ទីបំផុត NASA បង្ហាញរូបភាព 3I/ATLAS គ្រប់ទីតាំង! រឿងនេះសន្មតថាចប់ជាស្ថាពរ… (មានវីដេអូ)

(បរទេស)៖ ក្រោយពីការស្ងប់ស្ងាត់អស់ជិត ២ខែ ព្រោះតែការបិទទ្វាររដ្ឋាភិបាលសហព័ន្ធអាមេរិក ដ៏យូរបំផុតជាប្រវត្តិសាស្ត្រនោះ នៅទីបំផុតអង្គការ NASA ក៏វិលមកបំពេញកិច្ចការងារជាប្រក្រតីឡើងវិញ ហើយរឿងដំបូងដែលទីភ្នាក់ងារអវកាសនេះទើបបានធ្វើរួចក្តៅៗ គឺការបើកសន្និសីទនៅម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ដើម្បីបង្ហាញរូបភាព 3I/ATLAS ជាច្រើនដែលខ្លួនបានថត បន្ទាប់ពីមានការចោទប្រកាន់យ៉ាងភ្លូកទឹកភ្លូកដីថា NASA បានព្យាយាមលាក់រូបភាពទាំងនោះ (ក្រុមអ្នកចោទសង្ស័យថា 3I/ATLAS គឺជាយានអវកាស alien មកពីប្រព័ន្ធផ្កាយដទៃ)។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

នៅក្នុងដំណើរមកដល់របស់ 3I/ATLAS ទីភ្នាក់ងារអវកាស និងស្ថាប័នពាក់ព័ន្ធចំនួន១៥លើលោក បានចោលកាណុងទៅរក Interstellar Comet មួយនេះ ហើយសម្រាប់តែអង្គការ NASA មួយប៉ុណ្ណោះ បេសកកម្មអវកាសរបស់ខ្លួនចំនួន បានសង្កេត 3I/ATLAS ទាំងនៅភពអង្គារ និងពីតំបន់មួយចំនួនទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ខណៈតេឡេស្កូបលើផែនដី ATLAS គឺជាអ្នកដែលបានរកឃើញវត្ថុអវកាសមកពីប្រព័ន្ធផ្កាយដទៃនោះ។ ខាងក្រោមនេះជារូបភាពសំខាន់ៗ ថតដោយបេសកកម្ម NASA នានា ហើយប្រិយមិត្តអាចកាត់សេចក្តីដោយខ្លួនឯងបាន៖

១​៖ នេះជារូបបានមកពីកាមេរ៉ា Mastcam-Z របស់យាន Perseverance នៅភពអង្គារ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅពេលដែល 3I/ATLAS គោចរមកដល់ចំណុចកៀកភពអង្គារបំផុតប្រមាណ ២៩.៩លានkm។ យាន Perseverance ស្ថិតនៅក្នុងក្រហូង Jezero នៃភពអង្គារ។

(Image Source: NASA)

២៖ នេះជារូបបានមកពីកាមេរ៉ាគុណភាពខ្ពស់ HiRISE នៃផ្កាយរណប MRO (Mars Reconnaissance Orbiter) គោចរជុំវិញភពអង្គារ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានលេខសម្គាល់បញ្ជាក់ថា គិតទាំងទំហំនៃពន្លឺ (ឧស្ម័ន) ព័ទ្ធជុំវិញ 3I/ATLAS នោះមានអង្កត់ផ្ចិតដល់ទៅខ្ទង់ ១,៥០០km ឯណោះ។

(Image Source: NASA)

៣៖ នេះជារូបភាពបណ្តាក់គ្នាបានមកពី បេសកកម្មយានអវកាស Psyche ដែលកំពុងហោះសម្តៅទៅរកអាចម៍ផ្កាយ Psyche។ រូបទាំងនេះត្រូវបានថតនៅចន្លោះថ្ងៃទី ៨-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងចម្ងាយ ៥៣លានkm ពី 3I/ATLAS

(Image Source: NASA)

៤៖ នេះជារូបភាពបានមកពី បេសកកម្មយានអវកាស Lucy ដែលត្រូវបានថតក្នុងទម្រង់ស-ខ្មៅកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងចម្ងាយ ៣៨៥លានkm ពី 3I/ATLAS

(Image Source: NASA)

៥៖ នេះជារូបភាពបានមកពីបេសកកម្មផ្កាយរណប MAVEN ដែលគោចរជុំវិញភពអង្គារ។ រូបនេះត្រូវបានដោយកាមេរ៉ាចាប់ពន្លឺស្វាយអ៊ុលត្រា ដើម្បីយល់ដឹងពីសមាសធាតុផ្សំ និងប្រភេទឧស្ម័ននៅជុំវិញ 3I/ATLAS កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

(Image Source: NASA)

៦៖ នេះជារូបភាពបានមកពីបេសកកម្មតេឡេស្កូបអវកាស SOHO របស់ NASA និង ESA កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥។

(Image Source: NASA)

៧៖ នេះជាវីដេអូ timelapse បានមកពីបេសកកម្មតេឡេស្កូបអវកាស PUNCH របស់ NASA ថតពីថ្ងៃទី២៨ កញ្ញា – ១០ តុលា ឆ្នាំ២០២៥ ខណៈដែល 3I/ATLAS កំពុងស្ថិតនៅចម្ងាយចាប់ពី ២៣១ – ២៣៥លានkm ពីភពផែនដី។

(Image Source: NASA)

ដោយឡែកសម្រាប់បេសកកម្ម Hubble និង James Webb ក៏បានថត 3I/ATLAS ដែរ និងត្រូវបានបញ្ជាក់ក្នុងអត្ថបទវីដេអូមុនៗរួចហើយ។

នៅមុនសន្និសីទខាងលើនេះមួយសប្តាហ៍ អង្គការ NASA បានធ្វើការ Update បន្ថែមចំពោះទិន្នន័យនៃ 3I/ATLAS ដោយក្នុងនោះ គេបានយកទិន្នន័យចម្បងដែលតេឡេស្កូបអវកាស Hubble ផ្តិតបានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នោះមកធ្វើការកបង្ហាញ។ ទិន្នន័យបានបញ្ជាក់ថា 3I/ATLAS អាចមានអង្កត់ផ្ចិតចន្លោះពី ៤៤០ម៉ែត្រ ទៅ ៥.៦km ប៉ុណ្ណោះ មិនមែន ១០km ទៅ ៤០km ដូចនៅក្នុងទិន្នន័យបែបសង្ស័យមួយចំនួននោះឡើយ…។

ទិន្នន័យបានបន្តទៀតថា នៅពេលដែល 3I/ATLAS ត្រូវបានរកឃើញដំបូងដោយ តេឡេស្កូប ATLAS កាលពីដើមខែកក្កដា ឆ្នាំ២០២៥នោះ វាបានចល័តក្នុងល្បឿន ២២១,០០០km/១ម៉ោង ប៉ុន្តែនៅពេលគោចរកៀកព្រះអាទិត្យបំផុត កាលពីថ្ងៃទី២៩ និង ៣០ ខែតុលា ឆ្នាំ២០២៥នោះ ល្បឿនរបស់វាបានកើនដល់ ២៤៦,០០០km/១ម៉ោង។ ការបង្កើនល្បឿនេះបែបនេះ គឺដោយសារតែកម្លាំង Gravity (ទំនាញ) របស់ព្រះអាទិត្យជាអ្នករុញច្រាន ហើយនេះជារឿងធម្មតាប៉ុណ្ណោះសម្រាប់ផ្កាយដុះកន្ទុយនានា ដែលគោចរទៅកៀកនឹងព្រះអាទិត្យ ហើយនៅពេល 3I/ATLAS ចេញទៅវិញ វានឹងមានល្បឿនដូចកាលវាទើបចូលមកនោះឯង…។

គួរបញ្ជាក់ថា មូលហេតុដែលក្រុមតារាវិទូសន្មតថា 3I/ATLAS ជាផ្កាយដុះកន្ទុយ មកពីប្រព័ន្ធផ្កាយដទៃនោះ គឺយោងទៅលើការគណនាល្បឿនដែលវាគោចរចូលមកក្នុងប្រព័ន្ធព្រះអាទិត្យ ដែលខុសពីផ្កាយដុះកន្ទុយក្នុងប្រព័ន្ធ និងគន្លងគោចររបស់វា ដែលបញ្ជាក់យ៉ាងច្បាស់ថា វាមិនមែនមកពីក្នុងប្រព័ន្ធរបស់យើងដាច់ខាត។ មួយវិញទៀត ការគណនាដឹងថា 3I/ATLAS មានអាយុដល់ទៅ ៧ពាន់លានឆ្នាំ គឺយោងទៅលើការគណនាសមាសធាតុ កាបូនឌីអុកស៊ីត (Carbon Dioxide) និង នីកែល (Nickel) នៅជាប់ខ្លួនវា ដែលបញ្ជាក់ថាវាបានកកើតឡើងជាយូរយាណាស់មកហើយ និងចាស់ជាងប្រព័ន្ធផ្កាយយើងទៅទៀត ហើយវាមានប្រភពមកពីតំបន់ផ្សេងនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ ដោយមិនមែនជាផ្កាយស្ថិតក្នុងប្លុកជាមួយប្រព័ន្ធព្រះអាទិត្យយើងឡើយ…៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / NASA (ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥)

Comments (0)
Add Comment