(បរទេស)៖ ស្ថាប័នតាមដានមហាសមុទ្រនានានៃអង្គការសហប្រជាជាតិ (UN) បានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះថា នីវ៉ូទឹកសមុទ្រ (Sea level) នៅតែកំពុងបន្តការកើនឡើង នៅក្នុងកម្រិតមួយដែលក្រុមអ្នកវិទ្យាសាស្ត្រគ្មានក្តីសង្ឃឹមថា នឹងអាចមានភាពប្រសើរឡើងនោះឡើយ ចំពោះមុខការព្យាយាមស្រោចស្រង់ស្ថានការណ៍ឡើង ដែលហាក់មិនទាន់ផ្តល់ភាពវិជ្ជមានជាក់ស្តែងនៅឡើយ…។
របាយការណ៍ចុងក្រោយពី State of the Ocean Report ដែលតែងតែធ្វើការចេញផ្សាយជាប្រចាំ នូវរបាយការណ៍ស្តីអំពីស្ថានភាពមហាសមុទ្រលើផែនដីនោះ បានគូសបញ្ជាក់ថា «កម្រិតនីវ៉ូទឹកសមុទ្រជាសកល បានកើនឡើងជាមធ្យម ៣.៤mm ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ៣១ឆ្នាំចុងក្រោយនេះ។ អ្វីដែលកាន់តែសំខាន់នោះ គឺអត្រានេះកំពុងតែត្រូវជំរុញបន្ថែម ដោយការរលាយទឹកកកក្នុងចំនួនកាន់តែច្រើនឡើងៗនៅកោះ Greenland (ប៉ូលខាងជើងផែនដី) និងតំបន់ West Antarctica (អង់តាកទិកខាងលិច នៃប៉ូលខាងត្បូងផែនដី) ក៏ដូចជាការកើនឡើងកម្តៅនៃមហាសមុទ្រជាសកលតែម្តង…»។
របាយការណ៍ពីទីភ្នាក់ងារ UN ខាងលើនេះបន្តសង្កត់ធ្ងន់ទៀតថា «បើទោះបីជាវដ្តរបស់បាតុភូតរលកកម្តៅ អ៊ែល នីញ៉ូ (El Niño) និងចុះត្រជាក់ ឡា នីញ៉ា (La Niña) បណ្តាលឲ្យមានការប្រែប្រួលទំនោរខាងលើនេះ ជាបណ្តោះអាសន្នក៏ពិតមែន តែចរន្តនៃការកើនឡើងកម្ពស់នីវ៉ូទឹកសមុទ្រជារួម នៅតែមិនប្រែប្រួលឡើយ និងកាន់តែគួរឲ្យព្រួយបារម្ភថែមទៀត…»។
សម្រាប់តំបន់មួយចំនួននៃមហាសមុទ្រលើផែនដីដូចជា មហាសមុទ្រឥណ្ឌា និងភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក (ជាប់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងអូស្ត្រាលីជាដើម) កម្រិតនៃការកើនឡើងនីវ៉ូទឹកសមុទ្រនៅតំបន់ទាំងអស់នេះ បានលោតរំលងកម្រិតមធ្យមទៅហើយ ឬមានន័យថា ក្នុងមួយឆ្នាំៗនីវ៉ូទឹកសមុទ្រនៅតំបន់ទាំងអស់នេះកើនលើសពីកម្រិត ៣.៤mm ក្នុងមួយឆ្នាំទៅទៀតក្នុងរយៈពេល ៣១ឆ្នាំចុងក្រោយនេះ។
គួររម្លឹកផងដែរ កាលពីអំលុងខែមីនា ឆ្នាំ២០២៥ អង្គការ NASA នៃសហរដ្ឋអាមេរិក ជាអ្នកដែលបានចេញផ្សាយរបាយការណ៍ដូចខាងលើនេះជាលើកដំបូង ដើម្បីបង្កើនការយល់ដឹង និងជំរុញសកម្មភាពនៃការទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុផែនដី ដែលជាកត្តារួមផ្សំដ៏ចម្បងមួយ ក្នុងការធ្វើឲ្យទឹកសមុទ្រកើនឡើងកម្ពស់។
ពិតណាស់ ការធ្វើអន្តរកម្មឌីណាមិចនៃទឹកជាមួយនឹងកម្លាំងទំនាញ និងរង្វិលខ្ញាល់របស់ភពផែនដី ក៏ជះឥទ្ធិពលដល់កម្រិតនីវ៉ូសមុទ្រដែរ តែក្រុមអ្នកវិទ្យាសាស្ត្រ NASA និងដៃគូពាក់ព័ន្ធបានធ្វើការសិក្សា និងប្រៀបធៀបបាតុភូតធម្មជាតិនេះ ទៅនឹងបម្រែបម្រួលនីវ៉ូសមុទ្រ ដែលបង្កឡើងដោយការរលាយទឹកកកលើផែនដី ជាក់ស្តែងនៅក្នុងអំលុងពេល ២២ឆ្នាំ ហេតុដូច្នេះការចេញលទ្ធផលថា នីវ៉ូសមុទ្រមានការកើនឡើងក្នុងកម្រិតជាមធ្យម ៣.៤mm ក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ៣១ឆ្នាំចុងក្រោយនេះ គឺជាលទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបានឡើយ។
គួរបញ្ជាក់ថា ប្រទេសនៅអាស៊ីដែលនឹងរងគ្រោះចាប់ពីមធ្យមទៅធ្ងន់ធ្ងរ ដោយសារតែការកើតឡើងកម្រិតនីវ៉ូទឹកសមុទ្រចាប់ពីមធ្យមទៅខ្លាំងនោះមានដូចជា បង់ក្លាដែស, ឥណ្ឌា, ម៉ាល់ឌីវ, ប៉ាគីស្ថាន, ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា, ចិន, ជប៉ុន និងបណ្តាប្រទេសដីកោះតូចៗផ្សេងទៀត នៅតំបន់សមុទ្រប៉ាស៊ីហ្វិក។
តើការរងគ្រោះនោះសម្តៅទៅលើអ្វីជាចម្បង? យើងសូមលើកយកឧទាហរណ៍មួយ នោះគឺប្រទេសដីកោះម៉ាល់ឌីវ ដែលមានសុទ្ធសឹងតែប្រជុំកោះតូចៗ និងថ្មីៗ (ចាក់បំពេញដី ឬខ្សាច់ថ្មី) ហើយកោះភាគច្រើនរបស់ប្រទេសនេះមានភាពប៉ប្រះនឹងនីវ៉ូសមុទ្រតែម្តង។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា កោះស្ទើរតែទាំងអស់របស់ ម៉ាល់ឌីវ នឹងលិចទៅក្នុងមហាសមុទ្រឥណ្ឌានៅឆ្នាំ២១០០ ប្រសិនបើកម្រិតកើនឡើងនៃនីវ៉ូទឹកសមុទ្រដូចបច្ចុប្បន្ន នៅតែបន្តឥតឈប់ឈរនោះ…។
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ UNESCO (ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥)