នៅតែមានការសង្ស័យថា 3I/ATLAS ជា UFO របស់ Alien និងចោទ NASA ថាស្ងាត់… (មានវីដេអូ)

(បរទេស)៖ នៅក្នុងបណ្តាញសង្គម Facebook ហាក់មិនសូវជាផុសផុលប៉ុន្មានទេ តែសម្រាប់នៅក្នុងបណ្តាញសង្គម X ដែលត្រូវបានផ្តល់សិទ្ធិយ៉ាងទូលំទូលាយក្នុងការបញ្ចេញមតិ និងបង្ហោះអ្វីដែលខ្លួនចង់បង្ហោះនោះ ប្រធានបទអំពីផ្កាយដុះកន្ទុយមកពីក្រៅប្រព័ន្ធព្រះអាទិត្យ (Interstellar Comet) ដែលមានឈ្មោះថា 3I/ATLAS នោះបាននិងកំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំងពាក់ព័ន្ធនឹងការសង្ស័យនានា… ហើយស្របពេលដែល NASA បានបិទទ្វារដោយសារតែរដ្ឋាភិបាលអត់ថវិកាទៀតនោះ ការទប់ទល់ចំពោះព័ត៌មានទាំងអស់នេះកាន់តែពិបាកទៅរួច។ តើការពិតនឹងទៅជាយ៉ាងណា? យានអវកាស NASA និង ESA កំពុងត្រៀមថត 3I/ATLAS នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ ហើយយើងនឹងឃើញវាយ៉ាងកៀកជាងការថតដោយតេឡេស្កូបពីផែនដីទៅ…។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

បើសម្លឹងមើលស្ថានភាពជាក់ស្តែងក្នុងខែតុលា ឆ្នាំ២០២៥នេះ មន្ទិលសង្ស័យថា 3I/ATLAS អាចជាយានអវកាសរបស់ alien ដែលបញ្ជូនមកសង្កេតផែនដីពីចម្ងាយនោះ ហាក់មានភាពក្តៅគគុកជាងកាលពីជំនាន់ដុំថ្មអវកាស Oumuamua បានមកដល់ កាលពីឆ្នាំ២០១៧ នោះឆ្ងាយណាស់…។ ពិតណាស់ Oumuamua ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រផ្លូវការ អះអាងជាចុងក្រោយដើម្បីបិទទំព័រនៃពាក្យចចាមអារ៉ាមបែបនេះថា «វាត្រឹមជាដុំថ្មអវកាសមកពីប្រព័ន្ធផ្កាយដទៃ ដែលមានរាងដូចបារីមួយដើមប៉ុណ្ណោះ»

ងាកមកកាន់ 3I/ATLAS ដែលជា Interstellar Comet ទី៣ដែលយើងបានសង្កេតដឹងថា បាននិងកំពុងគោចរចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើងបន្ទាប់ពីទី១៖ Oumuamua (ឆ្នាំ២០១៧) និងទី២៖ Borisov (ឆ្នាំ២០១៩) នោះ កំពុងរងការចោទប្រកាន់ថាវាជាយានអវកាស alien ពីសំណាក់គណនីបណ្តាញសង្គម និងផេក ដែលនិយាយបំផុសរឿង alien និង UFO មករកផែនដីនោះ… តែយ៉ាងណា ក៏មានអ្នកវិទ្យាសាស្ត្រផ្លូវការ និងល្បីឈ្មោះពីររូបដែរ បានចូលក្រុមរបស់ពួកគេនោះគឺទី១៖ លោក Avi Loeb មកពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ហើយនេះក៏មិនមែនលើកទី១ដែរសម្រាប់រូបលោក… និងទី២៖ គឺលោក Michio Kaku

  • ការអះអាងថា 3I/ATLAS មាន​ឱកាស ៤០% ជាយានអវកាសពួក alien

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក Avi Loeb បានអះអាងថា «៤០% គឺជាឱកាសដែល 3I/ATLAS ជា (យាន) បំពាក់បច្ចេកវិទ្យារបស់ពួកជីវិតភពផ្សេង (alien)»។ អ្នកនិយមផ្សព្វផ្សាយរឿង alien រូបនេះថែមទាំងបានអះអាងទៀតថា 3I/ATLAS អាចជាយានរបស់ alien ដែលបន្លំខ្លួនជាអាចម៍ផ្កាយខ្នាតធំ ដើម្បីកុំឲ្យមនុស្សលោកចាត់វិធានការ…។

មូលហេតុដែលលោក Avi Loeb ធ្វើការអះអាងបែបនេះព្រោះតែលោកផ្ទាល់ពិនិត្យឃើញថា 3I/ATLAS កំពុងចល័តដោយមិនរងឥទ្ធិពលពីទំនាញពីវត្ថុណាមួយឡើយ ព្រមទាំងការរុញច្រាននៃវត្ថុអវកាសនោះ ឲ្យគោចរចូលទៅកាន់គន្លងក្បែរភពព្រហស្បតិ៍ (Jupiter), ភពពុធ (Venus) និងភពអង្គារ (Mars) ថែមទៀត។ មូលហេតុទាំងអស់នេះហើយទើបអ្នកវិទ្យាសាស្ត្រ Harvard រូបនេះហ៊ានអះអាងថា 3I/ATLAS អាចជាយានអវកាសបញ្ជូនមកពីអរិយធម៌អេលៀនមកពីប្រព័ន្ធផ្កាយដទៃ ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើង ដើម្បីឈ្លបយកការណ៍ពីភពផែនដី…។

ងាកទៅកាន់អ្នកវិទ្យាសាស្ត្រល្បីឈ្មោះមួយរូបទៀតនៅសហរដ្ឋអាមេរិក គឺបណ្ឌិត Michio Kaku ក៏បានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានអាមេរិកកាលពីពេលថ្មីៗនេះផងដែរ ដោយលោកបានសង្កត់ធ្ងន់បែបនេះថា «ប្រសិនបើពេលហោះទៅកៀកព្រះអាទិត្យ ហើយ 3I/ATLAS មានការរុញច្រានដោយថាមពលបន្ថែម នោះវានឹងមានន័យថា មានជីវិតឆ្លាតវ័យជាអ្នកបញ្ជាចង្កូតរបស់វាមិនខាន… ដូច្នេះសូមរង់ចាំតាមដានរឿងនេះទាំងអស់គ្នា (នៅថ្ងៃទី២៩ តុលា ២០២៥)…»។

  • ជំហរឥតងាករេរបស់ NASA និង ESA ចំពោះ 3I/ATLAS

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ គឺត្រូវនឹងថ្ងៃដែល 3I/ATLAS គោចរទៅកៀកនឹងព្រះអាទិត្យបំផុត នៅក្នុងគម្លាតប្រមាណ ២០៣លានkm ពីព្រះអាទិត្យ និង ៣៩០លានkm ពីផែនដី។ 3I/ATLAS នឹងមកកៀកផែនដីបំផុតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគម្លាត ២៧០លានkm ដែលចម្ងាយកម្រិតនេះ កុំថាឡើយវាអាចមកគំរាមកំហែងភពផែនដី ដោយសូម្បីយើងចង់សង្កេតមើលវាដើម្បីយល់ដឹងពីភាពលម្អិតនោះក៏ពិបាកទៅរួចដែរ… ដូច្នេះវានឹងគ្មានការគំរាមកំហែងអ្វីដោយផ្ទាល់ ចំពោះភពយើងនោះឡើយ។

ពាក្យចរចាអារ៉ាម និងព័ត៌មានប្រឌិតជាច្រើនដែលកំពុងត្រូវបានផ្សព្វផ្សាយមានដូចជា ពេលនេះ 3I/ATLAS កំពុងតែងាករេទិសដៅមករកផែនដី និងប្រសិនបើវាគោចរទៅកៀកព្រះអាទិត្យ រួចងាករេចង្កូតដោយខ្លួនឯងទៀតនោះ វានឹងបង្ហាញថា 3I/ATLAS មានអ្នកបញ្ជាជាដើម…។ ចំពោះការអះអាងទាំងអស់នេះ ក្រុមអ្នកជំនាញមកពីអង្គការ NASA និង ESA សុទ្ធតែធ្លាប់បានគូសបញ្ជាក់រួចហើយថា វាគ្មានអ្វីចម្លែកចំពោះ 3I/ATLAS នោះទេ ព្រោះគេបានព្យាកររួចហើយថាវានឹងមកកៀកផែនដីនៅចុងឆ្នាំនេះ ហើយជាធម្មតាពេលវត្ថុអវកាស ឬផ្កាយដុះកន្ទុយនានា ដែលទៅកៀកនឹងព្រះអាទិត្យបំផុត នោះពួកវានឹងប្រើកម្លាំងទំនាញ (gravity) របស់ផ្កាយយើងនេះជាចំពាមរុញច្រានខ្លួន​ឯង ត្រឡប់ទៅកាន់កន្លែងដើមវិញទៅតាមធម្មជាតិ។

  • រង់ចាំយានអវកាស២របស់ NASA និង ESA ថតកៀក 3I/ATLAS សិន

ការថតពីផែនដីទៅរក 3I/ATLAS គឺជារឿងលំបាក ខណៈការគណនាអំពីទំហំរបស់វា នៅមិនទាន់ច្បាស់លាស់ផងនោះ។ Interstellar Comet មួយនេះត្រូវបាន NASA គណនាថា យ៉ាងហោចណាស់ក៏មានអង្កត់ផ្ចិតប្រវែងជាង ៥km ដែរ តែប្រភពផ្សេងពីនេះទៀតបានអះអាងថា ប្រវែងអង្កត់ផ្ចិតរបស់វា អាចរហូតដល់ ៤៦km ឯណោះ…។ ចម្លើយថា 3I/ATLAS ជាអ្វីឲ្យប្រាកដ និងទំហំធំដល់កម្រិតណានោះ គឺអាចនឹងច្បាស់លាស់ នៅពេលយានអវកាស Europa Clipper របស់អង្គការ NASA និង Hera របស់អង្គការ ESA ថតយកទិដ្ឋភាពផ្កាយដុះកន្ទុយនោះយ៉ាងកៀកនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥

ផ្កាយដុះកន្ទុយ 3I/ATLAS ថតបានកាលពីថ្ងៃទី២៧ កក្កដា ២០២៥ ដោយតេឡេស្កូបអវកាស Hubble (Credit: NASA/ESA)

គួរបញ្ជាក់ថា ​ឱកាសនៃយានអវកាស Hera ក្នុងការសង្កេតចំពោះ 3I/ATLAS នោះគឺចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងគម្លាតកៀកបំផុត ៨លានkm ពីគ្នា ខណៈយានអវកាស Europa Clipper វិញគឺចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងគម្លាត ៨.២លានkm ពីខ្លួន Interstellar Comet មួយនោះ។ សង្ឃឹមថាចម្លើយច្បាស់លាស់នឹងត្រូវបញ្ចេញនៅក្នុងពេលឆាប់ៗ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA / ESA / SPACE / The Economic Times (ថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥)

Comments (0)
Add Comment