(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការលើកកម្ពស់ក្មេងស្រី (IDG) ឆ្នាំ២០២៥នេះ ដើម្បីបញ្ជាក់ពីការជួយជួយការពារក្មេងស្រីពីមេរោគអេដស៍ កោតសរសើរសមិទ្ធិផល និង ផ្តល់ឱកាសដែលជាតម្រូវការរបស់ពួកគេ ឱ្យមានការអភិវឌ្ឍន៍ និងមានសុខភាពល្អ។
ទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំនេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោកវេជ្ជ ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពជា និងមានតំណាងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្មេងស្រី និងសិស្សានុសិស្សចំនួន ២៣០នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។
នៅទូទាំងពិភពលោក មានភាពមិនស្មើគ្នា ចំពោះក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងប្រឈមមុខនឹងបញ្ហាមេរោគអេដស៍។ AHF អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការខ្វះខាតនៅពេលមករដូវ ការលើកកម្ពស់ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ និងដោះស្រាយឳ្យមានភាពស្មើគ្នាក្នុងការទទួលបានការអប់រំសុខភាព ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ និងអាពាហ៍ពិពាហ៍កុមារ។
លោកវេជ្ជ ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាមានប្រសាសន៍ថា ការផ្តល់អំណាចដល់ក្មេងស្រី គឺការផ្តល់នូវអ្វីៗដែលសម្រាប់ដំណើរឆ្ពាះទៅមុខ រួមទាំងការចូលសាលារៀន និងរក្សាសុខភាព អនាគតរបស់ពួកគាត់។
ទោះបីជាមានការរីកចម្រើនក៏ដោយក៏នៅតែគួរឱ្យព្រួយបារម្ភដោយសាររៀងរាល់សប្តាហ៍ ស្ត្រីវ័យក្មេងចំនួន ៤០០០នាក់ដែលមានអាយុពី ១៥ ដល់២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ថ្មី ជាង ៣៣០០ ករណីនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១ លាន ៩សែននាក់កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យក្មេង ១លាន២សែននាក់ដែលមានអាយុដូចគ្នា។ ឧបសគ្គនៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣ លាននាក់នៅទូទាំងពិភពលោកបានបោះបង់សាលារៀន ដោយធ្វើឳ្យពួកគាត់មិនអាចរស់នៅដោយខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត។
ទិវាក្មេងស្រីអន្តរជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែតុលា គឺជាពេលវេលាដើម្បីអបអរសមិទ្ធិផលរបស់ក្មេងស្រី ពង្រីកសំឡេងរបស់ពួកគេ និងស្វែងរកការគាំទ្រសម្រាប់គោលនយោបាយដែលការពារសុខភាព និងអនាគតរបស់ពួកគេ។ តាមរយៈកម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុង ៤០ប្រទេសជាមួយនឹងចំណេះដឹង ការគាំទ្រ និងធនធាន ដើម្បីរក្សាឱ្យរួចផុតពីមេរោគអេដស៍ និងជំងឺកាមរោគ ប្រកាន់ខ្ជាប់នូវការព្យាបាលសម្រាប់ក្មេងស្រីដែលរស់នៅជាមួយមេរោគអេដស៍ ឲ្យបានចូលសាលារៀន និងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥លាននាក់ក្នុង៥០ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org៕
(រូបភាពទាំងស្រុងពីអង្គការ AHF Cambodia)