រកឃើញភពមួយទៀតហើយ (នៅកៀកផែនដីគួរសម) និងសង្ស័យមានជីវិត… (GJ 251 c) (មានវីដេអូ)

(បរទេស)៖ ស្ថិតនៅចម្ងាយមិនដល់ ២០ឆ្នាំពន្លឺពីផែនដី ក្រុមតារាវិទូទើបតែបានប្រទះឃើញ ភព (Exoplanet) ថ្មីមួយទៀតដែលត្រូវបានដាក់ឈ្មោះឲ្យថា GJ 251 c។ គ្រាន់តែប្រកាសភ្លាម ពួកគេក៏បានចាត់បញ្ចូលភពនេះទៅក្នុងបញ្ជីនៃ «ភពពិសេស» ដែលស្ថិតក្នុងការសង្ស័យកម្រិតខ្ពស់ថា «អាចមានជីវិត» ហើយប្រការនេះមានន័យថា GJ 251 c ក៏ស្ថិតនៅក្នុងបញ្ជីជាមួយភព K2-18 b, Trappist-1 e, TOI-700 d និងបេក្ខភាពមួយចំនួនតូចផ្សេងទៀតដែរ។ ប៉ុន្តែឈប់សិន, ហេតុអ្វីក៏ក្រុមអ្នកវិទ្យាសាស្ត្រហ៊ានអះអាងលឿនបែបនេះ?

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ប្រការនេះគឺងាយយល់ប៉ុណ្ណោះ ដោយ GJ 251 c ត្រូវបានគេគណនាដឹងថា ស្ថិតនៅចំកណ្តាលតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) នៅជុំវិញផ្កាយមេរបស់វា ដែលមានឈ្មោះថា GJ 251 នោះតែម្តង ហើយប្រព័ន្ធដ៏ពិសេសនេះស្ថិតនៅចម្ងាយខ្ទង់ ១៨.២ឆ្នាំពន្លឺប៉ុណ្ណោះពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ ប្រសិនបើគិតទៅលើភពធំធេងនៃកាឡាក់ស៊ី Milky Way ចម្ងាយកម្រិតនេះអាចចាត់ទុកថា វាស្ថិតនៅកៀកផែនដីយើងហើយ។ យើងក៏មិនត្រូវភ្លេចនោះដែរថា ភព Proxima b នៃប្រព័ន្ធផ្កាយ Proxima Centauri ដែលស្ថិតនៅកៀកផែនដីយើងជាងគេបំផុតនោះមានចម្ងាយ ៤.២ឆ្នាំពន្លឺពីយើងទៅហើយ ដូច្នេះត្រឹម ១៨.២ឆ្នាំពន្លឺ ក៏ជាចម្ងាយជិតមួយដែរ…។

GJ 251 c ស្ថិតក្នុង Habitable Zone យ៉ាងល្អ (Image Credit: Corey Beard, et al.)

ជុំវិញសមិទ្ធផលថ្មីនេះ សាស្ត្រាចារ្យផ្នែកតារាសាស្ត្រមួយរូបឈ្មោះ Suvrath Mahadevan មកពីសាកលវិទ្យាល័យរដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានលើកឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ថា «ខណៈដែលយើងមិនទាន់អាចបញ្ជាក់ថា មានវត្តមានបរិយាកាស ឬជីវិតនៅលើភព GJ 251 c នៅឡើយនោះ ទិន្នន័យបឋមនានា (ដូចជាការស្ថិតក្នុងតំបន់ Habitable Zone) របស់ភពនេះ គឺសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការស្រាវជ្រាវបន្តទៅថ្ងៃអនាគត…»។ ការស្ថិតក្នុង Habitable Zone មានន័យថា ភពនោះទទួលរងកម្តៅសមរម្យពីផ្កាយវា និងអាចមានទឹកលើផ្ទៃភព ព្រមទាំងបរិយាកាសក្រាស់ស្រោបជុំវិញ ហើយទាំងអស់នេះជាកត្តាដែលអាចជំរុញដល់ការកកើតជីវិត ដូចនៅលើភពផែនដី។

ទោះជាបែបនេះក្តី យើងក៏មិនទាន់អាចរំពឹងខ្ពស់ពេកដែរ ព្រោះភព GJ 251 c ស្ថិតនៅក្នុងជំពូកផែនដីយក្ស ឬ Super-Earth ដែលមានន័យថា វាធំជាងភពផែនដី និងតូចជាងភពណិបទូន (Neptune) ហើយចំពោះភពប្រភេទនេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចយល់ដឹងច្បាស់លាស់អំពីធាតុពិតរបស់វាដែរ ព្រោះនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង គ្មានភពប្រភេទ Super-Earth បែបនេះឡើយ។

តារានិករ Gemini និង Orion (Image Source: SPACE)

ក្រុមតារាវិទូបានប្រើប្រាស់ពេលដល់ទៅ ២០ឆ្នាំ ដើម្បីរកឃើញវត្តមានរបស់ GJ 251 c ជុំវិញផ្កាយមេរបស់វាគឺ GJ 251 ដែលជាប្រភេទតារាតូចក្រហម (red dwarf) ដែលសំបូរជាងគេនៅក្នុងកាឡាក់ស៊ី Milky Way យើង ខណៈម៉ាសរបស់ GJ 251 នោះវិញគឺស្មើតែ ៣៥% នៃម៉ាសព្រះអាទិត្យយើងប៉ុណ្ណោះ។ សម្រាប់វត្តមានរបស់ GJ 251 នៅលើផ្ទៃមេឃផែនដីវិញ គឺយើងអាចរកវាឃើញនៅត្រង់តារានិករ Gemini ក្បែរនឹងតារានិករ Orion ដែរ។

បើនិយាយពីលក្ខណៈសម្បត្តិវិញ ភព GJ 251 c មានម៉ាសស្មើនឹង ៤ដងនៃម៉ាសផែនដីយើង ហើយវាគោចរក្នុងគម្លាតជាង ៧០លានkm ពីផ្កាយមេរបស់វាដោយក្នុងមួយជុំប្រើពេល ៥៤ថ្ងៃនៃផែនដី ឬស្មើនឹង១ឆ្នាំលើភពនោះផ្ទាល់។ ដោយឡែកភពមុនគេដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្កាយ GJ 251 នោះគឺ GJ 251 b (កាលពីឆ្នាំ២០២០) ក៏ជា Super-Earth ដែរ ដោយវាមានម៉ាសស្មើនឹងម៉ាសផែនដីយើងគុណនឹង៤ដូច GJ 251 c ដែរ ហើយវាគោចរជុំវិញផ្កាយមេវាក្នុងគម្លាតជាមធ្យម ១២.២លានkm ដោយប្រើប្រាស់ពេលជាង ១៤ថ្ងៃនៃផែនដីទើបបានមួយជុំ ឬស្មើនឹង ១ឆ្នាំលើភពនោះផ្ទាល់។

រូបភាពតំណាងប្រព័ន្ធផ្កាយ GJ 251 និងភពទាំង២របស់វា (Image Credit:  University of California, Irvine.)

គួរបញ្ជាក់ថា តេឡេស្កូបដែលត្រូវបានគេប្រើប្រាស់ដើម្បីរកឃើញភព GJ 251 c នោះគឺ Hobby-Eberly Telescope (HET) មានមូលដ្ឋាននៅក្នុងមន្ទីរសង្កេតតារា McDonald Observatory នៃរដ្ឋ Texas សហរដ្ឋអាមេរិក ដោយរួមសហការជាមួយតេឡេស្កូប WIYN Telescope នៃមន្ទីរសង្កេតតារា Kitt Peak National Observatory ស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ប្រសិនបើយើងចង់ដឹងថាតើបរិយាកាសរបស់ GJ 251 c មានសភាពបែបណានោះ គឺមានតែរង់ចាំតេឡេស្កូបអវកាស James Webb បញ្ចេញសមត្ថភាពប៉ុណ្ណោះ… សង្ឃឹមថានឹងអាចកើតឡើងក្នុងពេលឆាប់ៗ…៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥)

Comments (0)
Add Comment