(បរទេស)៖ របត់ដ៏ធំមួយនឹងអាចកើតមានឡើង ទៅលើគម្រោងស្រាវជ្រាវឋានព្រះចន្ទ Artemis របស់អង្គការ NASA ដោយក្នុងនោះការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើង ចំពោះកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារអវកាសរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយនេះ ជាមួយនឹងក្រុមហ៊ុនអវកាសឯកជន SpaceX របស់មហាសេដ្ឋី Elon Musk។ តើមានបញ្ហាអ្វីកើតឡើង? តើចិនមានអ្វីពាក់ព័ន្ធរឿងនេះ?
យើងដឹងហើយថា SpaceX បាននិងកំពុងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនមនុស្សទៅកាន់ទីឋានដ៏ទៃ (Human Landing System ឬ HLS) ក្នុងនោះព្រះចន្ទគឺជាគោលដៅទីមួយ ហើយគោលដៅនោះមិនមែនសម្រាប់ SpaceX នោះទេ តែសម្រាប់អង្គការ NASA នៃសហរដ្ឋអាមេរិកជាចម្បង ពោលគឺការបំពេញបេសកកម្ម Artemis 3 ដែលត្រូវបានពន្យារពេលទៅដល់ឆ្នាំ២០២៧ឯណោះ។
កាលពីខែមេសា ឆ្នាំ២០២១ អង្គការ NASA បានប្រគល់គម្រោងដ៏ធំមួយដែលមានតម្លៃ ២.៩ពាន់លានដុល្លារអាមេរិកឲ្យ SpaceX ដើម្បីផលិតយានអវកាសដឹកមនុស្សទៅកាន់ឋានព្រះចន្ទ ខណៈដែលកាលណោះ SpaceX ទើបតែចាប់ផ្តើមធ្វើតេស្តនាវាអវកាស Starship ប៉ុណ្ណោះ ហើយក៏មិនទាន់ចេញលទ្ធផលវិជ្ជមានជាដុំកំភួនអ្វីនៅឡើយដែរ។
ពិតណាស់ ក្រោយពីការធ្វើតេស្ត Starship បរាជ័យម្តងជាពីរដងនោះ NASA ហាក់បានបង្ហាញមន្ទិលខ្លះៗចំពោះដំណើរការនេះទៅហើយ។ បើទោះបីកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន SpaceX បានធ្វើតេស្ត Starship លើកទី ១១ ដោយទទួលបានជោគជ័យដូចការគ្រោងទុកក៏ដោយ តែសេចក្តីព្រាងនៃការសម្រេចចិត្តឡើងវិញរបស់ NASA ទំនងជាត្រូវបានរៀបចំឡើងមុនតេស្តនោះរួចទៅហើយ…។
ជាក់ស្តែងនៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រធានស្តីទីអង្គការ NASA លោក Sean Duffy បានប្រកាសថា កិច្ចព្រមព្រៀងជាមួយ SpaceX លើការអភិវឌ្ឍ Human Landing System ឬ HLS អាចនឹងត្រូវកែប្រែ។ លោក Duffy បានថ្លែងក្នុងកម្មវិធីមួយរបស់ ទូរទស្សន៍អាមេរិក CNBC យ៉ាងដូច្នេះថា «ខ្ញុំស្រឡាញ់ SpaceX… នេះជាក្រុមហ៊ុនដ៏អស្ចារ្យមួយ ប៉ុន្តែអ្វីដែលបញ្ហានោះ គឺពួកគេដើរមិនទាន់សភាពការណ៍…។ SpaceX បានដើរហួសកាលកំណត់របស់ខ្លួនទៅហើយ ស្របពេលដែលយើងកំពុងប្រកួតប្រជែងជាមួយចិន…»។
លោក Duffy បានសង្កត់ធ្ងន់បែបនេះថា «លោកប្រធានាធិបតី និងខ្ញុំចង់ឃើញការចុះចតលើព្រះចន្ទ នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតីតែម្តង… ដូច្នេះខ្ញុំនឹងបើកចំហកិច្ចព្រមព្រៀងនោះឡើងវិញ។ ខ្ញុំនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអវកាសផ្សេងទៀត ធ្វើការប្រកួតប្រជែងជាមួយ SpaceX ក្នុងនោះមានដូចជា ក្រុមហ៊ុន Blue Origin ជាដើម…»។
សម្រាប់ក្រុមហ៊ុន Blue Origin ផ្ទាល់ក៏មាននូវកិច្ចព្រមព្រៀងធំមួយផ្សេងទៀតក្នុងដៃជាមួយអង្គការ NASA រួចទៅហើយ តែសម្រាប់បេសកកម្ម Artemis 5 ឯណោះ ដែលមានតម្លៃប្រមាណ ៣.៤ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ នៅក្នុងកិច្ចព្រមព្រៀងនោះតម្រូវឲ្យ Blue Origin អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនមនុស្ស ដោយក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos មួយនេះបានដាក់ឈ្មោះឲ្យថា យាន Blue Moon។
ជុំវិញសេចក្តីសម្រេចដែល NASA គ្រោងធ្វើឡើងជាផ្លូវការនៅពេលខាងមុខនេះ លោក Elon Musk ក៏បានធ្វើការរិះគន់ផងដែរ ជាពិសេសពាក់ព័ន្ធនឹងក្រុមហ៊ុន Blue Origin ដោយលោកថា Blue Origin មិនដែលបានដឹកទំនិញឡើងទៅកាន់ទីអវកាសនោះឡើយ ខណៈរ៉ុក្កែតខ្នាតធំរបស់ក្រុមហ៊ុននេះមានឈ្មោះ New Glenn នោះគឺកំពុងស្ថិតក្នុងការធ្វើតេស្តមិនទាន់សម្រេចនៅឡើយ។
លោក Musk ក៏បានបញ្ចេញមតិរបស់លោកតាមរយៈបណ្តាញសង្គម X យ៉ាងដូច្នេះដែរថា «ការកសាងមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៅលើឋានព្រះចន្ទ នឹងក្លាយជារឿងប្រសើរខ្លាំងជាងការធ្វើអ្វីដែលយើងធ្លាប់សម្រេចយ៉ាងល្អរួចមកហើយ កាលពីបេសកកម្ម Apollo ក្នុងឆ្នាំ១៩៦៩នោះ»។
គួរបញ្ជាក់ថា បើយើងនិយាយតែពីកម្មវិធី Artemis 3 តែមួយនោះ គឺត្រូវបានពន្យារពេលជាច្រើនលើកមកហើយ។ វាជាបេសកកម្មជំហានទី ៣ របស់ Artemis ដែលនឹងត្រូវដឹកអវកាសយានិក NASA ទៅចុះចតនៅក្បែរប៉ូលខាងត្បូងព្រះចន្ទជាលើកដំបូង។ Artemis 3 បានគ្រោងឲ្យចេញបេសកកម្មដំបូងកាលពីចុងឆ្នាំ២០២៤ តែក៏ត្រូវបានពន្យារពេលទៅឆ្នាំ២០២៥ រួចបន្ទាប់មកទើបទៅឆ្នាំ២០២៦ និងចុងក្រោយបំផុតគឺទៅកាន់ពាក់កណ្តាលឆ្នាំ២០២៧វិញ…។
ការអន្ទះសារបស់ NASA ពេលនេះ បានកើតមានឡើងបន្ទាប់ពីអ្នកជំនាញអាមេរិកមួយរូប បានចេញមុខមកព្រមានថា ប្រសិនបើអាមេរិកនៅតែយឺតយ៉ាវដូចបច្ចុប្បន្ននេះទៀត នោះប្រទេសចិននឹងអាចដើរទាន់បច្ចេកវិទ្យាអវកាសអាមេរិក ក្នុងការស្រាវជ្រាវឋានព្រះចន្ទ និងទីអវកាស យ៉ាងហោចណាស់ ៥-១០ឆ្នាំទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥)