គួរឲ្យស្តាយ… យើងគ្មានយានអវកាសនៅភពសុក្រ (Venus) ទៀតទេ ព្រោះជប៉ុនបិទបញ្ចប់ហើយ… (មានវីដេអូ)

(បរទេស)៖ បើនិយាយពីការស្រាវជ្រាវភពសុក្រ (Venus) ដែលជាប្អូនស្រីបង្កើតរបស់ភពផែនដីយើងនេះ បានបង្ហាញភាពផុសផុលបំផុតតែនៅអំលុងទស្សវត្សរ៍ ១៩៧០ និង ១៩៨០ ប៉ុណ្ណោះ ហើយក្រោយមកទៀតគឺមិនសូវមានបេសកកម្មណា ចង់ទៅកាន់ទីនោះទៀតឡើយ បើទោះបីជា Venus ស្ថិតនៅកៀកយើងជាងគេក៏ដោយ។ សម្រាប់មូលហេតុនៃការបោះបង់ចោលភពសុក្រ គឺមានបញ្ជាក់នៅខាងចុងអត្ថបទ (វីដេអូ) នេះ។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

សម្រាប់នៅចុងខែតុលា ឆ្នាំ២០២៥នេះដែរ ព័ត៌មានដ៏គួរឲ្យសោកស្តាយបំផុតមួយត្រូវបាន ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ប្រកាសចេញ ពាក់ព័ន្ធនឹងយានអវកាសរបស់ខ្លួន ដែលបានធ្វើការស្រាវជ្រាវភពសុក្រអស់ជិត១ទសវត្សរ៍នោះ។ JAXA បានប្រកាសថា យាន អាកាត់ស៊ូគិ (Akatsuki) បានបិទដំណើរការទាំងស្រុងហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ហើយការបិទបញ្ចប់នេះមិនមែនសម្រាប់តែជប៉ុនមួយទៀត គឺសម្រាប់ពិភពលោកទាំងមូល ព្រោះ Akatsuki គឺជាយានអវកាសសកម្មតែមួយគត់ដែលនៅបន្តសិក្សាស្រាវជ្រាវជុំវិញភពសុក្រ ឬជាបេសកកម្មតែមួយគត់ដែលផ្តោតសំខាន់លើ sister របស់ផែនដីនោះ។

ការប្រកាសអំពីទីអវសានរបស់ Akatsuki ខាងលើនេះ បានកើតមានឡើងក្នុងរយៈពេលជាង១ឆ្នាំ បន្ទាប់ JAXA បានជួបប្រទះភាពរអាករអួល រហូតដល់មិនអាចបញ្ជាយាននោះកើតទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ JAXA បានគូសបញ្ជាក់បែបនេះថា «បេសកកម្មនៃយាន Akatsuki បានផ្លាស់ប្តូរទស្សនៈរបស់មនុស្សលោកចំពោះភពសុក្រ… ហើយនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការសិក្សាបន្តទៅថ្ងៃអនាគត ដើម្បីយល់ដឹងថាតើកត្តាអ្វីខ្លះដែលអាចជម្រុញភពមួយ ឲ្យក្លាយជាឋានសួគ៌ ឬឋាននរកនោះ…»។ យោងតាម JAXA បេសកកម្ម Akatsuki បាននាំឲ្យជប៉ុនចងក្រងឯកសាររហូតដល់ ១៧៨ច្បាប់ ដែលជាប្រយោជន៍ដល់ការស្រាវជ្រាវបន្តទៅថ្ងៃអនាគត មិនថាតែសម្រាប់ជប៉ុនផ្ទាល់ទេ តែក៏សម្រាប់ដៃគូនានារបស់ជប៉ុនដែរ។

ផ្ទៃភពសុក្រ (Venus) ដ៏ក្តៅគគុក និងយានស៊េរី Venera របស់អតីតសហភាពសូវៀត ដែលបានចុះចតនៅទីនោះ (រូបភាពតំណាង) (Image Source: Scientific America)

Akatsuki ជាបេសកកម្មអវកាសតម្លៃ ៣០០លានដុល្លារអាមេរិករបស់ជប៉ុន ដែលត្រូវបានបញ្ជូនចេញពីផែនដីទៅកាន់ភពសុក្រ កាលពីឆ្នាំ២០១០ ប៉ុន្តែវាមិនបានជ្រៀតចូលគន្លងគោចរជុំវិញភពសុក្រតាមការគ្រោងទុកនៅឆ្នាំនោះឡើយ ដោយអំលុងពេលនៃការបញ្ឆេះម៉ាស៊ីនដើម្បីរុញច្រានខ្លួនឯងជ្រៀតចូលក្នុងគន្លងគោចរនោះ វាក៏ជួបបញ្ហាបច្ចេកទេសយ៉ាងទាន់ហន់…។ ប្រការនេះបាននាំឲ្យវាត្រូវងាករេទៅគោចរជុំវិញព្រះអាទិត្យសិន និងប្រើប្រាស់របៀបនៃការគោចរបែបនេះជាបណ្តោះអាសន្នរហូតដល់ទៅ ៥ឆ្នាំ មុននឹងក្រុមការងារបច្ចេកទេស JAXA លើផែនដី ចាប់ផ្តើមរុញច្រានវាជាលើកទី២ ចូលក្នុងគន្លងគោចរកៀកនឹង Venus បានសម្រេចនៅឆ្នាំ២០១៥ ក្នុងគម្លាតកៀកបំផុត ១០,០០០km និងឆ្ងាយបំផុត ៤៤០,០០០km

Akatsuki បានធ្វើការសិក្សាស្រាវជ្រាវជុំវិញភពសុក្រ អស់រយៈពេលជិត ១០ឆ្នាំ ដោយផ្តោតសំខាន់លើការសិក្សាឈ្វេងយល់ អំពីធាតុពិតនៃចរន្តបរិយាកាសរបស់ភពសុក្រ។ របកគំហើញគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលយាននេះរកឃើញមានដូចជា រលកទំនាញនៃបរិយាកាសដ៏ធំមហិមាហៅថា mountain waves of atmospheric gravity ដែលជាចរន្តរង្វិលដ៏លឿននៃបរិយាកាសជុំវិញភពសុក្រ ព្រមទាំងការគូសវាសផែនទីនៃចំណុចពិសេសៗគួរឲ្យកត់សម្គាល់ នៅក្នុងលក្ខណៈលម្អិតមិនធ្លាប់មាន ចំពោះស្ថានភាពបរិយាកាសភពស្ថិតនៅលេខរៀងទី២ ដែលគោចរក្នុងគម្លាតជាមធ្យម ១០៨លានkm ពីព្រះអាទិត្យនោះ។

គួរបញ្ជាក់តាមការសិក្សាកន្លងមកដែលបានមកពីអតីតសហភាពសូវៀតផង និងអង្គការ NASA ផងបានឲ្យដឹងថា ភពសុក្រពីមុនធ្លាប់មានវត្តមានទឹក និងក៏អាចមានបរិយាកាសស្រដៀងនឹងផែនដីផងដែរ តែកត្តាអំណោយផងទាំងអស់នេះបានរលាយរលត់ផុតទៅវិញ ក៏ព្រោះតែភពនេះមានដែនម៉ាញេទិចខ្សោយ ដែលពិបាកទប់ទល់នឹងឥទ្ធិពលអាក្រក់ដូចជា ខ្យល់ព្រះអាទិត្យ (solar wind) និងរលកធាតុវិទ្យុសកម្មពីព្រះអាទិត្យ (solar radiation) ដែលមកបំផ្លាញសមាសធាតុសំខាន់ៗក្នុងបរិយាកាស ជាពិសេសទឹកចេញពីភពនេះម្តងបន្តិចៗ។ មួយវិញទៀត ភ្នំភ្លើងសកម្មលើភពសុក្រមានច្រើនអនេក ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាប្រចាំ និងក្នុងចំនួនច្រើនលើសលប់ផងដែរ។

(Credit: JAXA)

យល់ដឹងការពិតទាំងនេះរួចហើយ ភពសុក្រ (Venus) ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនទទួលស្គាល់ថា មិនមែនជាទីឋានដែលស្វាគមន៍ អាណានិគមមនុស្សនៅថ្ងៃអនាគតដូចជាព្រះចន្ទ ឬភពអង្គារ (Mars) នោះឡើយ…។ ពិតណាស់មានគំនិតមួយចំនួនត្រូវបានរំលេចឡើង ដូចជាការសាងសង់ទីក្រុងអណ្តែតលើពពកភពសុក្រជាដើម តែនោះមិនមែនជារឿងងាយ ហើយក៏មិនមានប្រទេសណាមួយហ៊ានចំណាយធនធានដ៏សន្ធឹកសន្ធាប់បែបនោះដែរ ផ្ទុយស្រឡះពីព្រះចន្ទផែនដី និងភពអង្គារ (Mars) ដែលកំពុងមើលឃើញគំរោងជាក់ស្តែងមួយចំនួនរួចទៅហើយ នៃការដាក់អាណានិគមរបស់មនុស្សក្នុងថ្ងៃអនាគត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / JAXA (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥)

Comments (0)
Add Comment