ហេតុអ្វី NASA តែងថត «បឹងទន្លេសាប» ជាប្រចាំមកជាង៣០ឆ្នាំនេះ? (យល់ដឹង) (មានវីដេអូ)

(បរទេស)៖ ការមើលពីស្ថានីយអវកាសអន្តរជាតិ ដែលមានកម្ពស់ប្រមាណ ៤០០km ពីផ្ទៃដីនោះ អាចពិបាកឲ្យយើងកំណត់ព្រំដែន ឬទីតាំងប្រទេសនីមួយៗណាស់ ព្រោះលើផ្ទៃផែនដីជាក់ស្តែងមិនមានគំនូសព្រំដែន និងដាក់ឈ្មោះប្រទេស ឬតំបន់សំខាន់ៗនោះឡើយ។ ប៉ុន្តែសម្រាប់រូបរាងនៃទីតាំងធម្មជាតិដែលលេចធ្លោ និងល្បីដូចជា ជួរភ្នំ បឹង ទន្លេ និងសមុទ្រជាដើម អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រងាយចំណាំបានថា ទីតាំងនោះស្ថិតនៅប្រទេសណា។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ជាក់ស្តែងរចនាសម្ព័ន្ធបឹងទន្លេសាប (Tonlé Sap Lake ឬ The Great Lake of Cambodia) មានទំហំធំធេង និងរូបរាងទាក់ទាញ ដែលគ្រប់គ្រាន់ឲ្យផ្កាយរណបនានាជាពិសេសទីភ្នាក់ងារអវកាសអាមេរិក (NASA) និងអឺរ៉ុប (ESA) ព្រមទាំងក្រុមអ្នកវិទ្យាសាស្ត្រនៅស្ថានីយអវកាសអន្តរជាតិ (ISS) មើលឃើញយ៉ាងច្បាស់ នឹងកំណត់បានថានោះជាបឹងទឹកសាបធំជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីតាំងស្ថិតនៅក្នុងដែនដីនៃប្រទេសកម្ពុជា។

នៅអំលុងរដូវវស្សានៅប្រទេសកម្ពុជា បឹងទន្លេសាបតែងកើនទំហំជាមធ្យម ១០,៤០០គីឡូម៉ែត្រក្រលា ដែលធំជាងផ្ទៃដីខេត្តសៀមរាបបន្តិច និងមានជម្រៅទឹកជ្រៅបំផុតដល់ទៅ ៩ម៉ែត្រ ខណៈនារដូវប្រាំងវិញ បឹងទន្លេសាបថយទំហំមកនៅត្រឹម ២,៦០០គីឡូម៉ែត្រក្រលា ប៉ុណ្ណោះ តែនៅតែធំជាងផ្ទៃដីប្រទេសសិង្ហបុរីដល់ទៅជាង ៣ដង។ បើជាទំហំមាត់បឹង (មិនមែនបរិមាណទឹក) ក្នុងរដូវវស្សាវិញ បឹងទន្លេសាបជាប់លេខ២ក្នុងនាមជាបឹងទឹកសាបធំជាងគេលើផែនដី។

១៖ NASA ថតរូបបឹងទន្លេសាបជាប្រចាំអស់ជាង ៣០ឆ្នាំ

  • រូបថតឆ្នាំ១៩៩៤៖ យោងតាមវែបសាយផ្លូវការរបស់អង្គការ NASA រូបភាពដំបូងនៃបឹងទន្លេសាបរបស់កម្ពុជា ជាលក្ខណៈច្បាស់កម្រិតខ្ពស់តែម្តងនោះ បានកើតតាំងតែពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៤ ដែលអំលុងខែនោះត្រូវជាចុងរដូវប្រាំងនៅកម្ពុជា ហើយប្រការនេះក៏មានន័យថា ទំហំផ្ទៃបឹងទន្លេសាបរួញដល់កម្រិតទាបបំផុតជាប្រចាំឆ្នាំផងដែរ ឬស្មើនឹងទំហំ ១៦០km x 35km។ រូបភាពមួយសន្លឹកនេះដែរ គឺត្រូវបានថតក្នុងទម្រង់ visiblenatural color ដែលភ្នែកមនុស្សធម្មតាអាចមើលឃើញ។
ទិដ្ឋភាពពិតនៃបឹងទន្លេសាបរបស់ខ្មែរ ថតដោយផ្កាយរណបអង្គការ NASA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៤ (Image Credit: NASA / Johnson Space Center)
  • រូបថតឆ្នាំ២០០២ និង២០០៣៖ ជារូបបង្ហាញពីរដូវវស្សានៅប្រទេសកម្ពុជា ដែលជារដូវទឹកឡើងដល់កម្រិតអតិបរមា។ រូបមួយសន្លឹកនេះត្រូវបានថតកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០២ ហើយវាមានពណ៌បៃតងខ្លាំងបែបនេះ គឺដោយសារតែការប្រើប្រាស់កាមេរ៉ា The Moderate Resolution Imaging Spectroradiometer (MODIS) ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ញែកដាច់រវាងពណ៌រុក្ខជាតិ និងពណ៌ទឹក ព្រោះបើថតក្នុងទម្រង់ visible យើងមិនអាចសង្កេតដឹងទេ។
(Image Source: NASA)

ធៀបនឹងរូបដែលត្រូវបានថតកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ដែលជាអំលុងរដូវប្រាំងនោះ យើងឃើញបរិមាណទឹកនៃផ្ទៃបឹងទន្លេសាប (ពណ៌ខៀវចាស់) មានការថមថយច្រើនមែនទែន។

  • រូបថតឆ្នាំ២០២៤៖ ជារូបដែលផ្កាយរណប NASA បានថតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយពេលដែលមានសេចក្តីរាយការណ៍អំពី ប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់។ រូបមួយសន្លឹកក្នុងទម្រង់ស្រដៀងកាលពីឆ្នាំ២០០២ ដែរនោះ គឺជាការបង្ហាញអំពីឥទ្ធិពលនៃទឹកជំនន់ បង្កឡើងដោយការពេញហៀរបឹងទន្លេសាបជាប្រចាំឆ្នាំ ដែលឆ្នាំខ្លះខ្លាំង និងឆ្នាំខ្លះខ្សោយ។
ទិដ្ឋភាពជំនន់បឹងទន្លេសាប និងទន្លេផ្សេងទៀតរបស់ខ្មែរ ថតដោយផ្កាយរណបអង្គការ NASA នៅថ្ងៃទី២៩ កញ្ញា ២០២៤ (Image Credit: NASA / Johnson Space Center)

២៖ អង្គការ ESA ក៏ថតរូបបឹងទន្លេសាបរបស់ខ្មែរយើងដែរ

រូបភាពបានមកពីផ្កាយរណប ESA មួយសន្លឹកនេះ ត្រូវបានថតកាលពីអំលុងឆ្នាំ២០២២ ដោយបង្ហាញពណ៌ផ្ទុយពីពណ៌ធម្មជាតិ រុក្ខជាតិទៅជាក្រហម និងទឹកចេញជាពណ៌ខៀវ ខុសពីទម្រង់ដើមដែលរុក្ខជាតិមានពណ៌បៃតងចាស់ និងទឹកមានពណ៌ដូចដីខ្សាច់។ ការថតរូបភាពក្នុងទម្រង់ពណ៌បែបនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រចង់ឈ្វេងយល់ អំពីសមាសធាតុសំខាន់ៗ ដែលមាននៅលើដីព្រមទាំងនៅក្នុងទឹកផងដែរ ដោយការថតក្នុងទម្រង់ធម្មតា (visible) គឺមិនអាចឲ្យយើងឃើញពួកវាឡើយ។

(Image Credit: ESA / Copernius Sentinel-2)

ESA បានពណ៌នាទៀតថា បឹងទន្លេសាបមានតំបន់ព្រៃលិចទឹកធម្មជាតិ ព្រមទាំងជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាជម្រុកនៃជីវៈចំរុះ និងប្រព័ន្ធអភិវឌ្ឍអេកូឡូស៊ីដ៏ធំធេងមួយនៅលើពិភពលោកផងដែរ។ បន្ថែមពីនេះ បឹងទន្លេសាប ត្រូវបានចាត់បញ្ចូលទីក្នុងបញ្ជីនៃ តំបន់អភិរក្សជីវមណ្ឌលជាបណ្តាញ ដោយ UNESCO ដែលតម្រូវឲ្យអន្តរជាតិចូលរួមជួយអភិរក្សឲ្យបានដិតដល់។

៣៖ ហេតុអ្វី NASA ថតរូបបឹងទន្លេសាបរបស់ខ្មែរជាប្រចាំ?

មិនថាតែបឹងទន្លេសាបនោះទេ ដោយតំបន់គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតលើលោក ក៏អង្គការអវកាសសហរដ្ឋអាមេរិកមួយនេះ តែងតែតាមដានបម្រែបម្រួលជាប្រចាំដែរ។ មូលហេតុដែល NASA ធ្វើការសិក្សាចំពោះបឹងទន្លេសាបជាប្រចាំនោះ ក៏ព្រោះតែអង្គការនេះ ចង់ឈ្វេងយល់អំពីការប្រែប្រួលបរិស្ថាននៃបឹងនេះ និងផលប៉ះពាល់ទៅលើបឹងនេះដោយសារកត្តាមនុស្ស។

ទិដ្ឋភាពពិតនៃបឹងទន្លេសាបរបស់ខ្មែរ ថតដោយផ្កាយរណបអង្គការ NASA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៤ (Image Credit: NASA / Johnson Space Center)

NASA ក៏សិក្សាស្វែងយល់ពីផលប៉ះពាល់របស់ការប្រែប្រួលអាកាសធាតុសកល ទៅលើប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប និងមនុស្សរាប់លាននាក់ ដែលកំពុងរស់នៅអាស្រ័យផលពីបឹងនេះថែមទៀត។ បើតាមអង្គការ NASA ការកសាងទំនប់វារីអគ្គិសនី, ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កការផលប៉ះពាល់ដល់ចរន្តឡើងចុះនៃកម្រិតបឹងនេះ៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA Earth Observatory (ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥)

Comments (0)
Add Comment