(បរទេស)៖ ចាំបានទេរូបភាពប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ពិតដំបូងមួយនេះ ដែលត្រូវបានបញ្ចេញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ និងក្រោយមកត្រូវបានបង្កើនគុណភាពជាបន្តបន្ទាប់នោះ? វាជាស្នាដៃរបស់ក្រុមការងារនៃបណ្តាញតេឡេស្កូប EHT (The Event Horizon Telescope) ហើយភាពអស្ចារ្យដែលពួកគេបានបង្កើតឡើង នៅមិនទាន់អស់នៅឡើយទេ ដោយនៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ រូបភាពថ្មីៗទៀត (upgrade) អំពីប្រហោងខ្មៅដដែលនេះទើបត្រូវបានបញ្ចេញ។
យើងកំពុងនិយាយអំពីប្រហោងខ្មៅមហាយក្ស M87* ដែលមានម៉ាសធ្ងន់ជាងព្រះអាទិត្យយើងប្រមាណ ៥.៤ – ៦.៥ពាន់លានដង និងស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Messier 87 ចម្ងាយខ្ទង់ ៥៥លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ដែលមានភាពល្បីរន្ទឺខ្លាំងនៅក្នុងឆ្នាំ២០១៩ ដោយសារតែវាត្រូវបានក្រុមការងារ EHT ជ្រើសរើសដើម្បីផ្តិតយកទិដ្ឋភាពពិតៗ នៃប្រហោងខ្មៅមហាយក្សជាប្រវត្តិសាស្ត្រដំបូង ទោះបីជាកាលណោះរូបភាពពិតដំបូងរបស់វាមានភាពស្រអាប់ក្តី។
ក្រុមតារាវិទូបានប្រើពេលជាង១ទសវត្សរ៍រហូតដល់បញ្ចប់ការប្រមូលទិន្នន័យសំខាន់ៗទៅលើ M87* ខណៈការថត និងប្រមូលទុកទិន្នន័យត្រូវបានបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០១៧ រួចទើប ២ឆ្នាំក្រោយមកទៀត រូបភាពពិតដំបូងរបស់ប្រហោងខ្មៅមហាយក្សនេះ ត្រូវបានបញ្ចេញឲ្យមនុស្សលោកលើផែនដីមើលឃើញនឹងភ្នែក… ដែលពិតជាអស្ចារ្យខ្លាំងណាស់កាលពីឆ្នាំ២០១៩ នោះ។ សម្រាប់ឆ្នាំ២០២៥នេះ រូបភាពថ្មីទៀតអំពី M87* ក៏ទើបត្រូវបានបញ្ចេញមកបន្ថែមទៀតដែរ។
រូបភាពថ្មីលើនេះត្រូវបានក្រុមការងារ EHT អះអាងថា «ជាអ្វីដែលយើងមិនធ្លាប់បានឃើញពីមុនមកឡើយ»។ លោកអ្នកប្រាកដជាមើលឃើញនូវ ស្នាមឆ្នូតៗនៅតំបន់មានពណ៌លឿងចាំង នៅជុំវិញចំណុចកណ្តាលមួយដែលមានពណ៌ខ្មៅ ដែលនេះត្រូវបានគេហៅថា ចលនា shifting polarization patterns បង្កឡើងដោយដែនម៉ាញេទិច ជុំវិញ M87* នោះ។ ស្នាមឆ្នូតៗនេះក៏ជាភ័ស្តុតាងជាក់ស្តែងដែលបង្ហាញថា ប្រហោងខ្មៅ និងបរិស្ថានជុំវិញវាតែងតែវិវត្តយ៉ាងសកម្មទៅតាមពេលវេលា ហើយយើងអាចសង្កេតឃើញបានដូចមានបញ្ជាក់នោះគឺទម្រង់របស់វាខុសប្លែកគ្នាក្នុងការថតនៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៨ ព្រមទាំងនៅឆ្នាំ២០២១ផងដែរ។
គួរបញ្ជាក់ថា រូបភាព upgrade ថ្មីៗពេលនេះគឺត្រូវបានធ្វើឡើងដោយយោងលើទិន្នន័យ ដែលត្រូវបានទាញយកបន្ថែមពី M87* កាលពីឆ្នាំ២០២១។ ក្រុមអ្នកវិទ្យាសាស្ត្របានបោះជំហានដ៏ធំមួយទៀត ក្នុងការឈ្វេងយល់អំពីរបៀបដែល Black Holes នានាធ្វើអន្តរកម្មជាមួយបរិស្ថាននៅជុំវិញពួកវា និងអំពីរបៀបដែលដែនម៉ាញេទិច (magnetic field) នៃ Black Holes ទាំងនោះ បញ្ចេញឥទ្ធិពលទៅលើតំបន់ជាយៗនៃមាត់ច្រកពេលវេលា (Event Horizon) នោះ។
គួររម្លឹកផងដែរថា EHT គឺជាបណ្តាញតេឡេស្កូបដែលមានវិសាលភាពប៉ុនភពផែនដីតែម្តង ព្រោះតែការដាក់ពង្រាយចំនួន ១១ទីតាំងខុសៗគ្នានៅក្នុងប្រទេស និងដែនដីសរុបចំនួន ៩ ដូចជា បារាំង, អេស្ប៉ាញ, ហ្គ្រីនលែនដ៍, ឈីលី, សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងនៅប៉ូលខាងត្បូងផងដែរ។ ការមានច្រើនទីតាំងបែបនេះ គឺដើម្បីធ្វើឲ្យវិសាលភាពរបស់វាធំធេងក្នុងការចាប់យករលកសញ្ញាវិទ្យុ ឲ្យបានគ្រប់ទីតាំងលើទ្វីបនានារបស់ផែនដី តាមរយៈបច្ចេកវិទ្យា Very-Long-Baseline Interferometry (VLBI)។ វិសាលភាពធំធេងនេះហើយ ទើបអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រប្រមូលទិន្ន័យបានច្រើន និងបង្កើតរូបភាពពីវត្ថុអវកាសឆ្ងាយៗបានក្នុងកម្រិតគុណភាពខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space), ប្រភព៖ EHT (The Event Horizon Telescope) (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥)