(បរទេស)៖ ព្រះអាទិត្យបានជះចេញនូវអណ្តាតភ្លើង (Solar Flare) ក្នុងកម្រិតខ្ពស់អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា តាំងតែពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ខណៈនៅថ្ងៃទី១១ ខែវិច្ឆិកា គឺជាកម្រិតកំពូលបំផុតក្នុងឆ្នាំ២០២៥ ដោយការជះ Solar Flare នោះមានកម្រិតដល់ទៅ X5.1 ឯណោះ។ ពិតណាស់ ផែនដីមានខែលម៉ាញេទិច និងបរិយាកាសក្រាស់ ដើម្បីទប់ទល់ឥទ្ធិពលពី Solar Flare និងកំសួលភាគល្អិតជះចេញពីព្រឹត្តិការណ៍ CME ដ៏អាក្រក់នោះ តែផ្កាយដុះកន្ទុយ (Comet) វិញមិនដូចគ្នាទេ។
ផ្កាយដុះកន្ទុយមួយមានឈ្មោះថា C/2025 K1 ដែលត្រូវបានរកឃើញដោយតេឡេស្កូប ATLAS របស់អង្គការ NASA តាំងពីតែពីអំលុងខែឧសភា ឆ្នាំ២០២៥នោះ ត្រូវបានក្រុមតារាវិទូសង្កេតចាប់តាំងពីពេលនោះមក រហូតដល់វាគោចរទៅរកចំណុចកៀកព្រះអាទិត្យបំផុត ៥០លានkm កាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០២៥។ ប៉ុន្តែវាមិនអាចរក្សារូបរាងបានល្អដូច 3I/ATLAS ដែលមានទំហំធំ និងមកពីក្រៅប្រព័ន្ធព្រះអាទិត្យនោះទេ…។
យោងតាមក្រុមការងារនៃតេឡេស្កូប VTP (The Virtual Telescope Project 2.0) ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីនោះ បានបង្ហាញចេញនូវរូបភាពពិសេសៗមួយចំនួន ដែលពួកគេថតបានចំពោះ C/2025 K1 (ATLAS) នោះ។ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញផ្កាយដុះកន្ទុយដែលកំពុងមានចម្ងាយខ្ទង់ ៧៨.៨លានkm ពីផែនដី (គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ) បានបែកចេញជា ៣បំណែកទៅហើយ និងនៅតែបន្តរំសាយកន្ទុយដដែល ខណៈកំពុងបន្តគោចរមករកចំណុចកៀកនឹងផែនដីបំផុតនោះ។
មូលហេតុនៃការបែកខ្លួនជា ៣ ធំៗរបស់ផ្កាយដុះកន្ទុយ C/2025 K1 (ATLAS) នោះ ក៏ព្រោះតែឥទ្ធិពលនៃការផ្ទុះជះ Solar Flare ផង និងជារឿងធម្មតាផងដែរ សម្រាប់ផ្កាយដុះកន្ទុយដែលគោចរទៅកៀកព្រះអាទិត្យបែបនោះ ដែលត្រូវរងកម្តៅដ៏ខ្លាំងក្លា ដែលធ្វើឲ្យខ្លួនវាមិនអាចទ្រាំទ្របាន រហូតដល់ផ្ទុះបែកជាបំណែកៗ។ តែយ៉ាងណា ការថតបានដោយតេឡេស្កូប ឲ្យយើងឃើញទិដ្ឋភាពនេះនឹងភ្នែក គឺជារឿងអស្ចារ្យ និងកម្រមួយ។
គួរបញ្ជាក់ថា C/2025 K1 (ATLAS) គឺជាផ្កាយដុះកន្ទុយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះប៉ុណ្ណោះ ដោយវានឹងមកកៀកភពផែនដីនៅបំផុតក្នុងគម្លាត ៦០លានkm នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ មនុស្សគ្រប់គ្នាលើផែនដី នឹងមិនអាចមើលឃើញផ្កាយដុះកន្ទុយ C/2025 K1 (ATLAS) ដោយភ្នែកទទេឡើយ ហើយបើទោះជាមានតេឡេស្កូបខ្នាតតូចក៏ពិបាកនឹងរាវរកវាលើមេឃដែរ ព្រោះវាមានទំហំតូច និងពន្លឺខ្សោយណាស់… ដូច្នេះយើងមិនបាច់ខ្វាយខ្វល់ពីវាក៏បាន។
ងាកទៅកាន់ព្រះអាទិត្យវិញ មូលហេតុនៃភាពពុះកញ្ជ្រោលរបស់ផ្កាយយើងនេះ គឺដោយសារតែព្រះអាទិត្យកំពុងស្ថិតនៅក្នុងដំណាក់កាលកញ្ជ្រោលកម្រិតអតិបរមាណ (Solar Maximum) នៅចំកណ្តាលវដ្តទី២៥ (Sun Cycle 25) របស់ខ្លួនដែលមួយវដ្តនេះមានរយៈពេល ១១ឆ្នាំម្តង គិតចាប់តាំងពីការរាប់វដ្តដំបូងនៅឆ្នាំ១៧៥៥ មក។ សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបាន NASA ព្យាករណ៍រួចហើយថា ជាដំណាក់កាលដែលព្រះអាទិត្យពុះកញ្ជ្រោលដល់កម្រិតកំពូល មុននឹងថមថយចុះឥទ្ធិពលវិញបន្តិចម្តងៗ រហូតដល់ដំណាក់កាលស្ងប់ (Solar Minimum) រួចទើបឈានចូល Sun Cycle 26 ដែលអាចកើតឡើងនៅដើមឆ្នាំ២០២៩ ឬរហូតដល់ឆ្នាំ២០៣២៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / VTP / NOAA (ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥)