(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា បានបង្ហាញទីតាំងមណ្ឌលគ្រប់គ្រងថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ដើម្បីរង់ចាំជួយសម្រួល និងផ្តល់សេវាប្រកបដោយការសង្ងាត់បំផុតដល់យុវជន ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកាមរោគ និងមេរោគអេដស៍។
លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងកាមរោគ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF Cambodia មានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនអ្នកសារព័ត៌មាននូវឱកាសមួយដើម្បីទស្សនាគ្លីនិកពិនិត្យ និងព្យាបាលកាមរោគរបស់យើង ចូលរួមដោយផ្ទាល់ជាមួយអតិថិជន និងបានឃើញដោយផ្ទាល់នូវសេវាកម្មដែលមានឥទ្ធិពលដែលយើងផ្តល់ជូន ។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជាមួយនឹងការថយចុះនៃជំនួយអន្តរជាតិ ការទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជារហូតដល់ឆ្នាំ ២០៣០ នៅតែជាបញ្ហាប្រឈមដ៏សំខាន់។ ឥឡូវនេះគឺជាពេលវេលាដើម្បីជំរុញការផ្តល់មូលនិធិក្នុងស្រុកដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ AHF Cambodia កំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដោយធានាបាននូវការទទួលបានការព្យាបាល 100% សម្រាប់អតិថិជនដែលទើបធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍ និងការពង្រីកសេវាកម្មរបស់យើង រួមទាំងមណ្ឌលពិនិត្យ និងព្យាបាលជំងឺកាមរោគ យើងផងដែរ។
ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ ប្រធានមណ្ឌលគ្រប់គ្រងមណ្ឌលថែទាំសុខភាព គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានឱ្យដឹងដែរថា សម្រាប់គ្លីនិកនេះមានផ្តល់សេវាកម្មដូចជា៖ ថែទាំ និងព្យាបាលជំងឺកាមរោគ, សេវាប្រឹក្សា និងតេស្តឈាមរកមេរោគអេសដ៍ , ផ្តល់ថ្នាំបង្ការជាមុនពេលប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, ផ្តល់ថ្នាំបង្ការក្រោយប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេសដ៍, និងមានផ្តល់ស្រោមអនាម័យបង្ការមេរោគអេសដ៍។
លោកវេជ្ជបណ្ឌិត ម៉ា សួនសុភ័ក្ត្រ បានបន្ថែមទៀតថា រាល់សេវាទាំងអស់គ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center គឺមិនមានការគិតថ្លៃនោះឡើយ ជាមួយនឹងការរក្សាការសម្ងាត់ជូនដល់អតិថិជន ដែលបានមកទទួលសេវាផងដែរ។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេង សូមមកទទួលសេវានៅគ្លីនិកថែទាំ និងព្យាបាលជំងឺកាមរោគ Wellness Center ដើម្បីការពារខ្លួន ពីការឆ្លងមេរោគអេសដ៍ និងជំងឺអេសដ៍ និងជំងឺកាមរោគ ដែលមានទីតាំងនៅផ្ទះលេខ០៦ ផ្លូវ៦០៤ សង្កាត់ចឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ, លេខទូរសព្ទ ០៩៦ ៩២៩ ២៩៥២, ដែលបានបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បច្ចុប្បន្នបាននិង សហការជាមួយក្រសួងសុខាភិបាល ផ្តល់ការថែទាំ និងព្យាបាលមេរោគអេដស៍ដល់អតិថិជនចំនួន ៥៣.៧១១នាក់។ កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៥ នៅពេលដែល AHF Cambodia បានចាប់ផ្តើមកម្មវិធីដំបូងរបស់ខ្លួនជាមួយក្រសួងសុខាភិបាល ហើយបានពង្រីកសេវាកម្មបន្តិចម្តងៗជាមួយភ្នាក់ងារថែទាំសុខភាពផ្សេងទៀត។ តាមរយៈកម្មវិធីផ្សេងៗដែលគាំទ្រ AHF Cambodia មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការព្យាបាល និងថែទាំអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅមន្ទីរពេទ្យរដ្ឋាភិបាល លើកកម្ពស់ការធ្វើតេស្តមេរោគអេដស៍ក្នុងសហគមន៍ និងការប្រើប្រាស់ស្រោមអនាម័យ និងការពារមេរោគអេដស៍ ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ៗ និងក្រុមដែលប្រឈមមុខខ្ពស់ច្រើនបំផុតផ្សេងទៀត៕
(អត្ថបទ និងរូបភាពទាំងស្រុងពីអង្គការ AHF Cambodia)