(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរដល់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍មិនទាន់បានចប់នៅឡើយទេ» នៅទីតាំងសួនច្បាវត្តបទុមវតី រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះបានធ្វេីឡេីងក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែកនិងកាមរោគ, លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) រួមទាំងមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សិស្សនិស្សិត និងអ្នកស្វែងរកការគាំទ្រ បណ្តាញក្មេងស្រី អ្នកស្ម័គ្រចិត្ត ប្រមាណ ៣០០នាក់។
ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះនឹងគូសបញ្ជាក់ពីបញ្ហាប្រឈមជាច្រើនដែលកំពុងបន្ត និងពង្រឹងសារៈសំខាន់ ដែលជាការងារចម្បងនៃការខិតខំប្រឹងប្រែងក្នុងការឆ្លើយតប មេរោគអេដស៍/ជំងឺអេដស៍ ក្នុងការងារ សុខភាពសាធារណៈជាតិ និងសកលលោក។
ទោះបីជាមានវឌ្ឍនភាពជាច្រើនទសវត្សរ៍ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ក៏ដោយ ក៏មនុស្សប្រហែល ៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍នេះ ដោយជាងពាក់កណ្តាល ដែលជាអ្នករងផលប៉ះពាល់ជាស្ត្រី និងក្មេងស្រី ។
នាឱកាសនោះលោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ថា យើងមិនអាចបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ដោយមិនបានបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មី ដោយគ្មានស្រោមអនាម័យនោះទេ, ស្រោមអនាម័យមានប្រសិទ្ធភាព ហើយវាមានតម្លៃសមរម្យ ប៉ុន្តែជារឿយៗវាត្រូវបានគេមើលរំលង។ យើងស្វែងរកការគាំទ្រ សម្រាប់ការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ឬដោយតម្លៃសមរម្យ និងការប្រើប្រាស់ត្រឹមត្រូវ ពីព្រោះបើគ្មានស្រោមអនាម័យទេ មនុស្សមិនអាចការពារសុខភាពរបស់ពួកគេបានទេ ហើយយើងនឹងមិនអាចប្រយុទ្ធនឹងមេរោគអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោកបានទេ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបន្ថែមថា ការប្រកួតប្រជែងទីផ្សាផ្នែកឱសថនៅតែបន្តរារាំងវឌ្ឍនភាពសម្រាប់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ទូទាំងពិភពលោក។ សូម្បីតែមានការបង្ការដ៏ទំនើបដូចជាថ្នាំចាក់ដែលមានប្រសិទ្ធភាពយូរក៏ដោយ តែវាមានតម្លៃខ្ពស់និង ប្រទេសមួយចំនួនដែលកំពុងត្រូវការមិនអាចទទួលបាន។ វឌ្ឍនភាពពិតប្រាកដទាមទារឱ្យក្រុមហ៊ុនឱសថគិតគូរពីសុខភាព មនុស្សមុនប្រាក់ចំណេញ។
សូមបញ្ជាក់ថា ទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ជាវេទិកាដ៏សំខាន់សម្រាប់អ្នករស់នៅជាមួយមេរោគស្វែងរកការគាំទ្រ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើឡើងជាការចងចាំអ្នកដែលបាត់បង់ជិវិតដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាចិត្តប្រើប្រាស់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នេះយើងត្រូវបានរំលឹកថា៖ ការប្រយុទ្ធនឹងមេរោគអេដស៍មិនទាន់បញ្ចប់ទេ៕
(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)