(បរទេស)៖ គិតចាប់តាំងពីចុងឆ្នាំ២០២២ មកដល់ជិតចុងឆ្នាំ២០២៥នេះ តេឡេស្កូបអវកាស James Webb បានឆ្លុះមើលភពចំនួន ៤ រួចហើយនៅជុំវិញប្រព័ន្ធផ្កាយ Trappist-1 ដែលមានចម្ងាយខ្ទង់ ៤១ឆ្នាំពន្លឺពីភពផែនដីយើងនោះ។ ភពដែលត្រូវបានសង្កេតរួចទាំងអស់នោះមានដូចជា Trappist-1 b, c, d និងចុងក្រោយគេនេះគឺ Trappist-1 e ដែលត្រូវបានក្រុមតារាវិទូជឿជាក់តាំងពីឆ្នាំ២០១៧ មកថា ស្ថិតនៅក្នុងតំបន់អំណោយផ្តល់ដល់ការកកើតជីវិត (Habitable Zone) ហើយភពមួយនេះពិតជាមានឱកាសខ្ពស់ដែលទ្រទ្រង់ជីវិតដូចផែនដី។
ដូចអ្នកជំនាញធ្លាប់បានអះអាងរួចហើយថា ការសង្កេតភពណាមួយ មិនមែនចេះតែបញ្ជាឲ្យរេកាណុងតេឡេស្កូប ហើយសង្កេតទៅឃើញវាគ្រប់ពេលនោះឡើយ ព្រោះភពខ្លះតម្រូវឲ្យយើងរង់ចាំរហូតដល់វាគោចរដល់ចំណុចមួយ ដែលងាយឲ្យតេឡេស្កូបពីផែនដី សង្កេតឃើញបរិយាកាសពេលចាំងត្រូវនឹងពន្លឺផ្កាយរបស់វា រួចហើយទើបគេអាចផ្តិតយក និងគណនាធាតុផ្សំសំខាន់ៗក្នុងបរិយាកាសភពទាំងនោះបាន ហើយក្នុងករណី Trappist-1 e នេះក៏មិនខុសគ្នាដែរ។ ទោះបីជាត្រូវបាន James Webb សង្កេតរួច និងចេញលទ្ធផលបឋមក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះមែន តែវាមិនទាន់ជាលទ្ធផលច្បាស់លាស់នោះទេ… គ្រប់គ្នាកំពុងរង់ចាំភាគបន្ត…។
- តើលទ្ធផលសង្កេតបឋមលើ Trappist-1 e មានអ្វីខ្លះ?
ខុសពីតេឡេស្កូបមុនៗ ដែលត្រឹមគណនាឃើញម៉ាស និងទំហំ, គន្លាតភពពីផ្កាយ និងការប៉ាន់ស្មានពីប្រភេទនៃបរិយាកាសដែលអាចទៅរួចនោះ តេឡេស្កូបអវកាស James Webb ឯណេះវិញអាចឆ្លុះចូលដល់ក្នុងបរិយាកាសស្តែងៗតែម្តង ដើម្បីស្វែងយល់ពីធាតុផ្សំពិតប្រាកដនៅក្នុងបរិយាកាសរបស់ភពនោះ តាមរយៈការវិភាគលើបម្រែបម្រួលពណ៌នៃពន្លឺ (ម៉ូលេគុលនៃធាតុគីមីនានា) ក្នុងបរិយាកាសពេលដែលត្រូវពន្លឺផ្កាយចាំងចំ។
សម្រាប់ភព Trappist-1 e តេឡេស្កូបអវកាស James Webb អាចត្រឹមក្តាប់បានលទ្ធផលបឋម (មិនជាន់ជ្រាលជ្រៅ) សិនប៉ុណ្ណោះ ដោយក្នុងនោះគេមិនបានឃើញបរិយាកាសដែលពោពេញដោយ កាបូនឌីអុកស៊ីត (CO2) ដូចការសន្និដ្ឋានពីមុននោះទេ ហើយវាជាការបង្ហាញថា ភពនោះទំនងជាបានបាត់បង់បរិយាកាសជំនាន់ទី១ ឬបរិយាកាសដើមដំបូង (primary atmosphere) របស់វាទៅហើយ។ ប្រការនេះអាចបណ្តាលមកពីការផ្ទុះជះអណ្តាតភ្លើង (flare) កម្រិតធ្ងន់ជារឿយៗពីផ្កាយស្ថិតក្នុងជំពូក តារាក្រហមទំហំតូច (Red Dwarf) ដូចជា Trappist-1 នោះឯង។
ចំណុចដែលគួរឲ្យសង្ស័យបន្ថែម គឺវត្តមាននៃបរិយាកាសបន្ទាប់ ឬបរិយាកាសជំនាន់ទី ២ (Secondary Atmosphere) ដែលទិន្នន័យពី James Webb មិនទាន់អាចបញ្ជាក់នៅឡើយទេ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រកំពុងសង្ស័យថា អាចមាន។ ចង់យល់ដឹងកាន់តែច្បាស់ជាងនេះ គឺមានតែតម្រូវឲ្យ James Webb ឆ្លុះមើលបន្ថែមទៅលើបរិយាកាស Trappist-1 e នៅឱកាសអំណោយផលលើកក្រោយប៉ុណ្ណោះ ហើយគ្រប់គ្នានឹងដឹង។
- តើ Primary Atmosphere និង Secondary Atmosphere ជាអ្វី?
សម្រាប់ដំណាក់កាលនៃការកកើតភពមួយ ដែលគោចរជុំវិញផ្កាយមួយទៀតនោះ បាននាំឲ្យភពនោះកកើតបរិយាកាសជា ២ ដំណាក់កាល ដោយដំណាក់កាលដំបូងគេយើងហៅថា Primary Atmosphere និងបន្ទាប់មកគឺ Secondary Atmosphere។
១៖ Primary Atmosphere (បរិយាកាសជំនាន់ទី១ ឬដើមដំបូង)៖ ចង់សម្តៅទៅលើសមាសធាតុ ឬឧស្ម័ននានាដែលស្ថិតនៅក្នុងបរិយាកាសដំបូង ដែលភពមួយទើបកកើតឡើង ហើយភាគច្រើនគឺសុទ្ធសឹងតែ អ៊ីដ្រូសែន (Hydrogen) និង អេល្យូម (Helium)។ ជាទូទៅភពនានាតែងបាត់បង់ បរិយាកាសដើមរបស់វានៅអំលុងពេលចាប់ពីរាប់លាន ឬរាប់រយលានឆ្នាំបន្ទាប់ពីវាចាប់កំណើត ហើយល្បឿននៃការបាត់បង់ គឺអាស្រ័យទៅលើកត្តាមួយចំនួនដូចជា ឥទ្ធិពលពីផ្កាយមេ និងបុគ្គលិកលក្ខណៈ (ម៉ាស និងមាឌ) របស់ភពនោះផ្ទាល់។
២៖ Secondary Atmosphere (បរិយាកាសជំនាន់ទី២ ឬបន្ទាប់)៖ ចង់សម្តៅទៅលើសមាសធាតុ ឬឧស្ម័ននានា នៅក្នុងស្រទាប់បរិយាកាសដែលកកើតឡើងបន្ទាប់ពីភពមួយធំពេញរូបពេញរាង (បាត់ធំក្លិនទឹកដោះ) ឬបន្ទាប់ពីដំណាក់កាលនៃការកកើត និងបាត់បង់បរិយាកាលដើម (Primary Atmosphere) នោះឯង។ បរិយាកាសប្រភេទនេះ តែងកកើតឡើងដោយសារបន្ទុះភ្នំភ្លើងលើភព ព្រមទាំងការធ្លាក់នៃអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយលើផ្ទៃភពនោះជាដើម។
- តើភព Trappist-1 e អាចមានជីវិតដូចផែនដីទេ?
ចម្លើយសម្រាប់ពេលនេះគឺ «យើងមិនទាន់ដឹងទេ» ប៉ុន្តែអ្វីដែល Trappist-1 e និងផែនដីមានលក្ខណៈដូចគ្នានោះ គឺភពទាំង ២ សុទ្ធសឹងតែមិនមានសល់បរិយាកាសដើម (Primary Atmosphere) នោះឡើយ។ បច្ចុប្បន្ននេះ ភពផែនដីកំពុងគ្របដណ្តប់ដោយបរិយាកាសជំនាន់ទី២ (Secondary Atmosphere) ដែលមានផ្ទុកភាគច្រើនបំផុតដោយ អាសូត (នីដ្រូហ្សែន – Nitrogen) ប្រមាណ ៧៨% និង អុកស៊ីហ្សែន (Oxygen) ប្រមាណ ២១%។
ដូច្នេះជាការសរុបសេចក្តីមក ប្រសិនការសង្កេតបន្តទៀតទៅថ្ងៃមុខ នាំឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញបរិយាកាសជំនាន់ទី២ ដែលពោពេញដោយអាសូត និងអុកស៊ីហ្សែនទៀតនោះ ពន្លឺនៃក្តីសង្ឃឹមនឹងលេចធ្លោឡើងមិនខាន ព្រោះវានឹងដូចសមាសធាតុសំខាន់ៗដែលមានក្នុងបរិយាកាសផែនដីយើងដែរ ជាពិសេសគឺវត្តមានទឹកនៅលើផ្ទៃរបស់វាតែម្តង។ ប៉ុន្តែសូមកុំទាន់អាលសន្មតបែបនេះអី… ពេលនេះឱកាសរបស់ Trappist-1 e ត្រូវបានបែកចែកជា២ ដោយទី១៖ វាអាចមានបរិយាកាសដូចផែនដី (ទ្រទ្រង់ជីវិតបាន) និងទី២៖ វាអាចមានបរិយាកាសដូចព្រះចន្ទទីតាន (Titan) នៃភពសៅរ៍ (Saturn) (មិនអាចទ្រទ្រង់ជីវិតទេ)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥)