«ផ្កាយដុះកន្ទុយ២» បង្ហាញខ្លួនព្រមៗគ្នានៅអំលុងខែតុលានេះ ដែលជាព្រឹត្តិការណ៍កម្រ (UPDATE) (វីដេអូ)

(បរទេស)៖ អាចថាសូម្បីក្រុមអ្នកវិទ្យាសាស្ត្រក៏ភ្ញាក់ផ្អើលដែរ ព្រោះវាមកថ្មីៗច្រើនយ៉ាងនេះទាំងក្នុង និងក្រៅប្រព័ន្ធព្រះអាទិត្យយើងនេះទៀត…។ យើងកំពុងនិយាយអំពីផ្កាយដុះកន្ទុយ Lemmon, 3I/ATLAS និងពេលនេះគឺ SWAN។ កាលពីអត្ថបទមុន ប្រិយមិត្តបានតាមដានអំពីផ្កាយដុះកន្ទុយ Lemmon និង 3I/ATLAS រួចហើយ ដូច្នេះអត្ថបទថ្មីនេះដល់វេនផ្កាយដុះកន្ទុយ SWAN វិញម្តង ព្រោះមានការយល់ច្រលំខ្លះរវាង SWAN និង Lemmon ដែលកំពុងបង្ហាញខ្លួនឲ្យយើងដូចគ្នា នៅអំលុងពេលកៀកចុងខែតុលា ឆ្នាំ២០២៥នេះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ផ្កាយដុះកន្ទុយ SWAN ឬឈ្មោះបច្ចេកទេស C/2025 R2 (SWAN) ត្រូវបានរកឃើញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយឧបករណ៍ SWAN បំពាក់ជាប់តេឡេស្កូបអវកាស SOHO របស់អង្គការ NASA… ហេតុដូច្នេះហើយទើបវាមានឈ្មោះហៅក្រៅថា SWAN បែបនេះ។ ខណៈដែលផ្កាយដុះកន្ទុយ Lemmon នឹងមកកៀកផែនដីបំផុតក្នុងគម្លាត ៤៦លានkm នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ផ្កាយដុះកន្ទុយ SWAN ឯណេះវិញនឹងមកកៀកផែនដីខ្លាំងជាងនេះទៀត នោះគឺត្រឹមតែ ៣៩លានkm ប៉ុណ្ណោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដូច្នេះ SWAN នឹងបង្ហាញពន្លឺភ្លឺជាង Lemmon

ស្របពេលដែល Lemmon នឹងមកកៀកផែនដីរៀងរាល់ ១,១៥០ឆ្នាំម្តងនោះ SWAN វិញគឺរហូតដល់ទៅជាង ២២,០០០ឆ្នាំ ឯណោះទើបអាចមកកៀកផែនដីយើងម្តង… ដូច្នេះការមើលឃើញផ្កាយដុះកន្ទុយទាំង នៅក្នុងពេលនេះ ក៏ជាលើកចុងក្រោយសម្រាប់មនុស្សលោកទាំងអស់នៅក្នុងពេលនេះដូចគ្នាដែរ។

  • ពេលវេលាដែលយើងនឹងសង្កេតឃើញផ្កាយដុះកន្ទុយទាំង ២ ព្រមគ្នា

តាមពិតទៅនៅពេលផ្កាយដុះកន្ទុយនានា ដែលមកកៀកផែនដីម្តងៗនោះ តែងតែបង្ហាញវត្តមានឲ្យយើងឃើញចំនួន ២លើក នោះគឺនៅពេលទាបភ្លឺម្តង និងព្រលប់ក្រោយថ្ងៃលិចម្តង ប៉ុន្តែសម្រាប់ពេលវេលាដែលល្អ និងងាយទស្សនាតែម្តងនោះ គឺពេលល្ងាចក្រោយថ្ងៃលិច (សម្រាប់អំលុងខែតុលាបែបនេះ គឺម៉ោង ៦៖០០នាទីល្ងាចទៅជាពេលល្អបំផុត)។ តែដោយសាររដូវនេះមិនទាន់ផុតភ្លៀង ទើបនៅអត្ថបទមុននេះ Cambo Space បានណែនាំប្រិយមិត្តឲ្យទស្សនានៅពេលទាបភ្លឺដល់ព្រឹកព្រហាមវិញ។

តែយ៉ាងណា បើជ្រុលជាប្រិយមិត្តខ្លះបាន comment ទាំងក្នុង YouTube និង Facebook របស់ Cambo Space បានអះអាងថាបានឃើញខ្លះៗនូវវត្តមានផ្កាយដុះកន្ទុយនាពេលល្ងាចរួចទៅហើយនោះ ដូច្នេះប្រិយមិត្តផ្សេងៗទៀតអាចទស្សនានៅពេលល្ងាចដែរក៏ល្អ…។

យើងអាចសង្កេតរកទាំងផ្កាយដុះកន្ទុយ SWAN និង Lemmon ព្រមគ្នាតែម្តងនៅពីលើជើងមេឃទិសនិរតី (ខាងលិចឆៀងទៅខាងត្បូងបន្តិច) នៅវេលាម៉ោង ៦៖០០នាទីល្ងាចក្រោយថ្ងៃលិច និងមេឃរាងងងឹតបន្តិច។ SWAN មានពណ៌បៃតងរាងដិតអាចនឹងបង្ហាញពន្លឺភ្លឺជាង Lemmon ដែលមានពណ៌បៃតងរាងស្រាល ព្រោះតែ SWAN នឹងមកកៀកផែនដីជាង Lemmon ហើយវាស្ថិតនៅខាងឆ្វេងដៃ (បើយើងឈរមើលទៅកាន់ទិញនោះ) ខណៈ Lemmon ស្ថិតនៅខាងស្តាំដៃ។

សម្រាប់ថ្ងៃដែលល្អបំផុតក្នុងការទស្សនា SWAN និង Lemmon នៅកៀកគ្នា គឺចាប់ពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ២០២៥ នៅម៉ោង ៦៖០០នាទី ទៅ ៦៖៣០នាទីល្ងាច ពីលើជើងមេឃទិសនិរតី។ តែក៏សូមរម្លឹកផងដែរថា ឱកាសនៃការមើលឃើញព្រមគ្នាគឺមានតិច ដោយសារតែ Lemmon នឹងមានពន្លឺខ្សោយជាង SWAN ឆ្ងាយសម្រាប់ពេលល្ងាច ដូច្នេះប្រសិនបើចង់មើលឃើញ Lemmon ច្បាស់គឺមានតែពេលទាបភ្លឺ និងព្រឹកព្រហាមប៉ុណ្ណោះ ចាប់ពីថ្ងៃទី ២១-២៦ ខែតុលា ឆ្នាំ២០២៥ នៅពីលើជើងមេឃភាគឦសាន ចាប់ពីម៉ោង ៤៖០០នាទី ដល់ ៥៖៣០នាទីព្រឹក

  • អ្នករស់នៅកណ្តាលក្រុង និងទីប្រជុំជននឹងពិបាករកឃើញ ឬអាចឃើញតែ១ប៉ុណ្ណោះ

ដូចយើងដឹងហើយថា ទីក្រុងដូចជាភ្នំពេញ និងទីប្រជុំជនតាមខេត្តមួយចំនួន តែងមានពន្លឺភ្លើងច្រើនចេញពីយានជំនិះ លំនៅឋាន បង្គោលភ្លើង និងផ្សេងៗទៀត ដែលពន្លឺទាំងនោះកុំថាឡើយតែផ្កាយដុះកន្ទុយ ដោយសូម្បីតែវត្តមានផ្កាយជាច្រើនទៀត ក៏អាចបិទបាំងពីផ្ទៃមេឃផងដែរ។ កន្លែងដែលល្អបំផុត នៅក្នុងការស្វែងរកវត្តមានរបស់ SWAN ក៏ដូចជា Lemmon នោះ គឺជាយក្រុង ឬតំបន់ជាយផ្នែកខាងលិច នៃទីប្រជុំជនក្រុងទាំងនោះ នៅពេលមេឃស្រឡះល្អ។

រូបតំណាង (យើងមិនអាចមើលឃើញបែបនេះឡើយ) (Image Source: Quarks to Quasars)

បន្ថែមពីនេះទៀត អ្នកជំនាញអន្តរជាតិមួយរូបគឺលោក Carson Fuls មកពីសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិកបានអះអាងថា ការទស្សនាឃើញ SWAN និង Lemmon ព្រមគ្នានឹងភ្នែកទទេ គឺទំនងជាមិនអាចទៅរួចទេ (យើងនឹងអាចឃើញតែ SWAN មួយប៉ុណ្ណោះ) ព្រោះតែ Lemmon មានពន្លឺខ្សោយជាង SWAN តែប្រសិនបើមានកាមេរ៉ាប្រមូលផ្តុំពន្លឺ នោះយើងនឹងអាចចាប់យកវត្តមានរបស់ SWAN និង Lemmon បានព្រមគ្នានៅល្ងាចថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៥៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Sky Live / SPACE (ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០២៥)

Comments (0)
Add Comment