(បរទេស)៖ គ្រប់គ្នាប្រាកដជាបានឃើញហើយនូវ ករណីបាក់ស្រុតថ្នល់នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នោះ។ សម្រាប់ភាសាបរទេស ការបាត់ស្រុតដីប្រភេទនេះគេហៅថា Sinkhole ឬមានន័យថា ការបាក់ស្រុតដែលបង្កើតជារណ្តៅដ៏ធំនៅតំបន់ប្រជុំជន និងទីកន្លែងផ្សេងៗទៀត តែ Sinkhole ដែលកកើតឡើងដោយសារតែកត្តាមនុស្សនោះ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។
តាមពិតទៅ Sinkhole បានកើតមានឡើងច្រើនករណីណាស់ក្នុងមួយឆ្នាំៗ គ្រាន់តែករណីនៅថៃនេះអាចជារឿងកម្របំផុតមួយ បន្ទាប់ពីប្រទេសនេះទើបរងឥទ្ធិពលពីគ្រោះរញ្ជួយដីដ៏កក្រើកនៅមីយ៉ាន់ម៉ា ដែលបានបណ្តាលឲ្យអគារបាក់រលំ និងប្រេះស្រាំជាច្រើន ព្រមទាំងនៅអំលុងខែកញ្ញា ឆ្នាំ២០២៥នេះមានភ្លៀងធ្លាក់ និងទឹកជំនន់ផងដែរនោះ ការកើតមានករណីបាត់ស្រុតដីដ៏គួរឲ្យរន្ធត់នេះទៀតកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើង។ យ៉ាងណាក៏ដោយ យើងអាចយល់ដឹងពី Sinkhole នេះជា២ទម្រង់ដូចខាងក្រោម៖
១៖ Sinkhole កើតឡើងដោយធម្មជាតិ
បើនិយាយពីការបាត់ស្រុតដីពីធម្មជាតិ នោះគឺជារឿងធម្មតាទៅហើយ ដោយវាអាចកើតឡើងដោយទឹកហូរច្រោះស្រទាប់ដីផ្នែកខាងក្រោមជាមុន ដោយសារតែទឹកភ្លៀង ទឹកជំនន់ និងការប្រែប្រួលស្រទាប់ដីផ្នែកខាងក្រោមនោះ រហូតដល់ផ្នែកខាងលើមានកម្រាស់កាន់តែស្តើង និងទ្រាំទ្រលែងបានទើបបាត់ស្រុតចុះទៅតែម្តង។
ជាធម្មតាការបាក់ដីតាមជម្រាលភ្នំ និងពីលើភ្នំចុះមកនោះយើងហៅថា «បំណាក់ដី ឬជាភាសាអង់គ្លេសហៅថា Landslide» តែសម្រាប់ការហូរច្រោះនៃទឹក នាំស្រែសដីស្រទាប់ក្រោម រហូតដល់បាក់ស្រុតដីស្រទាប់ដីខាងលើចុះទៅក្រោមក្លាយជាក្រហូងជ្រៅៗបែបនេះយើងហៅថារណ្តៅ ឬ Sinkhole នោះឯង។ ជាធម្មតា Sinkhole ធម្មជាតិអាចមានជម្រៅ និងមុខកាត់ចាប់ពីរាប់ម៉ែត្រ ដល់រាប់រយម៉ែត្រក៏មានដែរ។
២៖ Sinkhole កើតឡើងដោយសារទង្វើមនុស្ស
ត្រង់ចំណុចនេះប្រសិនបើយើងនិយាយពីកត្តាមនុស្សតែម្តង ក៏មិនត្រឹមត្រូវទាំងស្រុងដែរ តែយើងអាចនិយាយថា វាជាការកកើតឡើងនៃ Sinkhole ឬរណ្តៅស្រុតដី ដែលមានការចូលរួមពីទង្វើមនុស្សនោះឯង។ តើទង្វើមនុស្សមានអ្វីខ្លះ? ពិតណាស់ យើងមិនចង់ឲ្យវាកកើតឡើងនោះទេ តែទង្វើធ្វេសប្រហែស និងគ្មានភាពទទួលខុសត្រូវរបស់យើង បានជម្រុញឲ្យ Sinkhole កើតឡើងដូចករណីនៅទីក្រុងបាងកក របស់ថៃនោះឯង។ វាអាចការបែកធ្លាយប្រព័ន្ធលូបង្ហូរទឹក, ការបង្ហាប់ដីមិនបានល្អមុនសង់ផ្លូវ ឬសំណង់នានា និងការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកមិនល្អ នាំឲ្យមានការហូរច្រោះផ្នែកខាងក្រោមដី ដោយមិនបានទទួលការត្រួតពិនិត្យសុវត្ថិភាព។
តើប្រិយមិត្តចាំបានទេ ករណី Sinkhole ដែលបានកើតឡើងនៅប្រទេសឈីលី កាលពីឆ្នាំ២០២២ ដែលសារព័ត៌មានបរទេសបានពណ៌នាថា អាចដាក់សេតវិមានប្រធានធិបតីអាមេរិក ចូលទៅក្នុងនោះបាននោះ? យោងតាមក្រុមអ្នកជំនាញឈីលីកាលណោះបានឲ្យដឹងថា រណ្តៅ Sinkhole នៅក្បែរតំបន់រុករករ៉ែទង់ដែង Alcaparrosa នៃតំបន់ Tierra Amarilla នោះ ត្រូវបានបង្កឡើងដោយ ចលនាប្រែប្រួលនៃស្រទាប់ទឹកក្រោមដី ហើយវាមានមុខកាត់រហូតដល់ ៣២ម៉ែត្រ និងជម្រៅប្រហែលជិត ២០០ម៉ែត្រ។
តែទោះជាបែបនេះក្តី ប្រជាជនក្នុងតំបន់រួមទាំងអ្នកអភិរក្សបរិស្ថាន បានស្តីបន្ទោសទៅដល់អាជ្ញាធរ និងក្រុមហ៊ុនរុករករ៉ែ ដោយពួកគេរងការចោទប្រកាន់ថា ជាអ្នកដែលបានបង្កឲ្យបរិស្ថានរងផលប៉ះពាល់ និងកំពុងគំរាមកំហែងដល់អាយុជីវិត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់។ ប្រជាជនឈីលីបានថ្លែងថា «ថ្ងៃនេះវាត្រឹមកើតឡើងនៅតំបន់ ដែលជាចំការដំណាំ ប៉ុន្តែក្តីព្រួយបារម្ភដ៏ខ្លាំងក្លារបស់ពួកយើង នោះគឺវានឹងអាចកើតឡើងនៅតំបន់ទីប្រជុំជន ផ្លូវថ្នល់ និងសាលារៀន»។
ដោយឡែកចំពោះ Sinkhole ដែលមានមុខកាត់ ៣០ម៉ែត្រ និងជម្រៅ ៥០ម៉ែត្រនៅទីក្រុងបាងកក ត្រូវបានអាជ្ញាធរប្រទេសអាស៊ានមួយនេះអះអាងជាបឋមថា បណ្តាលមកពីការផ្ទុះលូបង្ហូរទឹកមួយកន្លែង ដែលស្ថិតក្នុងគម្រោងពង្រីកប្រព័ន្ធផ្លូវរថភ្លើងក្រោមដី ហើយការផ្ទុះនោះបានបណ្តាលឲ្យទឹកហូរច្រោះផ្នែកខាងក្រោម រហូតដល់បាក់រលំស្រទាប់ដី និងថ្នល់ផ្នែកខាងលើចុះមកតែម្តង…៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ The New York Times / The Strait Times / National Geography (ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥)