(បរទេស)៖ ពិតណាស់! យើងមិនមែនទើបតែឃើញព្យុះទាំងអស់នេះទេ ដោយវាបានកកើតឡើង និងឲ្យមនុស្សភ្លក្សឥទ្ធិពល តាំងតែពីបុរាណមកម្ល៉េះ ប៉ុន្តែឈានមកដល់សម័យកាលបច្ចេកវិទ្យារីកចម្រើន និងភពផែនដីកំពុងកើនឡើងកម្តៅនេះ ឥទ្ធិពលរបស់ព្យុះទាំងអស់នេះក៏កើនឡើងទៅតាមនោះដែរ… តួយ៉ាងក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក ធ្លាប់បានអះអាងថារួចមកហើយថា ការកើនឡើងកម្តៅមហាសមុទ្រ គឺជាកត្តាជំរុញឲ្យព្យុះ ហ៊ឺរីខិន ទីហ្វុង ស៊ីក្លូន និងត្រូពិកជាដើម កាន់តែងាយកកើតឡើង និងមានឥទ្ធិពលកាន់តែខ្លាំង។
- NOAA បានព្យាករណ៍ពីព្យុះហឺរីខិននៅមហាសមុទ្រអាត្លង់ទិចក្នុងឆ្នាំ២០២៥
យើងដឹងហើយថា ឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺជាពេលដែលភពផែនដីកើតមានបាតុភូតរលកម្តៅ ដែលបានធ្វើឲ្យមហាសមុទ្រកើនកម្តៅឡើងយ៉ាងខ្លាំង។ ជុំវិញស្ថានភាពនោះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិនៃសហរដ្ឋអាមេរិក (NOAA) បានព្យាករណ៍សម្រាប់ឆ្នាំ២០២៥នេះថា នៅមហាសមុទ្រអាត្លង់ទិច យើងនឹងឃើញព្យុះហឺរីខិន (Hurricane) កកើតឡើងច្រើន និងក្នុងកម្រិតខ្លាំងដល់ទី៤ និងអាចឡើងផុតលេខដល់កម្រិតទី៥។
នៅទីបំផុតយើងក៏ឃើញវាមែន នោះគឺព្យុះហឺរីខិន Erin កាលពីខែសីហា ឆ្នាំ២០២៥ និងនៅពេលនេះព្យុះហឺរីខិន Humberto ដែលទើបធ្លាក់កម្រិតពីលំដាប់កំពូលលេខ ៥ មកនៅត្រឹមលេខ ៤ វិញគឺត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សំណាងល្អដែលព្យុះកំណាចទាំង ២ នេះមិនបោកបក់ចំលើទឹកដីសហរដ្ឋអាមេរិកតែម្តងនោះទេ បើទោះបីជាពីដំបូងវាមានទំនោរនៅក្នុងការបោកបក់លើភាគខាងកើត និងអាគ្នេយ៍សហរដ្ឋអាមេរិកក៏ដោយ។
នៅក្នុងលទ្ធផលព្យាករណ៍ដែលបានចេញកាលពីខែឧសភា ឆ្នាំ២០២៥ NOAA បានអះអាងថា នៅក្នុងមហាសមុទ្រអាត្លង់ទិចសម្រាប់រដូវកាលនៃព្យុះហឺរីខិន ចាប់ខែមិថុនា ដល់ខែវិច្ឆិកានោះ មានរហូតដល់ទៅ ៦០% ដែលព្យុះនឹងកកើតឡើងច្រើន ឬខ្លាំងលើសឆ្នាំធម្មតា។
- ការព្យាករណ៍ពីព្យុះទីហ្វុងនៅមហាសមុទ្រប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០២៥
យើងសូមនិយាយតែពីព្យុះទីហ្វុងបានហើយ ព្រោះវាមានឥទ្ធិពលច្រើនជាងគេ មកលើតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍របស់យើង។ មហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិច ដែលតែងមានឥទ្ធិពលមកលើតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នោះត្រូវបានគេព្យាករថា នឹងកើតមានព្យុះទីហ្វុងកម្រិតទូទៅចំនួន ១៥លើក និងទីហ្វុងកម្រិតធ្ងន់ ៨លើក។ សម្រាប់បណ្តាប្រទេសជាប់ប៉ែកខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក រដូវកាលនៃព្យុះទីហ្វុងគឺចាប់ពីខែកក្កដា ដល់ខែតុលា។
ដូច្នេះការកើតមានព្យុះច្រើន នៅអំលុងត្រីមាសទី ៣ នៃឆ្នាំ២០២៥នេះ គឺជារឿងធម្មតាប៉ុណ្ណោះ តែសម្រាប់កម្រិតធ្ងន់ធ្ងរនៃព្យុះ ក៏អាស្រ័យទៅលើកក្តាបម្រែបម្រួលធម្មជាតិផងដែរ។ ប៉ុន្តែចម្ងល់របស់យើងពេលគឺ តើការប្រែប្រួលអាកាសធាតុ និងមហាសមុទ្រកើនឡើងកម្តៅ ពិតជាជួយឲ្យព្យុះទីហ្វុង ឬព្យុះផ្សេងៗទៀតកើនឡើងចំនួន និងកាន់តែអាក្រក់មែនឬទេ? ចម្លើយយ៉ាងខ្លីគឺ «ពិតជាមែនហើយ»។
យោងតាមការផ្សាយរបស់សារព័ត៌មាន BBC ដោយមានការពន្យល់ពី ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ កាលពីអំលុងខែធ្នូ ឆ្នាំ២០២៤បានឲ្យដឹងថា ពេលដែលអាកាសធាតុ និងមហាសមុទ្រនានាកាន់តែកើនឡើងកម្តៅ នោះក៏មានន័យថា វានឹងជួយបង្កើនកម្តៅ និងសំណើម ដែលជួយជម្រុញល្បឿននៃខ្យល់ និងការធ្លាក់ភ្លៀងក្នុងកម្រិតធ្ងន់ឡើងៗផងដែរ។ បន្ថែមពីនេះ ការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ដោយសារការរលាយទឹកកកប៉ូលនោះ នឹងជួយជម្រុញនូវឱកាសនៃព្យុះក្នុងការកកើតឡើង ហើយយើងនឹងឃើញព្យុះកម្រិតធ្ងន់ដូចជា Hurricane និង Typhoon ឡើងដល់កម្រិតទី ៤ ឬទី ៥ កាន់តែញឹកញាប់។
សរុបសេចក្តីមក ការប្រែប្រួលអាកាសធាតុ គឺជាដើមចមនៃបាតុភូតធម្មជាតិអាក្រក់ៗ ដែលបាននិងកំពុងកើតឡើងលើផែនដី ហើយសម្រាប់ដំណោះស្រាយវិញ គឺមិនខុសពីអ្វីដែលមានចែងក្នុង «កិច្ចព្រមព្រៀងអាកាសធាតុប៉ារីសឆ្នាំ២០១៥» នោះឡើយ ដោយយើងត្រូវរួមគ្នាទប់ទល់មិនឲ្យសីតុណ្ហភាពជាមធ្យមរបស់សកលលោក កើនឡើងលើសពីកម្រិត២អង្សាសេបន្ថែមទៀតនោះឡើយ ឬបើល្អបំផុតគឺនៅក្រោម ១.៥អង្សាសេ បើធៀបនឹងសម័យមុខឧស្សាហកម្មរីកលូតលាស់ ព្រមទាំងត្រូវរួបរួមគ្នាជាសកលក្នុងការទប់ទល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាត្រូវរួមគ្នារៀនរស់ និងសម្របជាមួយនឹងការប្រែប្រួលធាតុអាកាសនេះ៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ BBC/NOAA (ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥)