ផ្កាយដុះកន្ទុយ Lemmon នឹងបង្ហាញខ្លួនឲ្យមនុស្សលើផែនដីឃើញ (ជាង១ពាន់ឆ្នាំទើបមានម្តង) (មានវីដេអូ)

(បរទេស)៖ បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងភពផែនដី បូករួមទាំងកម្ពុជារបស់យើងផងដែរ នឹងអាចមើលឃើញផ្កាយដុះកន្ទុយ Lemmon បង្ហាញខ្លួនលើតំបន់ជើងមេឃមុនថ្ងៃរះ នៅចុងខែតុលា ឆ្នាំ២០២៥នេះ ហើយយើងនឹងមិនត្រូវការកែវយឺតដើម្បីឆ្លុះរកមើលវានោះឡើយ ព្រោះវានឹងបង្ហាញចេញនូវពន្លឺគ្រប់គ្រាន់ឲ្យយើងឃើញនឹងភ្នែកតែម្តង។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ផ្កាយដុះកន្ទុយ Lemmon (C/2025 A6) ធ្លាប់មកកៀកភពផែនដី លើកចុងក្រោយកាលពីខ្ទង់ ១,១៥០ឆ្នាំមុន ដូច្នេះការមកកៀកផែនដីឲ្យយើងឃើញលើកនេះគឺជាឱកាសពិសេស ដែលក្នុងមួយសហសវត្សរ៍មានតែម្តង ឬកូនចៅជំនាន់ក្រោយយើងរាប់តំណទៀត ក៏មិនទាន់អាចឃើញវាដែរ រហូតដល់ឆ្នាំ ៣១៧៥ ទើបអាចឃើញវាម្តងទៀត។

ផ្កាយដុះកន្ទុយ Lemmon ថតបាននៅទាបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ (រូបភាពពីបរទេស) (Image Source: SSB Crack)

ផ្កាយដុះកន្ទុយ Lemmon ត្រូវបានគេរំពឹងថា នឹងមកកៀកភពផែនដីបំផុតនៅក្នុងគម្លាតប្រមាណ ៤៦លានkm នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ និងទៅកៀកព្រះអាទិត្យបំផុត ៧៩លានkm នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ឱកាសដែលល្អបំផុត នៅក្នុងការទស្សនាឃើញ Lemmon «ដោយភ្នែកទទេ» សម្រាប់បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងផែនដី រួមទាំងនៅប្រទេសកម្ពុជាយើងផងដែរ គឺចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២៥

សម្រាប់ម៉ោងដែលល្អបំផុត គឺនៅរយៈពេល ១ម៉ោងកន្លះមុនថ្ងៃរះ ឬចាប់ពីម៉ោង ៤៖០០នាទីទាបភ្លឺ ដល់ ៥៖០០នាទីព្រឹកព្រហាម នៅពីលើជើងមេឃភាគឦសាន (ខាងកើតឆៀងខាងជើង ឬម្តុំតារានិករ Boötes សម្រាប់អ្នកស្វែងរកតាម app) ព្រោះបើលើសម៉ោង ៥៖០០នាទីឡើងទៅ ពេលពន្លឺព្រះអាទិត្យចាប់ផ្តើមរំលេចឡើងនាព្រឹកព្រហាមនោះ ការស្វែងរកវត្តមានផ្កាយដុះកន្ទុយក៏នឹងពិបាកដែរ…។ ដូចយើងបានបញ្ជាក់ហើយ ថ្ងៃដែលល្អបំផុតក្នុងការស្វែងរក Lemmon គឺចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆាប់ៗខាងមុខនេះ។

បញ្ជាក់ (សំខាន់)៖ សម្រាប់បងប្អូនដែលបានឃើញផ្កាយដុះកន្ទុយមួយនៅរាល់ពេលល្ងាចថ្មីៗនាពាក់កណ្តាលខែតុលានេះ (នៅទិសនិរតី) នោះគឺជាផ្កាយដុះកន្ទុយ C/2025 R2 SWAN មិនមែន Lemmon នោះទេ…៕

រូបតំណាងផ្កាយដុះកន្ទុយ (Image Credit: Star Walk)
  • ផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធព្រះអាទិត្យ 3I/ATLAS

មិនបាច់ខ្វល់ពីវាក៏បាន ព្រោះវាមិនអាចឲ្យយើងឃើញនឹងភ្នែកនោះទេ ព្រោះវាស្ថិតនៅជាង ២៦៨លានkm ពីភពផែនដីយើងឯណោះ នៅពេលវាមកដល់ចំណុចកៀកផែនដីបំផុតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ដោយឡែកកាលពីថ្ងៃទី០៣ ខែតុលា ផ្កាយរណប TGO របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលកំពុងគោចរជុំវិញភពអង្គារនោះ បានថតទិដ្ឋភាពផ្កាយដុះកន្ទុយ 3I/ATLAS នៅពេលវាកំពុងគោចរមកកាន់តែកៀកភពអង្គារ ក្នុងគម្លាតតែ ៣០លានkm ប៉ុណ្ណោះ។

ទោះបីជាវីដេអូនេះមិនសូវច្បាស់ ព្រោះវាត្រូវបានថតពីចម្ងាយរាប់សិបលាន km តែនោះពិតជាគម្លាតយ៉ាងកៀកមួយសម្រាប់វត្ថុអវកាសដ៏ធំធេងដូចជា 3I/ATLAS ដែលអាចមានបណ្តោយប្រវែងដល់ទៅជិត ១០km នោះគោចរទៅកៀកភពមួយ និងពិសេសជាងនេះទៀត វាជាវត្ថុអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ (Interstellar Object) ដ៏កម្រ។ សម្រាប់ព័ត៌មានពីក្រុមអ្នកវិទ្យាសាស្ត្រខ្លះ (ដូចលោក Avi Loeb អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក) ដែលសង្ស័យថា វាអាចជាយានអវកាស Alien មកស៊ើបការណ៍ភពផែនដីពីចម្ងាយនោះ យើងសូមមិនលើកយកមកនិយាយទៀតនោះទេ…។

Hmm… យើងអាចនិយាយបញ្ជាក់ថែមបន្តិចក៏បាន ដោយចំណុចដែលក្រុមអ្នកវិទ្យាសាស្ត្រខ្លះសង្ស័យថា 3I/ATLAS អាចជាយានអវកាស Alien នោះ ក៏ព្រោះតែកត្តាមិនប្រក្រតីមួយចំនួនដូចជា ដំណើរជ្រៀតចូលក្នុងប្រព័ន្ធព្រះអាទិត្យយើង មានលក្ខណៈចម្លែក និងរហ័ស, ទំហំធំខុសពីផ្កាយដុះកន្ទុយធម្មតា និង 3I/ATLAS នោះមានកន្ទុយមិនសូវវែងជាដើម…។ តែយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើននៅតែអះអាង 3I/ATLAS ជាផ្កាយដុះកន្ទុយពីធម្មជាតិ គ្រាន់តែពិសេសខ្លាំងត្រង់វាមានប្រភពមកពីប្រព័ន្ធផ្កាយដទៃប៉ុណ្ណោះ។

ផ្កាយដុះកន្ទុយ 3I/ATLAS ថតបានដោយផ្កាយរណប TGO (Credit: ESA)
  • ផ្កាយដុះកន្ទុយ និងអប៉ិយជំនឿ

វាចង្រៃ? វាសាហាវ? វាធ្វើឲ្យគ្រប់គ្នាខ្លាចរអា? បើតាមគំនិតខ្ញុំផ្ទាល់ ពួកវាត្រឹមជាវត្ថុអវកាស (Comet) ដែលបើនិយាយឲ្យចំ គឺអាចម៍ផ្កាយតែមានកន្ទុយ (ជាឧស្ម័នត្រូវនឹងពន្លឺព្រះអាទិត្យ) ឬចាស់ពីបុរាណហៅថា «ផ្កាយដុះកន្ទុយ»។ មិនខុសពីអាចម៍ផ្កាយ ឬភពមិនពេញលក្ខណៈ (Dwarf Planet) នានានោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្របានបាត់ទុកថា ជាវត្ថុអវកាសដែលនៅសេសសល់ច្រើនរាប់មិនអស់ ក្រោយការកកើតប្រព័ន្ធព្រះអាទិត្យយើងពេញលេញប៉ុណ្ណោះ ហើយបន្តគោចរជុំវិញព្រះអាទិត្យតែប៉ុណ្ណឹង… មានខ្លះពន្លឺខ្សោយពេកយើងមិនឃើញ (មិនដឹងថាវាបានគោចរមកក្បែរៗផែនដីផង) ហើយខ្លះទៀតក៏មកដល់ឲ្យយើងពន្លឺខ្សោយ ឬខ្លាំងទៅតាមទំហំ និងសមាសធាតុផ្សំរបស់វា។

យោងតាមការគណនាជាភាគរយវិញ យ៉ាងហោចណាស់ក៏ម្តងដែរក្នុងមួយឆ្នាំ ដែលមនុស្សលើផែនដីអាចមើលឃើញផ្កាយដុះកន្ទុយ ហើយផ្កាយដុះកន្ទុយក៏តែងតែបានគោចរមកកៀកផែនដី និងបង្ហាញខ្លួនលើផ្ទៃមេឃ រាប់ពាន់លានឆ្នាំមកហើយ ឬតាំងពីមនុស្ស មិនទាន់មានវត្តមានលើផែនដីនេះទៅទៀត។

វាចង្រៃ? … ខ្ញុំជឿលើវិទ្យាសាស្ត្រ តែក៏មិនចោលអប៉ិយជំនឿដែរ តែក៏ចង់ឲ្យបងប្អូនជឿលើវិទ្យាសាស្ត្រដូចគ្នា។ ដោយសារយើងជាជនជាតិខ្មែរ និងមានឬសគល់ផ្សាភ្ជាប់នឹងអប៉ិយជំនឿច្រើន ដូច្នោះហើយបាតុភូតនានាតែក្លាយជាការអន្ទងចិត្តឲ្យគិតផ្លូវនោះ… យើងក៏មិនអាចម៉ាក់ងាយ ឬរំលងរឿងនេះទាំងស្រុងដែរ។

ប៉ុន្តែ, ប្រសិនបើឲ្យខ្ញុំឈរលើជំហរបែបវិទ្យាសាស្ត្រតែម្តង ខ្ញុំសូមនិយាយថា «ផ្កាយដុះកន្ទុយ គឺផ្កាយដុះកន្ទុយ រីឯផែនដី គឺផែនដី… ទាំង២នេះគ្មានរំញោចអ្វីដាច់គ្នានោះទេ… កុំឲ្យតែវាកំពុងហោះសម្តៅមករកផែនដីយើង នោះវានឹងមិនបង្កភាពចង្រៃអ្វីឡើយ… ការអះអាងថាផ្កាយដុះកន្ទុយមកដល់នឹងមានសង្គ្រាម នោះត្រឹមជាភាពចៃដន្យប៉ុណ្ណោះ… ចុះសង្គ្រាមដែលបានផ្ទុះឡើង ពេលគ្មានផ្កាយដុះកន្ទុយមកផងនោះ តើយ៉ាងម៉េចវិញ?… វាក៏អាចដែរថា ក្រុមខ្លះកាលពីបុរាណបានយកលេសនៃផ្កាយដុះកន្ទុយមកដល់ ឬបាតុភូតលើមេឃដូចជា សូរ្យគ្រាស និងផ្កាយ២រះអមព្រះចន្ទជាដើម មកបង្កើតពាក្យចចាមអារ៉ាម ក្នុងន័យបង្កសង្គ្រាម ឬភាពចលាចលនោះឯង…»។

ជាចុងបញ្ចប់នេះ ប្រសិនបើខុសទាស់ត្រង់ចំណុចណា សូមបងប្អូនប្រិយមិត្ត និងចាស់ព្រឹទ្ធចារ្យនានាអធ្យាស្រ័យដល់រូបខ្ញុំផង ព្រោះគំនិតខ្ញុំអាចនៅខ្ចី ហើយការរៀបរាប់ដូចខាងលើនេះ ត្រឹមចង់ឲ្យគ្រប់គ្នារក្សាផ្លូវចិត្តរៀងៗខ្លួនឲ្យរឹងមាំប៉ុណ្ណោះ… ទោះបីជឿ ឬមិនជឿ ក៏ត្រូវតែប្រកបដោយការគិតពិចារណាជាមុនសិន…៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / SETi (ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥)

Comments (0)
Add Comment