(ភ្នំពេញ)៖ ប្រទេសជុំវិញកម្ពុជាដូចជាឡាវ វៀតណាម និងថៃ សុទ្ធតែបានជួបគ្រោះធម្មជាតិរញ្ជួយដីរួចមកហើយ គ្រាន់តែស្ថិតនៅក្នុងកម្រិតខ្សោយ និងមធ្យមប៉ុណ្ណោះ ប៉ុន្តែកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសថៃបានរងឥទ្ធិពលពីគ្រោះរញ្ជួយដីកម្រិត ៧.៧ magnitudes នៅមីយ៉ាន់ម៉ា និងបានបង្កឲ្យមនុស្សស្លាប់ដោយសារតែអគារបាក់រលំ ព្រមទាំងការភ័យខ្លាចជះមកដល់ប្រទេសកម្ពុជាយើងផងដែរ។ ចម្ងល់នៅតែមានដដែលនោះគឺថា តើហេតុអ្វីប្រទេសកម្ពុជាយើងកម្រ ឬមិនងាយជួបគ្រោះរញ្ជួយផែនដី?
អ្នកទាំងអស់គ្នាប្រាកដជាបានយល់ដឹងការពិតមួយហើយ ចាប់តាំងពីការរៀននៅថ្នាក់បឋមមកម្ល៉េះ នោះគឺប្រទេសកម្ពុជាយើងស្ថិតនៅលើទ្រនរទ្វីបចាស់ ដែលទីតាំងភូមិសាស្ត្រប្រភេទនេះ មិនអាចឲ្យយើងកើតមានគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងទៅរួចនោះឡើយ…។ ប៉ុន្តែតើទ្រនរទ្វីបចាស់នោះជាអ្វី? ហេតុអ្វីក៏ទ្រនរទ្វីបចាស់នោះ អាចការពារយើងបាន?
- ទ្រនរទ្វីបចាស់ ឬផ្លាកតិចតូនិចចាស់ (old tectonic plate block)
ទ្រនរទ្វីបចាស់ ឬប្លុកនៃផ្លាកតិចតូនិចចាស់ (old tectonic plate block) នេះគឺចង់សម្តៅទៅលើស្រទាប់ផ្លាក ដែលអាចរក្សាទ្រង់ទ្រាយ ឬវត្តមានបានយូរយាឆ្លងកាត់បម្រែបម្រួលជាច្រើនជំនាន់លើភពផែនដីនេះ។ ផ្លាកដែលចាស់បែបនេះតែងមានភាពត្រជាក់ ក្រាស់ និងហាប់ណែន ដែលធ្វើឲ្យវាមិនងាយបង្កជាគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងនោះឡើយ។
ផ្លាកធំៗនៅលើភពផែនដីត្រូវបានបែងចែកជា៧ដូចជា៖ ផ្លាកប៉ាស៊ីហ្វិក (Pacific), អាមេរិកខាងជើង (North America), អឺរ៉ាស៊ី (Eurasia), អាហ្វ្រិក (Africa), អង់តាកទិក (Antarctic), ឥណ្ឌូ-អូស្ត្រាលី (Indo-Australia) និង អាមេរិកខាងត្បូង (South America)។ បើនិយាយក្នុងក្របខណ្ឌជារួមតែម្តង ផ្លាកធំៗទាំង ៧ នេះគ្មានផ្លាកណាមួយដែលចាស់នោះទេ ដោយពួកវាមានការចល័តផ្លាស់ប្តូរ ដោយសារទម្រង់ធម្មជាតិរបស់ផែនដី តែយ៉ាងណាផ្នែកខ្លះនៃផ្លាកទាំង ៧ នេះនៅតែរក្សាទម្រង់របស់ខ្លួន ដូចជាផ្លាកដែលប្រទេសកម្ពុជាយើងកំពុងស្ថិតនៅផងដែរ។
- ប្រទេសកម្ពុជាស្ថិតនៅលើទ្រនរទ្វីបចាស់
ប្រទេសកម្ពុជា ស្ថិតនៅលើតំបន់ទ្រនរទ្វីបចាស់ (ជាបន្ទះចាស់នៃទ្វីបមួយ ដែលកកើតឡើងរាប់ពាន់លានឆ្នាំមកហើយ) ដោយមានសណ្ឋានរឹង និងបិទជិតយ៉ាងល្អពីកំសួលចេញពីស្នូលភពផែនដី។ សណ្ឋានដី ឬថ្មបែបនេះ វាប្រៀបបីដូចជា «កម្រាលយ៉ាងក្រាស់ឃ្មឹក» ដែលការពារយើងមិនឲ្យកើតមានរំញ័រដី ឬក៏ទទួលរងឥទ្ធិពលខ្លាំងពីរំញ័រនៅតំបន់ក្បែរខាងនោះឡើយ។
បើតាមក្រុមអ្នកអង្កេតផ្នែកភូមិសាស្ត្រ ឬក៏ការកត់ត្រាផ្នែកប្រវត្តិសាស្ត្ររបស់កម្ពុជាផ្ទាល់ ប្រទេសដែលស្ថិតនៅជ្រោយឥណ្ឌូចិន និងតំបន់អាស៊ីអាគ្នេយ៍មួយនេះមិនដែលទទួលរងគ្រោះរញ្ជួយដី (កម្រិតធ្ងន់) នោះឡើយក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ។
សម្រាប់ទ្រនរទ្វីបចាស់ ឬផ្លាកចាស់ដែលកម្ពុជាកំពុងស្ថិតនៅនេះមានទំហំប្រហាក់ប្រហែល ១លានគីឡូម៉ែត្រក្រលា ត្រូវបានគេដាក់ឈ្មោះឲ្យថា ប្លុកឥណ្ឌូចិន (Indochina block) ដែលមានកម្រាស់ជាមធ្យម ៣១km ទៅ ៤០km និងតំបន់ខ្លះអាចឈានដល់ ៧៥km ទៅ ២០០km ក៏មានដែរ។
ប្រទេសចំនួន ៥ កំពុងស្ថិតនៅលើទ្រនរទ្វីបចាស់ Indochina Block នេះដូចជា ផ្ទៃដីស្ទើរទាំងមូលរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម, មួយផ្នែកធំនៃទឹកដីភាគខាងជើង និងខាងកើតប្រទេសថៃ (មិនមានទីក្រុងបាងកកក្នុងនោះទេ) និងផ្នែកខ្លះរបស់ខេត្តភាគខាងត្បូងប្រទេសចិន។ Indochina Block ជាផ្នែកមួយនៃផ្លាកតិចតូនិច Sunda plate (ឬ Sundaland block) ផងដែរ។
Indochina Block មិនងាយមានគ្រោះរញ្ជួយដី ឬទទួលរងឥទ្ធិពលខ្សោយពីគ្រោះរញ្ជួយដី ព្រោះតែវាស្ថិតនៅឆ្ងាយពីតំបន់ព្រំដែនដ៏ចលាចលរបស់ផ្លាកនានាផ្សេងៗទៀត។ ឧទាហរណ៍ប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាជាដើម តែងជួបប្រទះគ្រោះរញ្ជួយដីខ្លាំង និងញឹកញាប់ ព្រោះតែប្រទេសទាំងអស់នេះស្ថិតនៅពីលើតំបន់ប្រសព្វគ្នានៃផ្លាកជាច្រើនតែម្តង ហើយនៅពេលមានការរំកិលផ្លាកណាមួយដែលនាំឲ្យកកិត ឬគងលើគ្នានោះហើយ ទើបបង្កទៅជាគ្រោះរញ្ជួយដីនោះ។ (នេះយើងនិយាយតែបណ្តាប្រទេសដែលស្ថិតនៅក្នុងក្របខណ្ឌអាស៊ាន ឬអាស៊ីអាគ្នេយ៍ប៉ុណ្ណោះ)
សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នោះ មិនស្ថិតនៅលើ Indochina Block ជាមួយយើងនោះទេ តែប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទី២នៅអាស៊ានមួយនេះស្ថិតនៅក្នុងចន្លោះផ្លាក និងអនុផ្លាក ដែលមានការចល័តយ៉ាងសកម្មដូចជា ឥណ្ឌា (India), អឺរ៉ាស៊ី (Eurasia), សាន់ដា (Sunda) និងផ្លាកតូចៗ (microplate) របស់មីយ៉ាន់ម៉ាផ្ទាល់។ នៅចន្លោះផ្លាកទាំងនេះតែងមាននូវតំបន់ដែលគេហៅថាស្នាមប្រេះស្រាំ ឬតំណ (fault) ដោយនៅពេលមានការចល័ត និងកកិតគ្នានោះហើយទើបកើតមានគ្រោះរញ្ជួយដីឡើងមក។
- ប្រវត្តិនៃគ្រោះរញ្ជួយដីនៅកម្ពុជា
មិនមែនថាអត់មានគ្រោះរញ្ជួយដី កើតឡើងនៅប្រទេសយើងទាំងស្រុងនោះទេ។ បើតាមក្រុមជំនាញបរទេសមួយ ដែលធ្វើការសិក្សានៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងនោះ បានបង្ហាញការសង្ស័យថា តំបន់មួយនេះអាចធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨ ប៉ុន្តែដោយសារតែកាលណោះស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិតនោះ ទើបគ្រោះរញ្ជួយដីនេះមិនត្រូវបានដឹងដោយអន្តរជាតិ ហើយកាលណោះទៀតសោតកម្ពុជាយើងក៏ត្រូវបានបិទទ្វារពីអន្តរជាតិផងដែរ។
ទោះបីជាបែបនេះក្តី ការរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ គឺត្រូវបានចាត់ទុកជាកម្រិតមធ្យមប៉ុណ្ណោះ បើទោះបីជាកើតមាននៅតំបន់ប្រជុំជន ក៏ទំនងជាមិនអាចបង្កការខូចខាតអ្វីនោះដែរ។ សម្រាប់អន្តរជាតិ គ្រោះរញ្ជួយដីចាប់ពីកម្រិត ៦.០រ៉ិចទ័រឡើងទៅ ទើបមានលទ្ធភាពបង្កគ្រោះមហន្តរាយដូចជា អគារ និងលំនៅឋានបាក់រលំ ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិតមនុស្សជាដើម។
បន្ថែមពីនេះ ឥទ្ធិពលនៃគ្រោះរញ្ជួយដីពីមីយ៉ាន់ម៉ា និងថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មកលើប្រទេសកម្ពុជា និងមុននោះទៀតគឺគ្រោះរញ្ជួយដីនៅវៀតណាមកាលពីឆ្នាំ២០២៤ មកលើខេត្តភាគឦសានកម្ពុជា ក៏មិនមានរបាយការណ៍ផ្លូវការណាមួយដែលបានបញ្ជាក់ថា កម្ពុជាពិតជាបានរងឥទ្ធិពលមែន និងស្ថិតក្នុងកម្រិតប៉ុន្មានរ៉ិចទ័រនោះនៅឡើយដែរ…។ អាចនិយាយថា ដោយសារតែក្រុមជំនាញនៅកម្ពុជាយល់ដឹងច្បាស់ពីទីតាំងភូមិសាស្ត្ររបស់ខ្លួនថា ដែលមិនងាយកើតមានគ្រោះរញ្ជួយដី ទើបយើងមិនសូវអើពើចំពោះបញ្ហានេះ…។
តាមការបង្ហាញលទ្ធផលស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្ត្រមួយរូបកាលអំលុង១ទសវត្សរ៍មុន នោះគឺបណ្ឌិត Andrew Pike មកពីសាកលវិទ្យាល័យ Newcastle ចក្រភពអង់គ្លេស បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនអាចទទួលរងគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើងនោះទេ ហើយបើតាមសណ្ឋានដីរបស់យើងនេះ ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីនោះ ក៏វាគ្មានឥទ្ធិពលអ្វីមកដល់យើងនោះដែរ។ ដោយឡែកព្យុះសង្ឃរា និងទឹកជំនន់ គឺជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ។
សរុបសេចក្តីមក ប្រទេសកម្ពុជានឹងមិនអាចកើតមានគ្រោះរញ្ជួយដី ឬមួយក៏រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងនោះឡើយ ទាំងពេលនេះ និងទៅអនាគតរាប់រយឆ្នាំទៅមុខ ព្រោះយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ ហើយវាមានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងកម្មវិធីសិក្សារួចអស់ទៅហើយ៕
ប្រភព៖ Update ឡើងវិញពីអត្ថបទដែល Cambo Space (ឥន្ទ វត្ថា) បានចេញផ្សាយនៅឆ្នាំ២០១៨
ប្រភពបន្ថែម៖ National Geographic / USGS / NOAA (ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥)