លើកនេះពិតជា «ភស្តុតាងដ៏ល្អបំផុត» គិតចាប់ពី NASA ផ្តើមរុករកជីវិតលើភពអង្គារនៅទសវត្សរ៍១៩៧០ (មានវីដេអូ)

(បរទេស)៖ ប្រសិនបើប្រិយមិត្តយល់ថា ហាក់ដូចជាធ្លាប់ឃើញរូបភាពនេះម្តងហើយ នោះគឺត្រឹមត្រូវហើយ…។ ចាំបានទេអំពីការរៀបរាប់ថា ថ្មភពអង្គារ (Mars) ដែលយាន Perseverance ថតបាន មានចំណុចដែលចំណុចដូចក្រលារោមសត្វខ្លារខិននោះ? ពិតណាស់! រូបភាពមួយសន្លឹកនេះហើយ ដែលអង្គការ NASA បានធ្វើការបង្ហាញចេញជាថ្មីកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអះអាងថាជា «ភស្តុតាងដ៏ល្អបំផុត» នៃអតិសុខុមប្រាណដែលអាចធ្លាប់មានវត្តមានលើភពក្រហមនោះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

លោកអ្នកទំនងជាឮពាក្យ «ល្អបំផុត, ពិសេសបំផុត ឬទំនងបំផុត» នេះច្រើនលើសលុបពេក និងរហូតដល់សុំាត្រចៀកហើយមើលទៅ ប៉ុន្តែលើកនេះអង្គការ NASA ហ៊ានអះអាងថា មិនដូចលើកមុនៗឡើយ។ អ្វីដែលមានក្នុងរូបភាពនៃផ្ទាំងថ្មឈ្មោះ Cheyava Falls មួយនេះ ពិតជាពិសេសជាងគេទាំងអស់ នៅក្នុងចំណោមបេសកកម្មស្វែងរកដាននៃជីវិតលើភពអង្គារ ក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ ដោយគិតចាប់តាំងពីបេសកកម្ម Viking នៅទសវត្សរ៍ ១៩៧០

  • ហេតុអ្វីមានការភ្ញាក់ផ្អើលឡើងវិញចំពោះបណ្តុំថ្មមួយនេះ?

NASA បានបង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ អំពីលទ្ធភាពដែល Cheyava Falls អាចផ្ទុក «ដាននៃអតិសុខុមប្រាណ»មីក្រូជីវិតកាលពីអតីតកាលលើភពអង្គារ។ កាមេរ៉ារបស់ Perseverance បានផ្តិតរូបភាពនេះកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវនឹងការស្ថិតនៅលើភពអង្គាររយៈពេល ១,២១២ថ្ងៃ ឬសូល (sol) នៃយាននេះ ព្រមទាំងបានខួងវាយកទៅវិភាគនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំដដែល។

តែសម្រាប់លទ្ធផលសិក្សាបន្ថែមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អង្គការ NASA បានបញ្ចេញចំណុចពិសេសខ្លាំងថ្មីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមការងារគ្រប់គ្រងបេសកកម្មយាន Perseverance បានរកឃើញអ្វីដែលអាចជា ដាននៃអតិសុខុមប្រាណ (biosignatures) នៅក្នុងផ្នែកនានានៃបណ្តុំថ្ម Cheyava Falls ដែលយើងបានសិក្សាជាលើកដំបូងកាលពីឆ្នាំមុន។ ដាននៃសមាសធាតុគីមីទាំងនោះមានសុទ្ធសឹងតែពពួកដែលផ្ទុកដោយសារធាតុដែក (Iron) កម្រិតខ្ពស់ដូចជា វីវៀនណៃត៍ (vivianite) និង ហ្គ្រៃហ្គៃត៍ (greigite) ស្ថិតនៅក្នុងតំបន់អតីតបាតបឹង Jezero ដែលធ្លាប់មានទឹកកាលពីរាប់ពាន់លានឆ្នាំមុន…»។

NASA បានពន្យល់បន្តទៀតថា «ការរួមផ្សំគ្នានៃរ៉ែទាំងនេះ ដែលហាក់បីដូចជាត្រូវបានកកើតឡើង ដោយសារប្រតិកម្មនៃការផ្ទេរអេឡិចត្រុង (electron-transfer) រវាងដីល្បាប់ (sediment) និងសារធាតុអូកានិចទាំងនោះ គឺជាភស្តុតាងប្រកបដោយសក្តានុពលដែលអាចទៅរួចនៃអតិសុខប្រាណ (មីក្រូសារីរាង្គ) ដោយពួកវាអាចប្រើប្រាស់ប្រតិកម្មទាំងនេះ ក្នុងការផលិតថាមពល ដើម្បីជំរុញការលូតលាស់…»។

ផ្ទាំងថ្ម Cheyava Falls ថតដោយ Perseverance (Credit: NASA/JPL-Caltech)
  • ចំណុចខ្លះៗដែលក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់ប្រាកដ

ទោះបីជា vivianite និង greigite អាចបញ្ជាក់ពីលទ្ធភាពខ្ពស់ ដែលអាចមានវត្តមានអតិសុខុមប្រាណពីអតីតកាលលើភពអង្គារក្តី តែការអាចមានជីវិតលើភពអង្គារទាំងនោះ ក៏មិនមែនពឹងតែទៅលើសមាសធាតុទាំងនេះដែរ ព្រោះដំណើរការផ្នែកភូមិសាស្ត្រផ្សេងៗទៀតក៏អាចបង្កើតឲ្យមាននូវ vivianite និង greigite ដែរ។ បន្ថែមពីនេះ យាន Perseverance ក៏គ្មានឧបករណ៍ដើម្បីពិសោធន៍នៅទីនោះជាក់ស្តែង ដើម្បីឲ្យប្រាកដថានោះពិតជា «ដាននៃជីវិត» លើភពអង្គារនោះដែរ។

យានស្រាវជ្រាវភពអង្គារ Perseverance (Credit: NASA/JPL-Caltech)
  • តើត្រូវធ្វើដូចម្តេចទើបដឹងចម្លើយពិត?

ជាក់ស្តែង យាន Perseverance បានជីក និងច្រកទុកសំណាក (sample) ជាច្រើនរួចមកហើយ រួមទាំងទីតាំងនៃថ្ម Cheyava Falls នោះ។ បើតាមផែនការដើមដំបូងតែម្តង បេសកកម្ម Mars Sample Return គ្រោងបញ្ជូនយានពីផែនដីទៅដឹកសំណាកយ៉ាងហោចណាស់ ៣០បំពង់ ត្រឡប់មកផែនដីវិញដើម្បីពិសោធន៍ ព្រោះមានតែវិធីមួយនេះប៉ុណ្ណោះទើបយើងអាចដឹងថា ទាំងនោះជាដាននៃជីវិតមែន ឬមួយក៏អត់…។

ប៉ុន្តែ… ដូចគ្រប់គ្នាបានដឹងហើយថា រដ្ឋបាលនៃប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែចង់លុបគម្រោង Mars Sample Return នេះហើយ តាមរយៈការស្នើកាត់បន្ថយជាប្រវត្តិសាស្ត្រនូវថវិកាប្រចាំឆ្នាំរបស់ NASA។ ទោះជាយ៉ាងណា យើងត្រូវរង់ចាំដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ សិនទើបអាចដឹងថា តើសភាអាមេរិកព្រមអនុម័តតាមការរៀបចំរបស់លោក ត្រាំ ដែរឬមួយក៏អត់…៕

គម្រោងនៃបេសកកម្ម Mars Sample Return (Credit: NASA/JPL-Caltech)

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ NASA/JPL (ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥)

Comments (0)
Add Comment