់ពីឆ្នាំ២០៥០ ជាពិសេសនៅតំបន់តាមបណ្តោយដងទន្លេចៅប្រាយ៉ា នឹងត្រូវលិចទឹកជាប្រចាំ ឬសរុបទៅ ១០% នៃទីក្រុងបាងកកនឹងត្រូវលិចទឹកជាអចិន្ត្រៃយ៍នៅពេលនោះ។ បន្ថែមពីនេះប្រជាជនប្រមាណ ១២នាក់នៅប្រទេសថៃ ដែលមានលំនៅឋានជាប់ ឬកៀកនឹងឆ្នេរសមុទ្រនោះនឹងប្រឈមមុខការជន់លិច ជាពិសេសទីក្រុងបាងកកដែលមានសណ្ឋានដីទាប ហើយមានផ្លូវទឹកជាទន្លេដែលតភ្ជាប់ទៅសមុទ្រផ្ទាល់។
ដោយឡែកស្ថាប័នមួយផ្សេងទៀតដូចជា Intergovernmental Panel on Climate Change (IPCC) របស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងធនាគារពិភពលោក (World Bank) កាលពីឆ្នាំ២០១១ ក៏ធ្លាប់បានព្យាករផងដែរថា ទីក្រុងបាងកកនឹងប្រឈមមុខហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ ដោយសារនីវ៉ូទឹកសមុទ្រកើនឡើងនៅឆ្នាំ២០៥០ និងកាន់តែអាក្រក់ថែមទៀតនៅឆ្នាំ២០៧០ ប៉ុន្តែការព្យាករណ៍បន្ថែមនៅឆ្នាំ២០១៩ និងក្រោយមកទៀតនៅឆ្នាំ២០២២ កាន់តែបង្ហាញពីអនាគតដ៏អាក្រក់ទ្វេឡើងសម្រាប់ថៃ។
៣៖ ទីក្រុងបាងកកស្រុតដល់ទៅ ២cm ក្នុងមួយឆ្នាំ និងអនាគតឆ្នាំ២០៧០
នេះក៏ជាបញ្ហារសើបមួយផងដែរ ដោយកំពុងរួមចំណែកធ្វើឲ្យទឹកជំនន់កាន់តែអាក្រក់… ប្រិយមិត្តសាកគិតមើលទៅ នៅពេលនីវ៉ូទឹកសមុទ្រកើនឡើង ហើយសណ្ឋានដីបែរជាស្រុតចុះទៅវិញ…។ វែបសាយនៃអង្គការ Development Aid បានព្យាករណ៍ថា ទីក្រុងរបស់ថៃមួយនេះបាននិងកំពុងស្រុតចុះក្រោមប្រមាណ ១cm ទៅ ២cm ក្នុងមួយឆ្នាំ ដោយសារតែការបាត់បង់ទឹកក្រោមដី ព្រមទាំងទម្ងន់នៃទីក្រុងទាំងមូល ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធជារួម ជាពិសេសគឺសំណង់អគារខ្ពស់ៗ។
តាមរយៈវែបសាយ Earth.org កាលពីឆ្នាំ២០២២ ក៏បានចេញផ្សាយនូវការព្យាករណ៍សម្រាប់ ទីក្រុងបាងកកលើសពីឆ្នាំ២០៥០ ផងដែរនោះគឺឆ្នាំ២០៧០ និងឆ្នាំ២១០០ ដោយនៅក្នុងនោះប្រជាជនថៃនៅបាងកក ៥លាននាក់ ក្នុងចំណោម ១០.៧លាននាក់ អាចប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ហើយទឹកជំនន់នៅឆ្នាំខ្លះអាចអូសបន្លាយយូរដល់ទៅខ្ទង់ ២ខែក៏មានដែរ ប្រសិនបើប្រព័ន្ធបង្ហូរទឹកនានាមិនត្រូវបានកែសម្រួលទេនោះ។
៤៖ ទីក្រុងមួយចំនួននៅអាស៊ីដែលនឹងប្រឈមហានិភ័យដូចបាងកកក
ដោយសារតែទីក្រុងបាងកកហាក់ល្បីល្បាញជាងគេនៅអាស៊ី ព្រមទាំងមានប្រជាជនរស់នៅកកុញផងដែរ ដូច្នេះទើបសារព័ត៌មានជាច្រើនបានផ្តោតចំណាប់ខ្លាំងតែទៅលើទីក្រុងមួយនេះ។ ប៉ុន្តែតាមការពិត ទីក្រុងជាច្រើនផ្សេងទៀតនៅអាស៊ីដូចជា ម៉ានីល (ហ្វីលីពីន), ហ្សាការតា (ឥណ្ឌូណេស៊ី), ហូជីមិញ (វៀតណាម), សៀងហៃ (ចិន), ក្វាងចូវ (ចិន), កុកកាតា (ឥណ្ឌា), ម៉ុមបៃ (ឥណ្ឌា) និងទីក្រុងដាកា (Dhaka) នៅបង់ក្លាដែសផងដែរ សុទ្ធតែនឹងប្រឈមហានិភ័យចាប់ពីឆ្នាំ២០៥០នោះដូចគ្នា។
របាយការណ៍ពី Climate Central នេះបានគូសបញ្ជាក់ទៀតថា ប្រជាជននៅអាស៊ីយ៉ាងហោចណាស់ ៣០០លាននាក់ នឹងរងគ្រោះដោយសារតែទឹកជំនន់ បង្កឡើងដោយការកើនកម្ពស់នីវ៉ូសមុទ្រ ហើយក្នុងនោះតំបន់រស់នៅរបស់ប្រជាជន ១៥០លាននាក់ នឹងត្រូវលិចជាអចិន្ត្រៃយ៍តែម្តង។ តាមពិតទៅទិន្នន័យដែលត្រូវបានបញ្ចេញកាលពីមុន គឺមានតិចជាងនេះឆ្ងាយ ប៉ុន្តែក្រោយការសិក្សាទិន្នន័យថ្មីៗ និងមានស្ថាប័នធំៗច្រើនចូលរួម ទើបលទ្ធផលចុងក្រោយកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២២ គេឃើញតំបន់ជាច្រើននៅប្រទេសអាស៊ីចំនួន ៦ ដូចជា ចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូណេស៊ី និងថៃ នឹងរងហានិភ័យខ្លាំងជាងគេ ដោយនេះយើងនិយាយតែចំពោះតំបន់អាស៊ីប៉ុណ្ណោះ។
៥៖ តើទីក្រុងភ្នំពេញរបស់កម្ពុជា នឹងជួបហានិភ័យនេះដែរឬយ៉ាងណា?
ផ្ទុយពីទីក្រុងបាងកក និងទីក្រុងមួយចំនួនទៀត ដែលនឹងប្រឈមនឹងការជន់លិចញឹកញាប់ និងជាប្រចាំក្នុងកម្រិតធ្ងន់ដោយសារតែកើតឡើងនីវ៉ូទឹកសមុទ្រចាប់ពីឆ្នាំ២០៥០នោះ ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានគេព្យាករថា នឹងមិនជួបផលអាក្រក់ខ្លាំងបែបនេះឡើយ ប៉ុន្តែយើងក៏នឹងមិនអាចគេចផុតពីគ្រោះទឹកជំនន់នោះដែរ។
កត្តាអំណោយផលទីរបស់រាជធានីភ្នំពេញ គឺយើងមិនស្ថិតនៅជាប់សមុទ្រ ឬកៀកសមុទ្រខ្លាំង ដូចបណ្តាទីក្រុងនៅអាស៊ីដូចបានរៀបរាប់ខាងលើនេះឡើយ បូករួមទាំងសណ្ឋានដី និងប្រព័ន្ធទន្លេនៅតំបន់ជុំវិញភ្នំពេញ ដែលងាយក្នុងការរំដោះទឹកចេញបានលឿនថែមទៀត។ យ៉ាងណាក៏ដោយអ្វីដែលភ្នំពេញ នឹងពិបាកគេចផុតនៅឆ្នាំ២០៥០ នោះគឺការប្រែប្រួលអាកាសធាតុ និងជំនន់ទឹកភ្លៀងនៅពេលមានព្យុះ ហើយយើងក៏នឹងប្រឈមគ្រោះរាំងស្ងួតផងដែរ។
របាយការណ៍ពីក្រសួងធនធានទឹកនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលបានចេញកាលពីឆ្នាំ២០១៧ បានព្រមានថា នីវ៉ូសមុទ្រនឹងកើនឡើងបន្ថែម ០.៥ម៉ែត្រទៀតនៅឆ្នាំ២០៦០ ហើយប្រការនេះនឹងធ្វើនីវ៉ូទឹកទន្លេនៅទីក្រុងភ្នំពេញកើនឡើងប្រមាណ ០.២ម៉ែត្រ (២តឹក) ទៀតនៅឆ្នាំ២០៦០ នោះដូចគ្នា បើធៀបនឹងកម្រិតឆ្នាំ២០១៧ ដែលជាឆ្នាំនៃការធ្វើរបាយការណ៍នោះ។
គួរបញ្ជាក់ថា ធនាគារពិភពលោក (World Bank) កាលពីឆ្នាំ២០២៣ ក៏បានចេញរបាយការណ៍ផងដែរអំពីប្រទេសកម្ពុជា ដោយក្នុងនោះ World Bank បានព្រមានថា គ្រោះទឹកជំនន់ និងរលកកម្តៅ នឹងកាន់តែអាក្រក់សម្រាប់ប្រទេសកម្ពុជា ពីមួយចំនួនទៅមួយឆ្នាំ ហើយប្រសិនបើមានវិធានការណ៍ទប់ទល់ ប្រកបដោយសិទ្ធិភាពទេនោះ បញ្ហានៃបម្រែបម្រួលអាកាសធាតុនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ ៩% នៃ GDP របស់ខ្លួននៅឆ្នាំ២០៥០…៕
រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space) / ប្រភពព័ត៌មាន និងឯកសារយោង៖ ក្រសួងធនធានទឹក និងឧតុនិយម, ADB, World Bank, Climate Central, ASEAN Post, Development Aid, IPCC (UN) (ថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៥)